សេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ឆ្នាំ២០២៣៖ បំពេញតាមតម្រូវការជាក់ស្តែង

Chia sẻ

(VOVWORLD) - ក្នុងសម័យប្រជុំលើកទី ៦ នៃរដ្ឋសភានីតិកាលទី ១៥ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ សេច ក្តីព្រាងច្បាប់ភូមិបាលត្រូវបានធ្វើវិសោធនកម្ម រួមជាមួយនឹងសេចក្តីព្រាងច្បាប់ចំនួន ៨ ផ្សេងទៀត កំពុងត្រូវបានរដ្ឋសភាពិចារណាដើម្បីអនុម័តដោយមានចំណុចថ្មីៗ ជាច្រើន។ ការធ្វើវិសោធនកម្មច្បាប់បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាម ក្នុងការផ្លាស់ប្តូរថ្មី គោលនយោបាយដីធ្លីដើម្បីបំពេញតាមតម្រូវការជាក់ស្តែង។

សេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ឆ្នាំ២០២៣៖ បំពេញតាមតម្រូវការជាក់ស្តែង - ảnh 1នៅសម័យប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី១៥ កំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ សេចក្តីព្រាងច្បាប់ វិសោធនកម្មដីធ្លីរួមនឹងសេចក្តីព្រាងច្បាប់ចំនួន ៨ ផ្សេងទៀតកំពុងត្រូវបានរដ្ឋសភាពិចារណាដើម្បីអនុម័តដោយមានចំណុចថ្មីៗជាច្រើន  (រូបថត៖ Quochoi.vn)

បន្ទាប់ពីអនុវត្តន៍បានអស់រយៈពេល ១០ឆ្នាំមក ច្បាប់ភូមិបាលឆ្នាំ ២០១៣ បាននាំមកនូវផលវិជ្ជមានក្នុងការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី។ ប៉ុន្តែ នៅចំពោះមុខការអភិវឌ្ឍដ៏លេចធ្លោនៃសេដ្ឋកិច្ចសមាហរណកម្ម និងបដិវត្តន៍ឧស្សាហកម្ម ៤.០  សេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) បង្កើតបទប្បញ្ញត្តិកាន់តែជាក់ស្តែង និងតម្លាភាព ដោយមានចំណុចថ្មីៗ ដូចជា៖ បទប្បញ្ញត្តិស្តីពីសងសំណង ការឧបត្ថម្ភ ការតាំងទីលំនៅថ្មី ការប្រមូលដីក្នុងគោលបំណងការពារជាតិ សន្តិសុខ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីផលប្រយោជន៍ជាតិ និងសាធារណៈ; យន្តការកំណត់តម្លៃដីតាមគោលការណ៍ទីផ្សារ; យន្តការ និងគោលនយោបាយហិរញ្ញវត្ថុលើដីធ្លី; យន្តការ និងគោលនយោបាយស្តីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម; យន្តការគ្រប់គ្រងដីលំនៅឋាន និងដីផលិតកម្មរបស់ជនជាតិភាគតិច ជាដើម។

បង្កើតការស្រុះចិត្តក្នុងសង្គម

មុននឹងដាក់ជូនរដ្ឋសភាដើម្បីអនុម័ត ក្នុងសម័យប្រជុំលើកនេះ  សេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ត្រូវបានលើកយកមកពិភាក្សានៅរដ្ឋសភា និងបានពិគ្រោះយោបល់ពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ជាពិសេស សេចក្តីព្រាងច្បាប់នេះជាការអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការប្រតិបត្តិមជ្ឈិមលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម ស្តីពី “បន្តការផ្លាស់ប្តូរថ្មី សុក្រិតយន្តការនិងគោលនយោបាយ លើកកំពស់ប្រសិទ្ធភាពការងារគ្រប់គ្រង និងការប្រើប្រាស់ដីធ្លី បង្កើតកម្លាំងចលករដើម្បីនាំវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់”។

ចំណុចថ្មីមួយទៀត គឺសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) បានចែងយ៉ាងច្បាស់អំពីគោលនយោបាយធានាដីធ្លីសម្រាប់ជីវភាពសហគមន៍របស់ជនជាតិភាគតិច និងគោលនយោបាយប្រគល់ដីធ្លី ជួលដីលំនៅឋាន និងដីផលិតសម្រាប់ជនជាតិភាគតិច ដោយហាមដាច់ខាតអំពើផ្លាស់ប្តូរគោលដៅប្រើប្រាស់ដីធ្លី។ អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Le Minh Ngan បានអះអាងថា៖ “សេចក្តីព្រាងច្បាប់ហាមឃាត់សកម្មភាពរបស់អង្គការ និងភ្នាក់ងាររដ្ឋមានសមត្ថកិច្ចក្នុងការប្រគល់ដីធ្លី  ការជួលដីលំនៅដ្ឋាន និងការផ្លាស់ប្តូរគោលដៅប្រើប្រាស់ដីសម្រាប់មូលនិធិដីធ្លីដែលត្រូវបានកំណត់ថា ជាមូលនិធិដីធ្លី បម្រើគោលនយោបាយជនជាតិភាគតិច ប៉ុន្តែត្រូវបានចែកចាយមិនត្រឹមត្រូវតាមមុខសញ្ញា។ ទី ២ ហាមដាច់ខាតចំពោះម្ចាស់ដីដែលរដ្ឋអនុវត្តគោលនយោបាយដីធ្លីសម្រាប់ជនជាតិភាគតិច ហើយត្រូវបានប្រគល់ដីសម្រាប់ជួយដល់លើកទី ២ រួចហើយ ប៉ុន្តែនៅបន្តការផ្ទេរដី។ ទីបី ហាមឃាត់មុខសញ្ញាដែលមិនមែនជាជនជាតិភាគតិច ឬមិនមែនជាអ្នកទទួលការផ្ទេរដីនៃមូលនិធិដីនេះ ហើយទទួលយកការផ្ទេរ”។

ការធ្វើវិសោធនកម្មច្បាប់ភូមិបាល ដោយមានការចូលរួមពីប្រព័ន្ធនយោបាយ និងប្រជាជនទាំងមូល បានបង្កើតការស្រុះចិត្តគំនិតក្នុងសង្គម លើវិស័យមួយ ដែលមានឥទ្ធិពលយ៉ាងជ្រាលជ្រៅលើគ្រប់ទិដ្ឋភាពនៃសេដ្ឋកិច្ច សង្គម ដែលពាក់ព័ន្ធដោយផ្ទាល់ដល់ប្រជាជន។ មតិយោបល់ជាង ១២ពាន់លើក ចូលរួមក្នុងសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) បង្ហាញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវយ៉ាងជ្រាលជ្រៅ។ តាមនោះ ខ្លឹមសារជាច្រើនចែងក្នុងគម្រោងច្បាប់ត្រូវបានស្រូបយក និងកែសម្រួលដើម្បីបំពេញតាមតម្រូវការជាក់ស្តែង។

ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការផ្លាស់ប្តូរថ្មីលើគោលនយោបាយដីធ្លី

សេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ឆ្នាំ២០២៣៖ បំពេញតាមតម្រូវការជាក់ស្តែង - ảnh 2សាស្ត្រាចារ្យរង បណ្ឌិត Hoang Van Cuong នាយករងនៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ Quochoi.vn)

ចំណុចលេចធ្លោមួយទៀតនៃសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ដែលបានអនុម័តក្នុងសម័យប្រជុំរដ្ឋសភាលើកនេះ គឺការវាយតម្លៃឡើងវិញនូវក្របខ័ណ្ឌតម្លៃដីដោយច្បាមជាប់ទីផ្សារ។ គោលនយោបាយនេះត្រូវបានចែងជាក់ស្តែងក្នុងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀត ណាមក្នុងការបង្កើតគោលនយោបាយដីធ្លី ដោយហេតុនេះជួយលុបបំបាត់ការលំបាក និងឧបសគ្គដែលមានស្រាប់ជាច្រើនដូចជា៖ បណ្តឹងដែលអូសបន្លាយ ទាក់ ទងនឹងដីធ្លី។ សាស្ត្រាចារ្យរង បណ្ឌិត Hoang Van Cuong សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិបានវាយតម្លៃថា៖ “ចំណុចលេចធ្លោបំផុតនៃសេចក្តីសម្រេចចិត្តលេខ ១៨ ត្រូវបានដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ដែលជាការលុបបំបាត់យន្តការគ្រប់គ្រងសេដ្ឋកិច្ចដោយវិធានការរដ្ឋបាល ជាក់ស្តែងគឺការអនុវត្តក្របខ័ណ្ឌតម្លៃដី និងបទប្បញ្ញត្តិដែលតម្លៃដីត្រូវតែនៅច្បាមជាប់តម្លៃទីផ្សារ”។

សេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ក៏បានចែងបន្ថែមអំពីសិទ្ធិអំណាច គោលបំណង វិសាលភាពនៃការប្រមូលដី លក្ខខណ្ឌជាក់ស្តែង និងលក្ខណៈវិនិច្ឆ័យសម្រាប់រដ្ឋក្នុងការប្រមូលដីមកសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីផលប្រយោជន៍ជាតិ និងសាធារណៈ។ ទន្ទឹមនឹងនោះ សេចក្តីព្រាងច្បាប់នេះបានសុក្រិតយន្តការ និងគោលនយោបាយហិរញ្ញវត្ថុលើដីធ្លី មានគោលនយោបាយអនុគ្រោះពន្ធ ថ្លៃប្រើប្រាស់ដីធ្លី និងការជួលដីសមស្របទៅនឹងវិស័យ និងតំបន់ដែលមានការលើកទឹកចិត្តវិនិយោគ។ តាមនោះ ជំរុញកំណែទម្រង់រដ្ឋបាល និងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យគ្រប់គ្រង និងប្រើប្រាស់ដីធ្លី; ធានាបាននូវការគ្រប់គ្រង ប្រតិបត្តិការ ការតភ្ជាប់ និងការចែករំលែកព័ត៌មានពីមជ្ឈិមដល់មូលដ្ឋាន។

យ៉ាងណាមិញ ដីធ្លីគឺជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ទាក់ទងដោយផ្ទាល់ទៅនឹងរាល់សកម្មភាពសេដ្ឋកិច្ច សង្គមរបស់ប្រទេស និងតម្រូវការរបស់ប្រជាជន។ ដូច្នេះ គោលនយោបាយដែលបានចេញជាធរមាន ត្រូវតែស្របតាមលក្ខខណ្ឌជាក់ស្តែង ដោយច្បាមជាប់តាមតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ធ្វើបានដូច្នេះ គោលនយោបាយនោះពិតជាឈានចូលជីវភាពប្រចាំថ្ងៃ។ សេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ដែលបានអនុម័ត នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរំដោះប្រភពធនធានពីដីធ្លី ធានាបាននូវភាពសុខដុមរមនាក្នុង ផលប្រយោជន៍របស់រដ្ឋ ប្រជាជន និងអ្នកវិនិយោគ៕

ប្រតិកម្មទៅវិញ