សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអង់គ្លេស-EU នៅតែជួបការលំបាកជាច្រើន

Chia sẻ
(VOVWORLD) - វង់ចរចាលើកទី២ស្ដីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអង់គ្លេសនិង EU ក្រោយពី Brexit ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨មីនានៅទីក្រុងឡុងដ៍ ត្រូវ បានលុបចោលដោយសារការព្រួយបារម្ភពាក់ព័ន្ធដល់ជំងឺ Covid-19។ ភាគីទាំង ពីរកំពុងស្វែងរករបៀបផ្សេងៗដើម្បីបន្តកិច្ចចរចាជំនួសឲ្យការជួបប្រជុំគ្នាដោយផ្ទាល់។ ប៉ុន្តែ ប្រសិនបើក្រលែកមើលឡើងវិញនូវវង់ចរចាដំបូងកាលពីថ្ងៃទី២មីនាកន្លង ទៅ បណ្ដាអ្នកជំនាញចាត់ទុកថា ដំណើរការចរចានេះនៅតែជួបការលំបាក ឧបសគ្គជាច្រើន។
សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអង់គ្លេស-EU នៅតែជួបការលំបាកជាច្រើន - ảnh 1ប្រធានគណៈប្រតិភូទទួលបន្ទុកកិច្ចចរចារបស់ EU លោក Michel Barnier (រូបថត៖ AFP/TTXVN) 

  គោលដៅរបស់ទាំងអង់គ្លេសនិង EU ក្នុងកិច្ចចរចានេះ គឺត្រូវតែសម្រេចឲ្យបានកិច្ចព្រមព្រៀងមួយស្ដីពីទំនាក់ទំនងនាអនាគតមុនពេលបញ្ចប់អន្តរកាលនាថ្ងៃទី៣១ធ្នូឆ្នាំ២០២០ខាងមុខ ពីនោះជួយសម្រួលដល់ការអនុវត្តខ្លឹមសារក្នុងកិច្ចព្រមព្រៀងនេះចាប់ពីឆ្នាំ២០២១តទៅ។ សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងនាពេលថ្មីៗនេះរវាង EU និងអង់គ្លេសឆ្ពោះទៅរកគោលដៅប្រកួតប្រជែងប្រកបដោយសមភាពខាងពាណិជ្ជកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតអំពីគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខអន្តរជាតិផងដែរ។ មុននោះ EU បានផ្ញើរសេចក្ដីព្រាង “ពោរពេញទៅដោយមហិច្ឆតា” ជាមួយអង់គ្លេស ទៅកាន់សភាអឺរ៉ុប (EP) ក៏ដូចជាប្រទេសជាសមាជិកនានា។

ការខ្វែងគំនិតពិបាកដោះស្រាយ

នៅវង់ចរចាដំបូងនៅបែលហ្ស៊ិក ភាគីទាំងពីរបានលើកយកមកពិភាក្សាអំពីការខ្វែងគំនិតជាច្រើននៅក្នុងសេចក្ដីព្រាងពោលខាងលើ។ក្រោយពីវង់ចរចានេះ ប្រធានគណៈប្រតិភូទទួលបន្ទុកកិច្ចចរចារបស់ EU លោក Michel Barnier បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននៅតែមានចំណុចខុសប្លែកធំចំនួន៤រវាង EU និងអង់គ្លេស។ ទីមួយគឺ អង់គ្លេសមិនចង់ដាក់ចេញបណ្ដាគោលការណ៍រួមដែលមានលក្ខណៈចាប់បង្ខំខាងគតិយុត្តលើវិស័យការប្រកួតប្រជែងនិងអាជីវកម្ម។ ទីពីរគឺ អង់គ្លេសបដិសេធទទួលយកការអនុវត្តអនុសញ្ញាអឺរ៉ុបស្ដីពីសិទ្ធិមនុស្ស ព្រមទាំងមិនទទួលយកសេចក្ដីសម្រេចរបស់តុលាកាយុត្តិធម៌អឺរ៉ុបនៅលើដែនដីរបស់ប្រទេសខ្លួន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើលទ្ធភាពសហប្រតិបតិ្តការរវាងប៉ូលីស EU និងអង់គ្លេស។ ទីបីគឺ អង់គ្លេសចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនជាមួយ EU ស្ដីពីវិស័យសហប្រតិបត្តិការផ្សេងៗគ្នា ខណៈដែល EU ចង់មានកិច្ចព្រមព្រៀងចម្រុះតែមួយ។ ចំណុចខុសប្លែកចុងក្រោយគឺស្ដីពីវិស័យនេសាទ ដែល EU ចង់ដាក់ចេញកូតាជាក់លាក់សម្រាប់តំបន់សមុទ្រនិងប្រភេទត្រីនីមួយៗ ខណៈដែលអង់គ្លេសស្នើឲ្យគោរពគោលការណ៍ជ្រៀតចូលក្នុងតំបន់សមុទ្ររបស់គ្នាប្រកបដោយសមភាព។

តាំងពីមុនមក អង់គ្លេសជានិច្ចកាលមានគោលបំណងចង់កសាងប្រព័ន្ធច្បាប់ដោយឡែករបស់ខ្លួន ក្រោយពី Brexitហើយមិនប្រតិបត្តិតាមគោលការណ៍នានាដែលត្រូវបានហៅថា “ទីលានលេងដោយសមភាព” របស់ EU នោះឡើយ។ ក្នុងពេលជាមួយគ្នានោះ EU កំពុងខិតខំប្រឹងប្រែងជំរុញកិច្ចព្រមព្រៀងមួយដែលអង់គ្លេសត្រូវទទួលយកការឃ្លាំមើលរបស់ EU ដើម្បីប្ដូរយកសិទ្ធិជ្រៀតចូលទីផ្សារអឺរ៉ុប។

មិនមានពេលវេលាច្រើនទៀតឡើយ

ចាប់ពីពេលវេលាចាកចេញជាផ្លូវការពី EU កាលពីថ្ងៃទី៣១មករាកន្លងទៅ ក្រោយរយៈពេល៤៧ឆ្នាំជាសមាជិកនៃសហភាពនេះ អង់គ្លេសបានបោះជំហានចូលក្នុងអន្តរកាលរហូតដល់ថ្ងៃទី៣១ធ្នូខាងមុខ។ ក្នុងរយៈពេលនេះ អង់គ្លេសនឹងបន្តអនុវត្តបទដ្ឋាននានារបស់ EU។

វង់ចរចាដំបូងនាពេលកន្លងទៅ ទោះបីជាត្រូវបានអ្នកចរចានៃភាគីទាំងពីរនិងអ្នកសង្កេតការណ៍ផ្សេងៗទៀតវាយតម្លៃថា ប្រព្រឹត្តទៅដោយឈរលើស្មារតីស្ថាបនានិងហ្មត់ចត់ក្ដី ប៉ុន្តែ ការសម្រេចកិច្ចព្រមព្រៀងមួយជា “ការលំបាក” យ៉ាងពិតប្រាកដ។ ជារៀងរាល់២ដល់៣សប្ដាហ៍ម្ដង ភាគីទាំងពីរគ្រោងនឹងដំណើរការវង់ចរចាដោយប្ដូរវេនរវាងទីក្រុងឡុងដ៍និងព្រុចសែលរហូតដល់ថ្ងៃទី៣០មិថុនាខាងមុខ ហើយក្នុងខែមិថុនានោះ ភាគីទាំងពីរនឹងរៀបចំកិច្ចប្រជុំកំពូល ដើម្បីសម្រេចថា តើតម្រូវឲ្យបន្តចរចាថែមទៀតដែរឬទេ។

តារាងពេលវេលាចរចាដ៏ប្រញាប់ប្រញាល់យ៉ាងដូច្នេះកំពុងជាសម្ពាធ ដោយសារអង់គ្លេសនិង EU ត្រូវតែដោះស្រាយការខ្វែងគំនិតជាច្រើនដើម្បីសម្រេចបានកិច្ចព្រមព្រៀងឲ្យបានទាន់ពេលវេលា។ អ្នកជំនាញខ្លះៗបានព្រមានថា នឹងមិនអាចសម្រេចបានកិច្ចព្រមព្រៀងមុនចុងឆ្នាំនេះទេ ប្រសិនបើភាគីទាំងពីរមិនធ្វើសម្បទាននោះ។ខែកក្កដាឆ្នាំ២០២០ជាកាលកំណត់ចុងក្រោយ ដើម្បីនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ធ្វើឡើងការសម្រេចចិត្តថា តើអង់គ្លេសចង់រក្សាសភាពដើមនៃទំនាក់ទំនងជាមួយ EU ដូចពេលបច្ចុប្បន្នរហូតដល់ចុងឆ្នាំ២០២១ដែរឬទេ។ ហេតុដូច្នេះ ការដែលមិនត្រូវបានជួបចរចាគ្នាដោយផ្ទាល់ក៏ជាឧបសគ្គដ៏ធំមួយ ហើយភាគីទាំងពីរមិនមានពេលវេលាជាច្រើនទៀតសម្រាប់ការសម្រេចចិត្តចុងក្រោយនោះដែរ៕

ប្រតិកម្មទៅវិញ