ទិដ្ឋភាពនៃកិច្ចចរចានៅតំបន់ព្រំដែនបេឡារុស្ស/អ៊ុយក្រែន (រូបថត៖ Tass) |
នាថ្ងៃទី ២៨ ខែកុម្ភៈ រុស្ស៊ីនិងអ៊ុយក្រែនបានដំណើរការកិច្ចពិភាក្សាដោយផ្ទាល់នៅប្រទេសបេឡារុស្ស ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម រួមទាំងបញ្ហាពាក់ព័ន្ធផ្សេងទៀត។ ប្រការនេះត្រូវបានចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងដ៏គួរឱ្យកត់សម្គាល់បំផុត ដើម្បីបើកចេញក្តីសង្ឃឹមក្នុងការបន្ធូបន្ថយកម្តៅនៃការប្រយុទ្ធគ្នាដែលអូសបន្លាយរយៈពេលមួយសប្តាហ៍នៅក្នុងអ៊ុយក្រែន ដោយបង្កើតលក្ខខណ្ឌសម្រាប់ភាគីនានាក្នុងការជម្រុញដំណោះស្រាយនយោបាយ។
កិច្ចសន្ទនាបេឡារុស្សបានធ្វើឡើងក្នុងបរិបទពិសេសមួយ
កិច្ចសន្ទនានៅទីក្រុង Gomel ដែលស្ថិតនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រពីព្រំដែនបេឡារុស្ស-អ៊ុយក្រែន គឺជាកិច្ចចរចាដោយផ្ទាល់លើកដំបូងរវាងរុស្ស៊ីនិងអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានផ្តើម “ប្រតិបត្តិការយោធាពិសេស” នៅអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈកន្លងទៅ។ កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅក្នុងបរិបទដែលរុស្ស៊ីកំពុងបង្កើនសកម្មភាពយោធារបស់ខ្លួននៅអ៊ុយក្រែន ក្នុងនោះមានការវាយលុកទីក្រុងយុទ្ធសាស្ត្រមួយចំនួន រួមទាំងរដ្ឋធានីគៀវផងដែរ។ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាត្រូវបានកត់ត្រានៅក្នុងតំបន់ផ្សេងៗ ជាមួយនឹងការកើនឡើងចំនួនអ្នកស្លាប់។ មួយថ្ងៃ មុនកិច្ចសន្ទនានេះត្រូវបានប្រព្រឹត្តទៅ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាឱ្យមានការត្រៀមខ្លួនប្រយុទ្ធកម្រិតខ្ពស់សម្រាប់កងកម្លាំងរបស់ប្រទេស រួមទាំងកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្រផងដែរ។
ជាការឆ្លើយតបទៅនឹងយុទ្ធនាការយោធារបស់រុស្ស៊ី បណ្តាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មម្តងហើយម្តងទៀត ដែលមិនធ្លាប់មានពីមុនមក លើទីក្រុងម៉ូស្គូ រួមទាំងការបង្កកទ្រព្យសម្បត្តិនៅបរទេសរបស់ប្រធានាធិបតី លោក Vladimir Putin ក៏ដូចជាបញ្ឈប់ការអនុម័តលើគម្រោងខ្សែ Nord Stream 2 បញ្ជូនឧស្ម័នដុតពីរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់និងអឺរ៉ុប ព្រមទាំងដកចេញធនាគាររុស្ស៊ីមួយចំនួនពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT (សម្ព័ន្ធទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក)។ សហភាពអឺរ៉ុប (EU) ក៏បានដាក់បម្រាមលើការហោះហើរទៅកាន់ប្រទេសរុស្ស៊ីផងដែរ ខណៈដែល អ៊ុយក្រែនបានដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ (ហូឡង់)។ ក្នុងពេលជាមួយគ្នានោះ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានបង្កើនកម្លាំងទាំងមនុស្សនិងឧបករណ៍ប្រយុទ្ធរបស់ខ្លួនជាបន្តបន្ទាប់ទៅកាន់ផ្នែកខាងកើតនៃអង្គការនេះ ហើយបានជម្រុញជំនួយជាអាវុធសម្រាប់កងកម្លាំងអ៊ុយក្រែន។ ជាពិសេស កាលពីថ្ងៃទី ២៧ ខែកុម្ភៈ សហភាពអឺរ៉ុបបានប្រកាសការសម្រេចចិត្តរបស់ខ្លួនដោយ ចំណាយប្រាក់ ៥០០ លានដុល្លារសម្រាប់ប្រទេសជាសមាជិកទិញនិងផ្ទេរប្រគល់អាវុធទៅកាន់អ៊ុយក្រែន។
ក្រុមចរចាអ៊ុយក្រែនមកដល់កន្លែងចរចាដោយឧទ្ធម្ភាគចក្រ (រូបថត៖ TASS) |
ជាមួយនឹងបរិបទដ៏តានតឹងនេះ កិច្ចចរចានៅប្រទេសបេឡារុស្សនាថ្ងៃទី ២៨ កុម្ភៈ ទោះបីមិនទាន់ទទួលបានលទ្ធផលជាក់ស្តែងណាមួយស្តីពីការបញ្ចប់សង្គ្រាមក៏ដោយ ក៏នៅតែចាត់ទុកថា ជាសញ្ញាវិជ្ជមាននៅពេលដែលភាគីទាំងពីរយល់ព្រមបន្តកិច្ចចរចានាពេលខាងមុខដើម្បីស្វែងរកដំណោះស្រាយ។ កិច្ចចរចាលើកទី ២ គ្រោងនឹងត្រូវប្រព្រឹត្តទៅនៅតំបន់ព្រំដែនបេឡារុស្ស-ប៉ូឡូញក្នុងពេលឆាប់ៗ។
សហគមន៍អន្តរជាតិមានបំណងចង់បញ្ចប់សង្គ្រាមនិងនាំមកស្ថិរភាពដល់អ៊ុយក្រែន
នៅថ្ងៃដដែល ដែលកិច្ចចរចារុស្ស៊ី-អ៊ុយក្រែនបានធ្វើឡើងនៅប្រទេសបេឡារុស មហាសន្និបាតអង្គការសហប្រជាជាតិបានបើកសម័យប្រជុំវិសាមញ្ញពិសេសស្តីពីវិបត្តិរុស្ស៊ី-អ៊ុយក្រែន។ ថ្លែងនៅក្នុងសម័យប្រជុំ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យភាគីទាំងអស់ បញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ ចាប់ផ្តើមដំណើរការកិច្ចចរចានិងធានាសុវត្ថិភាពរបស់ប្រជាជន។ ពីទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wāng Wénbīn បានជម្រុញឱ្យភាគីជម្លោះនៅអ៊ុយក្រែន បន្ថយភាពតានតឹងនិងអនុវត្តការអត់ធ្មត់។ អ្នកនាំពាក្យរូបនេះបាននិយាយថា ទីក្រុងប៉េកាំងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយស្ថានការណ៍និងដោះស្រាយវិបត្តិនយោបាយ។ មុននេះ នៅក្នុងសេចក្តីថ្លែងការពិសេសមួយកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ពីបុរីវ៉ាទីកង់ សម្តេចប៉ាប Francis ក៏បានអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នានិងការស្ដារសន្តិភាពឡើងវិញនៅអ៊ុយក្រែន។ សម្តេចប៉ាបបានអំពាវនាវឲ្យមនុស្សគ្រប់គ្នាជុំវិញពិភពលោកឱ្យបួងសួងសុំសុខសន្តិភាពនៅថ្ងៃទី២ មីនា។
យ៉ាងណាមិញ ការបញ្ឈប់សង្គ្រាមនិងការបង្កើតស្ថិរភាពសម្រាប់អ៊ុយក្រែនក៏ជាពាក្យស្លោកលេចធ្លោនៅក្នុងបាតុកម្មជាបន្តបន្ទាប់ ដែលបានកើតឡើងទាំងនៅសហរដ្ឋអាមេរិកនិងអឺរ៉ុបក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ អ្នកនយោបាយនិងអ្នកប្រាជ្ញជាច្រើនដែលបានចូលរួមដោយផ្ទាល់ និងគាំទ្របាតុកម្មដោយបានចែករំលែកអនុសាសន៍ទូទៅថា មានតែការសន្ទនានិងការចរចាផ្លូវការទូតនៅតែជាវិធីសាស្ត្រត្រឹមត្រូវនិងល្អបំផុត ដើម្បីបញ្ចប់ការប្រយុទ្ធគ្នានិងដោះស្រាយវិបត្តិរវាងប្រទេសទាំងពីររុស្ស៊ីនិងអ៊ុយក្រែនទៀតសោត៕