វៀត​ណាម​អះអាង​ពីជំហរពង្រឹងសាមគ្គីភាព ឯកភាព និងមជ្ឈភាពរបស់អាស៊ាន

Chia sẻ
(VOVWORLD) - តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ 
វៀត​ណាម​អះអាង​ពីជំហរពង្រឹងសាមគ្គីភាព ឯកភាព និងមជ្ឈភាពរបស់អាស៊ាន - ảnh 1សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍លោក Pham Minh Chinh នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ VOV

លោកនាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំតំបន់ពិភាក្សាអំពីដំណើរការកសាងសហគមន៍អាស៊ាន ទំនាក់ទំនងកិច្ចការបរទេស មជ្ឈភាពរបស់អាស៊ាន បណ្ដាបញ្ហាអន្តរជាតិ និងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ តាមនោះ បន្តអះអាងថា វៀតណាមគឺជាសមាជិកម្ចាស់ការ សកម្ម មានទំនួលខុសត្រូវជានិច្ចក្នុងការរក្សា និងពង្រឹងមជ្ឈភាព និងពង្រីកទំនួលខុសត្រូវរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍។

អាស៊ានកំណត់កម្លាំងចលករថ្មី ទិសដៅថ្មី និងដំណោះស្រាយថ្មី

នារយៈពេលកន្លងទៅ បណ្ដាប្រទេសជាសមាជិកអាស៊ានបានជំនះពុពារយ៉ាងរឹងមាំលើដំណាក់កាលដ៏លំបាក បង្ហាញពីកម្លាំងរស់ និងសមត្ថភាពខ្លួនទីពឹងខ្លួនយ៉ាងខ្លាំងក្លារបស់អាស៊ាន។ ការវិវឌ្ឍន៍ដ៏ស្មុគស្មាញនាពេលថ្មីៗនេះ ទាំងក្នុងស្ថានភាពសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់ និងពិភពលោក គឺជាបញ្ហាប្រឈមមួយ ប៉ុន្តែក៏ជាឱកាសសម្រាប់អាស៊ាន បន្តអះអាងពីមជ្ឈភាព ក៏ដូចជាលទ្ធភាពរួមចំណែកដ៏សំខាន់ក្នុងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហារួម។

តាមរយៈកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ អាស៊ានមិនត្រឹមតែបន្តជំរុញ និងពង្រឹងសហគមន៍យ៉ាងរឺងមាំ សាមគ្គីភាព តភ្ជាប់ផ្ទៃក្នុងប៉ុណ្ណោះទេ ថែមទាំងបានពិភាក្សា និងកំណត់កម្លាំងចលករថ្មី ទិសដៅថ្មី ដំណោះស្រាយថ្មី សម្រាប់តំបន់អាស៊ីអាគ្នេយ៍បន្តរក្សាភាពទាក់ទាញ ភាពសកម្ម និងជួរមុខក្នុងការជំរុញកំណើនប្រកបដោយចីរភាព បរិយាប័ន្ន និងភ្ជាប់ជាមួយដំណើរការផ្លាស់ប្ដូរឌីជីថល និងសេដ្ឋកិច្ចឌីជីថល ដែលកំពុងប្រព្រឹត្តិទៅយ៉ាងខ្លាំងក្លា។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Nguyen Minh Vu បានឲ្យដឹងថា៖ “ដោយប្រធានបទ "អាស៊ានរួមគ្នាធ្វើសកម្មភាពឆ្លើយតបនឹងបញ្ហាប្រឈម" បញ្ហាសំខាន់ៗជាច្រើននឹងត្រូវបានលើកយកមកពិភាក្សា ដូចជាកិច្ចសហប្រតិបត្តិការស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ  សម្របសម្រួលគ្នាស្វែងរកដំណោះស្រាយសម្រាប់ចំណុចក្តៅគគុកក្នុងតំបន់ រហូតដល់បញ្ហាតម្លើងទំនាក់ទំនងភាពជាដៃគូរវាងអាស៊ានជាមួយដៃគូជាប្រទេសមហាអំណាចដូចជា៖ ចិន សហរដ្ឋអាមេរិក និងឥណ្ឌា។ ជាមួយនឹងកិច្ចប្រជុំកំពូលនានារបស់អាស៊ាន និងរវាងអាស៊ាន ជាមួយដៃគូ រួមជាមួយសកម្មភាពទ្វេភាគីរាប់រយនោះ កិច្ចប្រជកំពូលអាស៊ាននឹងជាការរួមចំណែកដ៏សំខាន់របស់អាស៊ានសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងនៅលើពិភពលោកផងដែរ”។

វៀតណាមខិតខំប្រឹងប្រែងរួមវិភាគទានកសាងសហគមន៍អាស៊ាន

ក្រឡេកមើលទៅលើរយៈពេល ២៧ ឆ្នាំ នៃការចូលជាសមាជិកអាស៊ានចាប់ពីខែកក្កដា ឆ្នាំ ១៩៩៥ ដោយឆ្លងកាត់ការឡើងចុះ និងការវិវឌ្ឍរបស់ពិភពលោក និងតំបន់ វៀតណាមជានិច្ចកាលបង្ហាញយ៉ាងច្បាស់លាស់ទិសស្លោកសហប្រតិបត្តិការម្ចាស់ការ - ទំនួលខុសត្រូវ - ច្នៃប្រឌិត - សុខដុមរមនាក្នុងដំណើរការចូលរួមអាស៊ាន។ នេះក៏ជាអាថ៌កំបាំងជោគជ័យរបស់វៀតណាមក្នុងអាស៊ាន ហើយក៏ទទួលបានការគាំទ្រនិងគោរពរបស់ប្រទេសជាសមាជិកអាស៊ាន និងដៃគូ។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Minh Vu បានអះអាងថា៖ “ដោយឆ្លើយតបទៅនឹងការវិវឌ្ឍយ៉ាងឆាប់រហ័ស និងស៊ីជម្រៅនៃស្ថានភាព វៀតណាមបានចូលរួមសហប្រតិបត្តិការក្នុងអាស៊ានជាមួយការត្រិះរិះប្រកបដោយភាពច្នៃប្រឌិត និងការផ្លាស់ប្ដូរថ្មី ដោយបង្ហាញតាមរយៈគំនិតផ្ដួចផ្ដើមសហប្រតិបត្តិការថ្មីជាច្រើនរបស់វៀតណាម ដែលត្រូវបានអន្តរជាតិកត់សម្គាល់ និងវាយតម្លៃខ្ពស់។ ឧទាហរណ៍ថា ដំណោះស្រាយជាក់ស្តែង និងជាបន្ទាន់ ដើម្បីជួយសហគមន៍អាស៊ានជំនះពុះពារលើជំងឺរាតត្បាតរកូវីដ ១៩ ជាមួយស្មារតីសាមគ្គីភាព និងភាពស្អិតរមួត។ ជាមួយទស្សនៈតុល្យភាព និងសុខដុមរមនា វៀតណាមតែងតែដើរតួនាទីជា “ស្ពាន” ជួយបង្រួញការខ្វែងគំនិតគ្នា និងបង្កើនការស្រុះចិត្តគំនិតគ្នារវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជារវាងអាស៊ានជាមួយដៃគូខាងក្រៅផងដែរ។ យើងជានិច្ចកាលផ្ដោតសំខាន់លើទស្សនៈតុល្យភាព សត្យានុម័ត ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ និងដោះស្រាយការខ្វែងគំនិតគ្នា និងជម្លោះដោយស្របតាមច្បាប់អន្តរជាតិផងដែរ”។

វៀត​ណាម​អះអាង​ពីជំហរពង្រឹងសាមគ្គីភាព ឯកភាព និងមជ្ឈភាពរបស់អាស៊ាន - ảnh 2អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Nguyen Minh Vu

ដោយឈរលើមូលដ្ឋានទាំងនោះ ក្នុងកិច្ចប្រជុំលើកនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងថ្លែងសុន្ទរកថាដ៏សំខាន់ៗ ចែករំលែកទស្សនៈ គោលជំហរក៏ដូចជាសំណើររបស់វៀតណាម សំដៅពង្រឹងសាមគ្គីភាព ឯកភាព និងមជ្ឈភាពរបស់អាស៊ាន ព្រមទាំងជំរុញខ្លាំងការតភ្ជាប់តំបន់ ជំរុញកិច្ចសហប្រតិបត្តការលើវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា បង្កើនទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូនានា និងពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ជាមួយទស្សនៈតុល្យភាព និងសុខដុមរមនា។

ការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានបន្តអះអាងពីគោលនយោបាយរបស់វៀតណាមក្នុងអាស៊ាន មិនត្រឹមតែជាសមាជិកដែលមានការទទួលខុសត្រូវក្នុងការអនុវត្តរាល់ការសន្យារបស់ប្លុកយ៉ាងម៉ឺងម៉ាត់បុណ្ណោះទេ ថែមទាំងជាជាប្រទេសឈានមុខគេមួយជានិច្ចក្នុងការជំរុញរាល់ការខិតខំប្រឹងប្រែង និងដំណោះស្រាយ ដើម្បីអះអាងពីការទទួលខុសត្រូវ ក៏ដូចជាការរួមវិភាគទានរបស់អាស៊ានជាមួយបញ្ហារួមរបស់ពិភពលោក និងតំបន់ផងដែរ៕


ប្រតិកម្មទៅវិញ