វៀតណាម-ម៉ាឡេស៊ីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

Chia sẻ
(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinhនាថ្ងៃស្អែក (ទី ២០ កក្កដា) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងលោកជំទាវភរិយានឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមក្នុងរយៈពេល២ថ្ងៃ។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យដ៏ពិសេស ខណៈដែលឆ្នាំនេះគឺគម្រប់ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ម៉ាឡេស៊ី ( ៣០ មីនា ១៩៧៣ - ៣០ មីនា ២០២៣) ដែលជាឱកាសពង្រឹងទំនុកចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នាំទំនាក់ទំនងទ្វេភាគីប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។
វៀតណាម-ម៉ាឡេស៊ីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅប្រទេសឥណ្ឌូនេស៊ី។ រូបថត៖ VOV

ទំនាក់ទនងភាពជាដៃគូយុទ្ធសាស្ត្រអភិវឌ្ឍន៍យ៉ាងល្អប្រសើរ

ចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ១៩៧៣ មក ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ីបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ជាមួយនឹងសញ្ញាសម្គាល់ដ៏សំខាន់គឺ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រនាថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៥។

ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូ ជំនួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់កម្រិតថ្នាក់ជាប្រចាំតាមកាណាល់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជនក្នុងគ្រប់ទម្រង់ប្រកបដោយភាពបត់បែន ហើយជាពិសេសគឺដំណើរទស្សនកិច្ចនៅវៀតណាមនាខែមិនា ឆ្នាំ ២០២២ របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅពេលនោះ គឺលោក Dato Sri Ismail Sabri Yaakob ។

យន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានរក្សាជាមួយការដែលរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានដឹកនាំកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស វៀតណាម-ម៉ាឡេស៊ី តាមទម្រង់អនឡាញ នាខែវិច្ឆិកា ឆ្នាំ ២០២១; ឧបការីរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានធ្វើជាសហប្រធាននៃកិច្ចសន្ទនាយុទ្ធសាស្ត្រមន្ត្រីជាន់ខ្ពស់លើកទី ២ នាខែមេសា ឆ្នាំ ២០២១ តាមទម្រង់អនឡាញ។ វាយតំលៃអំពីទំនាក់ទំនងទ្វេភាគី ភារធារីវៀតណាមប្រចាំនៅម៉ាឡេស៊ី លោកស្រី Nguyen Thi Ngoc Anh បានឲ្យដឹងថា៖

“សញ្ញាសម្គាល់ដ៏សំខាន់ពិសេសមួយ គឺការដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៥។ ជាពិសេស នាបច្ចុប្បន្ន វៀតណាមជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ម៉ាឡេស៊ីក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របានសរឲ្យឃើញពីវឌ្ឍនភាពយ៉ាងស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាបង្ហាញទំនុកចិត្តនយោបាយខ្ពស់ ព្រមទាំងបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យផងដែរ”។

លើវិស័យសេដ្ឋកិច្ច និងសង្គម វៀតណាមជាដៃគូមួយ ក្នុងចំណោមដៃគូជិតស្និទ្ធបំផុតរបស់ម៉ាឡេស៊ី។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែកើនឡើងគឺជាសមិទ្ធិផលដ៏សំខាន់មួយ។ នាបច្ចុប្បន្ន ម៉ាឡេស៊ីគឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់វៀតណាមក្នុងអាស៊ាន ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១៤,៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ កើនប្រមាណ ១៨% បើធៀបនឹងឆ្នាំទៅមិញ។ ម៉ាឡេស៊ីស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលមានទុនវិនិយោគធំបំផុតនៅវៀតណាម ជាមួយនឹងគម្រោងដែលមានសុពលភាពជាង ៧០០ ជាមួយទុនចុះបញ្ជីសរុបចំនួន ១៣ ពាន់លានដុល្លារអាមេរិក។ វៀតណាមមានគម្រោងវិនិយោគចំនួន ២៤ នៅ ម៉ាឡេស៊ី ដោយមានទុនចុះបញ្ជីសរុបជិត ៨៦០ លានដុល្លារអាមេរិក ឈរនៅលំដាប់ទី ៩ ក្នុងចំណោមប្រទេស និងតំបន់ដែនដីទាំង ៨០ ដែលមានទុនវិនិយោគ។ លទ្ធផលទាំងនេះបានសរឲ្យឃើញថា ប្រទេសទាំងពីរបាន និងកំពុងមានផែនការដ៏ត្រឹមត្រូវលើវិស័យពាណិជ្ជកម្ម។

វៀតណាម-ម៉ាឡេស៊ីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ - ảnh 2រំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងម៉ាឡេស៊ី។ រូបថត៖ ក្រាហ្វិក VOV បាងកក

យថាទស្សន៍នៃកិច្ចសហប្រតិបត្តិការទ្វេភាគី

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ របស់លោកនាយករដ្ឋមន្ត្រី Anwar Ibrahim ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរយ៉ាងទូលំទូលាយលើវិស័យសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរ ដូចជា នយោបាយ សន្តិសុខ-ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការងារ ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជន ជាមួយប្រជាជន ព្រមទាំងស្វែងរកវិធានការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងទៀត ដូចជា៖ ឧស្សាហកម្មម្ហូបអាហារហាឡាល់ (អាហារសម្រាប់ប្រជាជនឥស្លាម) ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល កសិកម្មបច្ចេកវិទ្យាខ្ពស់។ តាមនោះ រួចំណែកបង្កើតកម្លាំងចលករថ្មីដល់ការអនុវត្ត កម្មវិធីសកម្មភាពអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ម៉ាឡេស៊ី ដំណាក់កាល ២០២១-២០២៥។

លើសពីនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរក៏បានចែករំលែក និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាក្នុងនោះមានបញ្ហាសមុទ្រខាងកើត និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ព្រមទាំងឯកភាពគ្នាលើទិសដៅធំៗ សំដៅបង្កើនការសម្របសម្រួលគ្នារវាងប្រទេសទាំងពីរនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន រួមចំណែកពង្រឹងសាមគ្គីភាពក្នុងតំបន់ និងលើកកម្ពស់មជ្ឈភាពរបស់អាស៊ាន។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងម៉ាឡេស៊ី នាខែមីនាឆ្នាំនេះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Zambry Abdul Kadir បានអះអាងថា ម៉ាឡេស៊ីពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរជាមួយវៀតណាម។ ម៉ាឡេស៊ីប្តេជ្ញាធ្វើអស់ពីសមត្ថភាពដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលើកនេះនឹងអនុវត្តន៍ជាក់ស្ដែងការប្តេជ្ញាចិត្តពោលខាងលើ ហើយនាំទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងម៉ាឡេស៊ីប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងផងដែរ៕

ប្រតិកម្មទៅវិញ