វៀតណាមផ្តល់អាទិភាពលើការជំរុញសិទ្ធិមនុស្សក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ

Chia sẻ

(VOVWORLD) -  ក្នុងសុន្ទរកថាដែលអញ្ជើញថ្លែងនៅសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ដែលកំពុងប្រព្រឹត្តទៅនៅចក្រភពអង់គ្លេស លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអះអាងថា វៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុផងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចផង។ ប្រការនេះគឺដើម្បីធានាបាននូវជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់ប្រជាជននៃប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុនិងដើម្បីចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវជាមួយសហគមន៍អន្តរជាតិក្នុងគោលដៅអភិវឌ្ឍន៍ដើម្បីសិទ្ធិមនុស្ស។

វៀតណាមផ្តល់អាទិភាពលើការជំរុញសិទ្ធិមនុស្សក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ - ảnh 1លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

ចាប់តាំងពីឆ្នាំ ២០០៥ បន្ទាប់ពីពិធីសារក្យូតូចូលជាធរមាន គោលនយោបាយនិងច្បាប់មួយចំនួនដែលទាក់ទងដោយផ្ទាល់ទៅនឹងការប្រែប្រួលអាកាសធាតុត្រូវបានវៀតណាមប្រកាសឱ្យប្រើប្រាស់ជាសាធារណៈ។ ច្បាប់ទាក់ទងនឹងការប្រែប្រួលអាកាសធាតុត្រូវបានកំណត់លើវិស័យផ្សេងៗជាច្រើន ដោយផ្ទាល់ឬដោយប្រយោល ដូចជាធនធានទឹក  ជីវចម្រុះ កសិកម្ម រុក្ខកម្ម សំណង់ ប្រព័ន្ធធារាសាស្រ្ត ការដឹកជញ្ជូន ថាមពល ឧស្សាហកម្ម សុខភាព និងបរិស្ថានជាដើម។ ក្នុងនោះច្បាប់ស្តីពីបរិស្ថានឆ្នាំ ២០១៤ បានចំណាយពេញមួយជំពូកសម្រាប់កំណត់អំពីការឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ រួមទាំងបទប្បញ្ញត្តិទូទៅស្តីពីការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងរួមបញ្ចូលខ្លឹមសារនៃការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុទៅក្នុងយុទ្ធសាស្ត្រ ផែនការមេនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ទន្ទឹមជាមួយគ្នានោះ មានការអភិវឌ្ឍនិងការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ការធានាសិទ្ធិមនុស្សក្នុងបរិបទបម្រែបម្រួលអាកាសធាតុនៅវៀតណាម ត្រូវបានទាក់ទងផ្ទាល់តាមទិសដៅទាំងពីរគឺ៖ កិច្ចខិតខំប្រឹងប្រែងកសាងប្រព័ន្ធគោលនយោបាយនិងច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ និងការរួមបញ្ចូលបញ្ហាបម្រែបម្រួលអាកាសធាតុទៅក្នុងគោលនយោបាយ ច្បាប់នៃវិស័យពាក់ព័ន្ធផ្ទាល់មួយចំនួន។ ខ្លឹមសារនៃការធានាសិទ្ធិមនុស្សក្នុងគោលនយោបាយនិងច្បាប់ស្តីពីបម្រែបម្រួលអាកាសធាតុនៅវៀតណាមត្រូវបានតាក់តែងឡើងដោយឈរលើមូលដ្ឋាននៃសន្ធិសញ្ញាអន្តរជាតិ ទាក់ទងនឹងការប្រែប្រួលអាកាសធាតុដែលវៀតណាមជាសមាជិក ដោយភ្ជាប់ទំនួលខុសត្រូវក្នុងការអនុវត្តរាល់តម្រូវការអំពីការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងសកម្មភាពផលិតកម្ម អាជីវកម្ម និងសេវាកម្មរបស់អង្គការ និងបុគ្គលជាមួយភ្នាក់ងាររដ្ឋមានសមត្ថកិច្ចក្នុងការអនុវត្តមុខងារគ្រប់គ្រងរដ្ឋ។ ការធានាសិទ្ធិមនុស្សក្នុងគោលនយោបាយនិងច្បាប់ស្តីពីបម្រែបម្រួលអាកាសធាតុត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធានានៃសិទ្ធិទទួលបានព័ត៌មានអំពីបរិស្ថាន ដែលជាសិទ្ធិជាមូលដ្ឋានមួយក្នុងចំណោមសិទ្ធិមនុស្សដែលជាកម្មសិទ្ធិរបស់ក្រុមសិទ្ធិស៊ីវិល-នយោបាយ។ នៅក្នុងលក្ខខណ្ឌបច្ចុប្បន្ន សិទ្ធិទទួលបានព័ត៌មានបរិស្ថានគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការបង្កើនទំនួលខុសត្រូវក្នុងការផ្តល់ព័ត៌មានរបស់អង្គការ និងបុគ្គល ដោយរួមចំណែកការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនក្នុងការអនុវត្តគោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការប្រែប្រួលអាកាសធាតុ។

ការធានាសិទ្ធិមនុស្សក្នុងគោលនយោបាយនិងច្បាប់ស្តីពីបម្រែបម្រួលអាកាសធាតុនៅវៀតណាមត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍផែនកិច្ចការពារបរិស្ថាន។ ផែនការការពារបរិស្ថាននៅវៀតណាមមានចក្ខុវិស័យរយៈពេលវែងនិងទូទៅអំពីកិច្ចពារបរិស្ថាន ដែលជាការផ្សារភ្ជាប់គ្នាយ៉ាងពិតប្រាកដរវាងកិច្ចការពារបរិស្ថាននិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយជាមូលដ្ឋានសម្រាប់កែសម្រួលឬកសាងផែនការអភិវឌ្ឍន៍ផ្សេងៗទៀត ជាពិសេសការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការធានាសិទ្ធិមនុស្សនៅក្នុងគោលនយោបាយនិងច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ផែនការមេនិងគម្រោងវិនិយោគ។ តាមនោះ រាល់ផែនការ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រាល់ផែនការអភិវឌ្ឍន៍នៃវិស័យនិងគម្រោងវិនិយោគត្រូវធ្វើការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ស្របតាមនីតិវិធីនិងបែបបទដែលបានកំណត់។

សិទ្ធិមនុស្សក៏ត្រូវបានវៀតណាមធានានៅក្នុងគោលនយោបាយនិងច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុដែលទាក់ទងនឹងការគ្រប់គ្រងការបំភាយឧស្ម័នផ្ទះកញ្ចក់ ការស្ដារឡើងវិញនូវថាមពលពីកាកសំណល់ ការផលិតនិងការប្រើប្រាស់ដែលមិនប៉ះពាល់ដល់បរិស្ថាន ក្នុងការអភិវឌ្ឍន៍និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ វៀតណាមផ្តល់អាទិភាពដល់សកម្មភាពស្រាវជ្រាវ ផ្ទេរបច្ចេកវិទ្យានិងអនុវត្តន៍សកម្មភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ វៀតណាមក៏ធានាសិទ្ធិមនុស្សក្នុងគោលនយោបាយ និងច្បាប់ស្តីពីបម្រែបម្រួលអាកាសធាតុដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្វើអាជីវកម្មធនធានធម្មជាតិប្រកបដោយនិរន្តរភាព ស្របតាមគោលដៅការពារបរិស្ថាន បង្កើតការអភិវឌ្ឍប្រកបដោយចីរភាព។

មិនត្រឹមតែធ្វើឲ្យប្រព័ន្ធគោលនយោបាយនិងច្បាប់មានលក្ខណៈល្អឥតខ្ចោះ និងបង្កើតសេណារីយ៉ូឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ វៀតណាមថែមទាំងបានសហការយ៉ាងសកម្មនិងចូលរួមរាល់យន្តការអន្តរជាតិស្តីពីការធានាសិទ្ធិមនុស្សក្នុងបម្រែបម្រួលអាកាសធាតុទៀតផង។ ចាប់តាំងពីឆ្នាំ ២០១៤ រហូតមកដល់ពេលនេះ វៀតណាមបានចូលរួមជាបន្តបន្ទាប់ក្នុងការតាក់តែងនិងដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនូវសេចក្តីសម្រេចចិត្តជាច្រើនស្តីពីការធានាសិទ្ធិរបស់ក្រុមដែលងាយរងគ្រោះដូចជាស្ត្រី កុមារ មនុស្សចាស់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ សម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិធ្វើការពិចារណានិងអនុម័តផងដែរ។ ហើយក៏ត្រូវលើកឡើងពីការប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំរបស់រដ្ឋាភិបាលវៀតណាមក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភជាសកលអំពីការប្រែប្រួលអាកាសធាតុ។ មិនត្រឹមតែនៅ COP 26 លើកនេះប៉ុណ្ណោះទេ ថែមទាំងក្នុងបណ្តាវេទិកាសហប្រតិបត្តិការអន្តរជាតិអំពីការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុឬរាល់ការជួបប្រាស្រ័យការទូត មកដល់ពេលនេះ ថ្នាក់ដឹកនាំវៀតណាមបាននិងកំពុងអះអាងពីការប្តេជ្ញាចិត្តក្នុងការប្រតិបត្តិរាល់កិច្ចសន្យាអន្តរជាតិ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការប្តេជ្ញាចិត្តអន្តរជាតិពាក់ព័ន្ធនានានិងមានបំណងចង់សហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងវិស័យការពារសិទ្ធិមនុស្សក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ