វៀតណាមបន្តជាសមាជិកប្រកបដោយមានការទទួលខុសត្រូវ និងសកម្មរបស់ APEC

Chia sẻ
(VOVWORLD) - ចាប់ពីថ្ងៃទី១៤ វិច្ឆិកា ដល់ថ្ងៃទី១៧ វិច្ឆិកា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញចូលរួមសប្តាហ៍កំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៣ និងចូលរួមសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក។ 
វៀតណាមបន្តជាសមាជិកប្រកបដោយមានការទទួលខុសត្រូវ និងសកម្មរបស់ APEC - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញចូលរួមសប្តាហ៍កំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៣ និងចូលរួមសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក (រូបថត៖ VNA)

ព្រឹត្តិការណ៍នេះបានគូសសញ្ញារយៈពេល ២៥ឆ្នាំ ដែលវៀតណាមចូលជាសមាជិក APEC ព្រមទាំងបន្តអះអាងថា វៀតណាមគឺជាសមាជិកសកម្ម និងប្រកបដោយមានការទទួលខុសត្រូវក្នុងសកម្មភាពសហប្រតិបត្តិការ APEC ហើយកំពុងបន្តមានគំនិតផ្ដួចផ្ដើម និងគម្រោងកិច្ចសហប្រតិបត្តិការជាច្រើន ដែលត្រូវបានសមាជិកនានាវាយតម្លៃខ្ពស់។

រយៈពេល ២៥ ឆ្នាំ ចូលរួម APEC ជាមួយសញ្ញាសម្គាល់លេចធ្លោជាច្រើន

ចាប់តាំងពីពេលចូលជាសមាជិក APEC នាឆ្នាំ ១៩៩៨ មក វៀតណាមជានិច្ចកាលរួមវិភាគទានការទទួលខុសត្រូវយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យសហប្រតិបត្តិការ ដោយបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏សំខាន់ៗជាច្រើនក្នុងដំណើរការអភិវឌ្ឍន៍របស់ APEC។

ជាក់ស្តែង វៀតណាមគឺជាប្រទេសមួយក្នុងចំណោមខឿនសេដ្ឋកិច្ចតិចតួចដែលត្រូវបានសមាជិកនានាផ្ដល់សេចក្ដីទុកចិត្តគាំទ្រធ្វើជាម្ចាស់ផ្ទះឆ្នាំ APEC ចំនួនពីរលើកគឺនាឆ្នាំ ២០០៦ និង ឆ្នាំ ២០១៧។ ក្រោមការដឹកនាំរបស់វៀតណាម កិច្ចប្រជុំកំពូល APEC នៅទីក្រុងហាណូយនាឆ្នាំ ២០០៦ និងកិច្ចប្រជុំកំពូល APEC នៅទីក្រុង Da Nang នាឆ្នាំ ២០១៧ សុទ្ធតែត្រូវបានវាយតម្លៃថាប្រកបដោយជោគជ័យសម្រេចបានលទ្ធផលសំខាន់ៗដែលមានអត្ថន័យជាយុទ្ធសាស្ត្រសម្រាប់វេទិកា APEC ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី Nguyen Minh Hang បានឲ្យដឹងថា៖

“ក្នុងឆ្នាំ APEC ២០០៦ វៀតណាមបានកត់សញ្ញាសម្គាល់ជាមួយកម្មវិធីសកម្មភាពទីក្រុងហាណូយ សំដៅអនុវត្តន៍គោលដៅ Bogor ស្តីពីសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគ។ ក្នុងឆ្នាំ ២០១៧ វៀតណាមបានលើកគំនិតផ្ដួចផ្ដើមកសាងចក្ខុវិស័យ APEC ក្រោយឆ្នាំ ២០២០ និងបង្កើតក្រុមចក្ខុវិស័យ APEC។ នេះគឺជាលទ្ធផលបង្ហាញពីវិធីអភិក្រមរយៈពេលវែងរបស់វៀតណាម ដោយត្រូវបានសមាជិកនានាគាំទ្រ និងវាយតម្លៃខ្ពស់ តាមនោះធ្វើជាមូលដ្ឋានគ្រឹះសម្រាប់APEC អនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីចក្ខុវិស័យ Putrajaya ដល់ឆ្នាំ ២០៤០ កំណត់ទិសដៅ និងគោលដៅយុទ្ធសាស្ត្រ និងអាទិភាពសហប្រតិបត្តិការរបស់APEC ក្នុងដំណាក់កាលថ្មី”។

ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ វៀតណាមគឺជាសមាជិកមួយដ៏សកម្មបំផុតក្នុងការលើកគំនិតផ្ដួចផ្ដើម និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ APEC ដោយមានគម្រោងជិត ១៥០  លើវិស័យជាច្រើនពីការអភិវឌ្ឍធនធានមនុស្ស ជំរុញពាណិជ្ជកម្មអេឡិចត្រូនិក សន្តិសុខស្បៀងអាហារ លើកកម្ពស់អំណាចសេដ្ឋកិច្ចដល់ស្ត្រី រហូតមកដល់កាអភិវឌ្ឍកសិកម្ម និងទីក្រុង សម្រាមមហាសមុទ្រ និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនោះ វៀតណាមក៏បានអះអាងពីតួនាទីសម្របសម្រួល ជំរុញការអនុវត្តន៍រាល់កម្មវិធីសហប្រតិបត្តិការរបស់ APEC តាមរយៈការទទួលតំណែងដ៏សំខាន់ៗក្នុងយន្តការនានានៃវេទិកា។

វៀតណាមបន្តជាសមាជិកប្រកបដោយមានការទទួលខុសត្រូវ និងសកម្មរបស់ APEC - ảnh 2អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី Nguyen Minh Hang (រូបថត៖ ក្រសួងការបរទេស)

រួមជាមួយ APEC ស្ដារឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព

សប្តាហ៍កំពូល APEC ឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិបទស្ថានភាពសេដ្ឋកិច្ចពិភពលោក និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ និងតំបន់មានការផ្លាស់ប្ដូរជាច្រើន។ហានិភ័យ និងបញ្ហាប្រឈមបានប្រទាក់ក្រឡាជាមួយនឹងឱកាសធំៗសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ បញ្ហាប្រឈមសន្តិសុខបែបប្រពៃណី និងក្រៅប្រពៃណីមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។ ដូច្នេះ នេះគឺជាពេលវេលាតម្រូវឱ្យសមាជិក APEC ចាំបាច់ត្រូវបង្កើនកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស ដើម្បីស្ដារឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាមួយនឹងអត្ថន័យដ៏សំខាន់ពិសេសនៃវេទិកាកំពូល APEC ឆ្នាំនេះ និងក្នុងបរិបទដែលទំនាក់ទំនងវៀតណាម - អាមេរិកបានបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានារយៈពេលកន្លងទៅ ខណៈពេលដែលប្រទេសទាំងពីរបានកំណត់ក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដំណើរទស្សនកិច្ចអញ្ជើញចូលរួមវេទិកាកំពូល APEC និងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិករបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong គឺមានអត្ថន័យដ៏សំខាន់។ អនុរដ្ឋមន្ត្រីការបរទេសលោកស្រី Nguyen Minh Hang បានសង្កត់ធ្ងន់ថា៖ “លោកប្រធានរដ្ឋនឹងរួមជាមួយថ្នាក់ដឹកនាំ APEC ពិភាក្សាអំពីបញ្ហាដែលមាន អត្ថន័យស្នូលចំពោះសេដ្ឋកិច្ចពិភពលោក  លើកទិសដៅកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងវិស័យផ្សេងៗជាច្រើនថែមទៀត។ វៀតណាមនឹងគាំទ្រនឹងរួមជាមួយប្រទេសជាសមាជិកជំរុញស្មារតីសន្ទនា ស្ថាបនា លើកកម្ពស់ពហុភាគីនិយម សហប្រតិបត្តិការ និងធ្វើសកម្មភាពរួមគ្នា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពក្នុងតំបន់ផងដែរ”។

ក្នុងក្របខ័ណ្ឌនៃដំណើរទៅចូលរួមកិច្ចប្រជុំកំពូល APEC ប្រធានរដ្ឋ លោក Vo Van Thuong នឹងចូលរួម ថ្លែងមតិ និងមានជំនួបធ្វើកានៅក្នុងសន្និសីទកំពូលធុរកិច្ចAPEC ជាព្រឹត្តិការណ៍ដែលមានទ្រង់ទ្រាយធំបំផុតនៃសហគមន៍ធុរកិច្ចក្នុងតំបន់ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំសម្ព័ម្ធក្រុមហ៊ុនជួរមុខជាង ២០០០ របស់ពិភពលោក និងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ចំពោះសហរដ្ឋអាមេរិក សកម្មភាពរបស់ប្រធានរដ្ឋនៅកិច្ចប្រជុំកំពូល APEC និងសកម្មភាពទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ និងដៃគូអាមេរិក ជាពិសេសគឺរដ្ឋកាលីហ្វ័រញ៉ា នឹងបន្តជំរុញទំនាក់ទំនងទ្វេភាគីតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកនាពេលថ្មីៗនេះ ជាពិសេសគឺលើវិស័យអប់រំ បណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការតភ្ជាប់ជាមួយតំបន់នានា។

ក្រឡេកមើលដំណាក់កាល ២៥ ឆ្នាំ កន្លងទៅ ដោយអនុវត្តន៍គោលការណ៍វៀតណាមជាមិត្ត ជាដៃគូជឿទុកចិត្ត ហើយជាសមាជិកប្រកបដោយមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិអាចអះអាងថា វៀតណាមបានចូលរួម APEC យ៉ាងសកម្ម ប្រកបដោយមានការទទួលខុសត្រូវ ហើយមានការរួមវិភាគទានជាច្រើនទៅក្នុងការអភិវឌ្ឍនៃវេទិកា APEC ។ រាល់ការរួមវិភាគទានដ៏សំខាន់ៗរបស់វៀតណាមនៅវេទិកាបានរួមចំណែកលើកកម្ពស់តួនាទី ឋានៈ កិត្យានុភាពរបស់ប្រទេសជាតិនៅឆាកអន្តរជាតិ ទាញយកឱកាសជាអតិបរមា ប្រភពធនធានពីកិច្ចសហប្រតិបត្តិការ APEC និងយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់បម្រើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិផងដែរ៕

ប្រតិកម្មទៅវិញ