យន្តការ UPR គឺជាយន្តការពិសេសមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលក្នុងនោះប្រទេសជាសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិ ពិនិត្យឡើងវិញនូវគោលនយោបាយ ច្បាប់ វិធានការ និងលទ្ធផលដែលសម្រេចបានក្នុងកិច្ចការពារនិងលើកកម្ពស់សិទ្ធិមនុស្ស។
កាលពីដើមឆ្នាំនេះ វៀតណាមបានបញ្ជូនរបាយការណ៍ជាតិរបស់ខ្លួនក្រោមយន្តការ UPR វដ្តទី IV ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ហើយបានជួបពិភាក្សាជាមួយក្រុមការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សស្តីពី UPR នៅខែឧសភា ឆ្នាំ ២០២៤ ដែលក្នុងនោះ វៀតណាមទទួលបានអនុសាសន៍ចំនួន ៣២០ ពីប្រទេសនានា។
ដំណើរការត្រៀមរៀបចំដ៏យូររបស់រដ្ឋាភិបាលវៀតណាម
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet ប្រធានគណៈប្រតិភូវៀតណាមដែលចូលរួមក្នុងកិច្ចប្រជុំអនុម័តរបាយការណ៍ជាតិរបស់វៀតណាម (ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែកញ្ញា នៅប្រទេសស្វីស) បានឲ្យដឹងថា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តជាផ្លូវការនូវរបាយការណ៍ក្រោមយន្តការ UPR វដ្តទី IV គឺជាលទ្ធផលនៃដំណើរការត្រៀមរៀបចំដ៏យូររបស់រដ្ឋាភិបាលវៀតណាម។ បន្ទាប់ពីសម័យពិភាក្សាក្នុងខែឧសភា ឆ្នាំ ២០២៤ ក្រសួងការបរទេសបានធ្វើជាអធិបតី និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានាដើម្បីធ្វើការត្រួតពិនិត្យយ៉ាងសកម្មលើអនុសាសន៍ទាំង ៣២០ ដែលទទួលបានពីប្រទេសនានា ដើម្បីរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រីធ្វើការអនុម័ត។
យោងតាមអនុរដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំនាថ្ងៃទី ២៧ ខែកញ្ញា វៀតណាមបានប្រកាសសេចក្តីសម្រេចរបស់ខ្លួនក្នុងការទទួលយកអនុសាសន៍ចំនួន ២៧១ ក្នុងចំណោមអនុសាសន៍ទាំង ៣២០ ដោយបណ្តាប្រទេសដាក់ចេញ សម្រេចបានក្នុងអត្រា ៨៤,៧%។
“នេះគឺជាអត្រាអនុម័តខ្ពស់បំផុតរបស់វៀតណាមក្នុងរយៈពេល ៤ វដ្តកន្លង មក។ ប្រការនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះដំណើរការ UPR ក៏ដូចជាបញ្ជាក់ពីបំណងប្រាថ្នា និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។ មានប្រទេសចំនួន ៩០ រួមទាំងអង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានចូលរួមក្នុងកិច្ចប្រជុំនេះ។ អាចនិយាយបានថា មតិភាគច្រើនបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម និងការចូលរួមរបស់គណៈប្រតិភូវៀតណាមក្នុងការផ្លាស់ប្តូរ និងការសន្ទនាដោយបើកចំហ និងដោយស្មោះត្រង់ ដែលមានព័ត៌មានមានប្រយោជន៍ជាច្រើន ជួយ សហគមន៍អន្តរជាតិយល់កាន់តែច្បាស់អំពីស្ថានភាពជាក់ស្តែង នៅវៀត ណាម”។
យ៉ាងណាមិញ វៀតណាមអះអាងជានិច្ចកាលថា តែងតែបង្កើតបរិយាកាសអំណោយផលសម្រាប់ប្រជាជនចូលរួមកសាងគោលនយោបាយច្បាប់; បញ្ជាក់ថា ការអនុវត្តសិទ្ធិមនុស្សក៏ចាំបាច់ត្រូវគោរពតាមស្មារតីយកច្បាប់ជាចម្បង គោរពសិទ្ធិ និងផលប្រយោជន៍របស់បុគ្គល និងសហគមន៍ ដើម្បីស្ថិរភាព និងវិបុលភាពរបស់ប្រទេសទាំងមូល; តែងតែសង្កត់ធ្ងន់លើ ការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការមិនអត់ឱនចំពោះសកម្មភាពដែល ទាញយកផលប្រយោជន៍ពីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ដើម្បីញុះញង់និងបង្កអស្ថិរភាព។
អនុម័តលើផែនការមេមួយ ដើម្បីអនុវត្តអនុសាសន៍ចំនួន ២៧១
ការដែលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុម័តលើលទ្ធផលនៃរបាយការណ៍ជាតិរបស់វៀតណាមគឺជាការគូសបញ្ជាក់ពីការបង្ហើយការត្រួតពិនិត្យវដ្តទី ៤ ទាក់ទងនឹងកិច្ចការពារនិងការលើកកម្ពស់សិទ្ធិមនុស្សនៅវៀតណាម។ ពីទីនេះ វៀតណាមឈានចូលដំណាក់កាលអនុវត្តអនុសាសន៍។ យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet ដើម្បីអនុវត្តអនុសាសន៍ចំនួន ២៧១ របស់បណ្តាប្រទេស វៀតណាមនឹងអនុវត្តភារកិច្ចជាក់ស្តែងមួយចំនួន។
“ក្រសួងការបរទេសនឹងបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីអភិវឌ្ឍ និងត្រៀមរបាយការដាក់ជូននាយករដ្ឋមន្រ្តីធ្វើការអនុម័ត លើផែនការមេមួយ សំដៅអនុវត្តអនុសាសន៍ចំនួន ២៧១ ដែលបានទទួលយក។ អាស្រ័យហេតុនេះ នឹងមានការបែងចែកភារកិច្ច និងទំនួលខុសត្រូវជាក់ស្តែងសម្រាប់ក្រសួង សាខា និងទីភ្នាក់ងារនីមួយៗ ដែលអនុវត្តអនុសាសន៍ទាំងនេះ ក៏ដូចជាស្នើឡើងនូវយន្តការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តនោះ។ វៀតណាមក៏ធ្វើការត្រួតពិនិត្យពាក់កណ្តាលអាណត្តិ ដើម្បីកំណត់វឌ្ឍនភាពនៃការអនុវត្ត និងវិស័យដែលត្រូវការខិតខំប្រឹងប្រែងបន្ថែមទៀត។ ក្នុងដំណើរការនេះ វៀតណាមនឹងបន្តសហការជាមួយអង្គការសហប្រជាជាតិ ដៃគូអន្តរជាតិ និងបណ្តាប្រទេសជាមិត្ត ដើម្បីមានធនធានបន្ថែមទៀតសម្រាប់ជួយវៀតណាមអនុវត្តអនុសាសន៍ទាំងនេះបានល្អប្រសើរបំផុត”។
ការដែលវៀតណាមទទួលយកអនុសាសន៍មួយចំនួនធំ និងត្រៀមរៀបចំផែនការមេដើម្បីអនុវត្តអនុសាសន៍ចំនួន ២៧១នេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះដំណើរការ UPR និយាយដោយឡែក ការពារនិងជំរុញសិទ្ធិមនុស្សនិយាយរួម៕