វៀតណាមនិងប្រ៊ុយណេបង្កើនកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ

Chia sẻ
(VOVWORLD) - តាមការអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Phu Trong ព្រះមហាក្សត្រប្រ៊ុយណេ Sultan Haji Hassanal Bolkiah បានយាងមកបំពេញព្រះរាជទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃ ទី២៦ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។ នេះជាព្រះរាជដំណើរទស្សនកិច្ចនៅវៀតណាម លើកទី២ក្រោយរយៈពេលជាង២០ឆ្នាំរបស់ព្រះមហាក្សត្រប្រ៊ុយណេ សំដៅរឹត បន្តឹងទំនាក់ទំនងមិត្តភាព ជំរុញកិច្ចសហប្រតិបត្តិការទាំងទ្វេភាគីនិងពហុភាគី ហើយឆ្ពោះទៅរកការរំលឹកខួបលើកទី៣០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ (ឆ្នាំ១៩២២-ឆ្នាំ២០២២)។
វៀតណាមនិងប្រ៊ុយណេបង្កើនកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ - ảnh 1 ព្រះមហាក្សត្រប្រ៊ុយណេ Sultan Haji Hassanal Bolkiah (រូបថត៖ TTXVN)

  កិច្ចសហប្រតិបតិ្តការគ្រប់វិស័យ

        ទោះបីជាប្រទេសដែលមានផ្ទៃដីនិងចំនួនប្រជាជនតិចតួចក្ដី ប៉ុន្តែប្រ៊ុយណេមានចំណូលជាមធ្យមក្នុងមនុស្សម្នាក់ឈរលំដាប់ទី២ក្នុងប្លុកអាស៊ាន ព្រមទាំងជាទីផ្សារពោរពេញទៅដោយសក្ដានុភាពសម្រាប់ផលិតផលប្រើប្រាស់ កសិផលនិងចំណីអាហាររបស់វៀតណាម ព្រោះថាប្រ៊ុយណេមិនអាចផលិតដោយខ្លួនឯងក្នុងស្រុកបានឡើយ។ ក្នុងឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រ៊ុយណេ ហើយភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមដែលក្នុងនោះអះអាងនូវការសន្យាបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងប្រ៊ុយណេ ក្នុងគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ៥០០លានដុល្លាអាមេរិកនាឆ្នាំ២០២៥ ក៏ដូចជាជួយសម្រួលដល់ការវិនិយោគនិងធ្វើអាជីវកម្មរវាងប្រទេសទាំងពីរផងដែរ។ទន្ទឹមនឹងនោះ ចាប់តាំងពីការបើកជើងហោះហើរត្រង់ប្រ៊ុយណេ-ទីក្រុងហូជីមិញកាលពីខែតុលាឆ្នាំ២០១៤មក វៀតណាមកំពុងក្លាយទៅជាគោលដៅទេសចរណ៍គួរអោយពេញនិយមរបស់ប្រជាជនប្រ៊ុយណេ។

        លើវិស័យពាណិជ្ជកម្ម ទំនិញវៀតណាមដូចជាកាហ្វេ ទឹកផ្លែឈើ និងផ្លែឈើក្រៀម កំពុងជ្រៀតចូលទីផ្សារប្រ៊ុយណេជាបណ្ដើរៗ។ សហគ្រាសសំណង់វៀតណាមក៏កំពុងបោះទុនចូលគម្រោងប្រកប ដោយតម្លៃខ្ពស់ជាច្រើននៅប្រ៊ុយណេដូចជាកសាងស្ពាន ផ្លូវថ្នល់ រោងចក្រប្រេងឧស្ម័ននិងជី ជាដើម។ លេចធ្លោគឺក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនដម្លើងមេកានិកវៀតណាម-Lilama បានជាប់ការដេញថ្លៃកសាងរោងចក្រជីក្នុងតម្លៃសរុប១,៣ពាន់លានដុល្លាអាមេរិកនៅប្រ៊ុយណេ។

        លើវិស័យការពារជាតិ ភាគីទាំងពីរសុទ្ធតែមានការិយាល័យអនុព័ន្ធយោធាប្រចាំប្រទេសនីមួយៗ ហើយរក្សាការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់យ៉ាងញឹកញាប់។ វិស័យសហប្រតិបតិ្តការសំខាន់ៗមួយចំនួនដូចជា ជលកម្មនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋជនឆ្លងដែន នឹងត្រូវបានជំរុញអោយកាន់តែស៊ីជំរៅថែមទៀតក្រោយពីព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រប្រ៊ុយណេលើកនេះផងដែរ។

        ទន្ទឹមនឹងនោះ កិច្ចសហប្រតិបតិ្តការអប់រំក៏ជាវិស័យមួយក្នុងចំណោមវិស័យដែលថ្នាក់ដឹកនាំនៃភាគីទាំងពីរនឹងផ្ដល់អាទិភាព។ លេចធ្លោគឺការតភ្ជាប់រវាងសាកលវិទ្យាល័យប្រ៊ុយណេ (UBD) និងមហាវិទ្យាល័យ FPT របស់វៀតណាម។

វៀតណាមនិងប្រ៊ុយណេបង្កើនកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ - ảnh 2 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងឆ្វេង) អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ព្រះមហាក្សត្រប្រ៊ុយណេ Sultan Haji Hassanal Bolkiah នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១៨ (រូបថត៖ TTXVN)

        គោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទី៥០០លានដុល្លាអាមេរិកនាឆ្នាំ២០២៥

        នាបច្ចុប្បន្ន វិស័យសហប្រតិបតិ្តការស្នូលរវាងប្រទេសទាំងពីរគឺវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលជាក់ស្ដែងគឺគម្រោងកសាងស្ពាន ផ្លូវថ្នល់ រោងចក្រឧស្សាហកម្ម ប្រេងឧស្ម័ន ដែលវៀតណាមមានឧត្តមភាព ហើយទទួលបានកិច្ចសន្យានៅប្រ៊ុយណេកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ អាស្រ័យដោយមានការជឿទុកចិត្តចំពោះសមត្ថភាពសាងសង់ បទពិសោធន៍ក៏ដូចជាថ្វីដៃកម្មករ។ នេះជាវិស័យដែលត្រូវបានទន្ទឹងរង់ចាំ នឹងរួមចំណែកច្រើនបំផុតទៅក្នុងគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ៥០០លានដុល្លាអាមេរិកនាឆ្នាំ២០២៥។

        តាមការរំពឹងទុកថា ក្នុងព្រះរាជទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ព្រះមហាក្សត្រប្រ៊ុយណេ សភាពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាទ្វេភាគី សំដៅលើកកំពស់សកម្មភាពសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏នឹងសន្យាបើកចំហទ្វារទីផ្សារដើម្បីអោយទំនិញនិងសេវានៃប្រទេសទាំងពីរអាចជ្រៀតចូលទីផ្សាររបស់គ្នាប្រកបដោយភាពងាយស្រួល ផងដែរ។

        អាចនិយាយបានថា ព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រប្រ៊ុយណេលើកនេះនឹងជាព្រឹត្តិការណ៍សំខាន់មួយក្នុងអំឡុងពេល២៧ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។តាមនោះរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបតិ្តការគ្រប់វិស័យ បន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាទ្វេភាគីនិងអង្គការអន្តរជាតិនានា ក៏ដូចជារួមចំណែកបង្កើតសម្លេងរួមស្ដីពីតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងបញ្ហាសន្តិសុខតំបន់ ព្រមទាំងរួមចំណែករក្សានិងជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍ក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ