វៀតណាមជំរុញការធានាសិទ្ធិមនុស្សតាមអនុសាសន៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ

Chia sẻ

(VOVWORLD) - វៀតណាមកំពុងខិតខំប្រឹងប្រែងអនុវត្តយ៉ាងពេញលេញ និងយ៉ាងម៉ឺងម៉ាត់រាល់អនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី III របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) និងមានវឌ្ឍនភាពយ៉ាងធំធេងក្នុងការជំរុញនិងធានាសិទ្ធិមនុស្ស ជាពិសេសក្នុងវិស័យពលកម្ម សង្គម និងសមភាពយេនឌ័រ។ សមិទ្ធិផលទាំងនេះគឺជាមូលដ្ឋានសម្រាប់បន្តអនុវត្តន៍នូវចក្ខុវិស័យ សេចក្តីណែនាំនិងយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសជាតិយ៉ាងទូលំទូលាយក្នុងស្មារតីមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ។

វៀតណាមជំរុញការធានាសិទ្ធិមនុស្សតាមអនុសាសន៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ - ảnh 1ទោះបីជាបានឆ្លងកាត់ត្រឹមតែពាក់កណ្ដាលផ្លូវនៃ UPR វដ្តទី III ក៏ដោយ ក៏វៀតណាមបានកត់សម្គាល់នូវសមិទ្ធិផលដ៏គួរអោយចាប់អារម្មណ៍ជាច្រើនបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតក្នុងតំបន់ក្នុងការធានា និងជំរុញសិទ្ធិមនុស្សក្នុងវិស័យពលកម្ម សង្គម និងសមភាពយេនឌ័រ (រូបថត៖ Nguyen Hong/baoquocte.vn)

វៀតណាមបានយល់ព្រមជាផ្លូវការនូវអនុសាសន៍ UPR ចំនួន ២៤១ វដ្តទី III ក្នុងខែមករា ឆ្នាំ ២០១៩ ហើយបានអនុវត្តន៍អនុសាសន៍ទាំងនេះក្នុងលក្ខណៈសមកាលកម្មនិងគ្រប់ជ្រុងជ្រោយ។ ទោះបីជាបានឆ្លងកាត់ត្រឹមតែពាក់កណ្ដាលផ្លូវនៃ UPR វដ្តទី III ក៏ដោយ ក៏វៀតណាមសម្រេចបានសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍ជាច្រើន បើធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់ ក្នុងការធានានិងជំរុញសិទ្ធិមនុស្ស តាមរយៈវិស័យពលកម្មសង្គម និងសមភាពយេនឌ័រ។

ស្ដីពីការកែលម្អក្របខ័ណ្ឌច្បាប់ និងគោលនយោបាយជាតិស្ដីពីពលកម្ម ក្រមច្បាប់ពលកម្មវៀត ណាមឆ្នាំ ២០១៩ នាពេលនេះ បានធានាភាពត្រូវគ្នាជាមួយបណ្តាអនុសញ្ញាអង្គការពលកម្មអន្តរជាតិ (ILO) និងអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស ដែលវៀតណាមបានចូលរួមជាសមាជិកភាព។ វៀតណាមក៏កំពុងរៀបចំឯកសារសម្រាប់ចូលរួមជាសមាជិកនៃអនុសញ្ញា ILO លេខ ៨៧ ស្តីពីសេរីភាពនៃសមាគម និងការការពារសិទ្ធិក្នុងការរៀបចំ ហើយត្រៀមរៀបចំខ្លួន ចូលរួមអនុសញ្ញាអន្តរជាតិរបស់អង្គការសហប្រជាជាតិស្តីពីការការពារសិទ្ធិជនចំណាកស្រុកនិងក្រុមគ្រួសាររបស់ពួកគេ (CRMW)។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធច្បាប់ជាតិ ស្តីពីការធានានិងជំរុញសិទ្ធិមនុស្ស នាំវៀតណាមខិតមកជិតជាមួយរាល់ស្តង់ដាអន្តរជាតិ។

ការងារកាត់បន្ថយភាពក្រីក្រនិងសន្តិសុខសង្គមរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ទទួលបានសមិទ្ធិផលលេចធ្លោគួរឲ្យកត់សម្គាល់។ ក្នុងអំឡុងឆ្នាំ ២០១៦-២០២០  អត្រាគ្រួសារក្រីក្រទូទាំងប្រទេសមានប្រហែល ២,៧៥% ជាមធ្យមក្នុងរយៈពេល ៥ ឆ្នាំគឺថយចុះប្រហែល ១,៤៣% ក្នុងមួយឆ្នាំ។ ហើយអត្រាគ្រួសារក្រីក្រនៅក្នុងស្រុកក្រីក្រ មានប្រហែល ២៤% ជាមធ្យមក្នុងរយៈពេល ៥ ឆ្នាំបានថយចុះ ៥,៦៥% ក្នុងមួយឆ្នាំ។ កម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រ និងសន្តិសុខសង្គមប្រកបដោយចីរភាព ដំណាក់កាល ២០២១-២០៣០ ឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រពហុវិមាត្រ បរិយាប័ន្ននិងនិរន្តរភាព។ ជាមួយគ្នានោះ ជួយឧបត្ថម្ភជនក្រីក្រឱ្យឈានឡើងដល់កម្រិតជីវភាពអប្បបរមាប្រកបដោយនិរន្តរភាព ទទួលបានសេវាសង្គមពេញលេញ លើកកម្ពស់គុណភាពជីវភាពរស់នៅ និងតំបន់ក្រីក្ររួចផុតពីភាពក្រីក្រ។ កម្មវិធីនេះក៏ផ្តោតលើការលើកកម្ពស់គុណភាពធនធានមនុស្ស បង្កើតការងារគ្រប់គ្រាន់និងការងារល្អសម្រាប់ជនក្រីក្រ និងប្រជាជនរស់នៅក្នុងតំបន់ក្រីក្រ; កាត់បន្ថយវិសមភាពសង្គម ធានាភាពសុខដុមរមនារវាងការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខសង្គមប្រកបដោយចីរភាព។ ដើម្បីបន្តអនុវត្តន៍អនុសាសន៍របស់ UPR, ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចទើបដាក់ជូននាយករដ្ឋមន្រ្តី ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចដែលកំណត់ដំណើរការពិនិត្យនិងកំណត់គ្រួសារក្រីក្រ និងគ្រួសារហៀបនឹងក្រីក្រ  និងគ្រួសារមានកម្រិតជីវភាពមធ្យមក្នុងកំឡុងឆ្នាំ ២០២១- ២០២៥។

វៀតណាមជំរុញការធានាសិទ្ធិមនុស្សតាមអនុសាសន៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ - ảnh 2សិក្ខាសាលាអន្តរជាតិពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិស្តីពីការអនុវត្តដោយស្ម័គ្រចិត្តនៃ UPR វដ្តទី III របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃទី ២២ ខែតុលា (រូបថត៖ Thu Trang/baoquocte.vn)

ក្នុងវិស័យលើកកម្ពស់សមភាពយេនឌ័រ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបានចេញសេចក្តីសម្រេចលេខ 2282/QD-TTg អនុម័តកម្មវិធី “បង្កើនការចូលរួមស្មើភាពរបស់ស្ត្រីក្នុងមុខតំណែងជាថ្នាក់ដឹកនាំនិងមុខតំណែងគ្រប់គ្រង នៅកម្រិតបង្កើតគោលនយោបាយសម្រាប់ដំណាក់កាល ២០២១-២០៣០ បានធានាឱ្យមានការចូលរួមស្មើៗគ្នារបស់ស្ត្រីក្នុងមុខតំណែងជាអ្នកដឹកនាំ និងការគ្រប់គ្រងនៅកម្រិតបង្កើតគោលនយោបាយ ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញ ភាពច្នៃប្រឌិតរបស់ស្ត្រី ឆ្ពោះទៅរកការសម្រេចបាននូវការប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃសមភាព យេនឌ័រនិងការពង្រឹងអំណាចរបស់ស្ត្រី។

នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២១ រដ្ឋាភិបាលបានបន្តចេញសេចក្តីសម្រេចចិត្តលេខ 28/NQ-CP ស្តីពីយុទ្ធសាស្រ្តជាតិស្តីពីសមភាពយេនឌ័រសម្រាប់ដំណាក់កាល ២០២១-២០៣០ ឆ្ពោះទៅគោលដៅកាត់បន្ថយបន្ថែមទៀតគម្លាតយេនឌ័រ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ បង្កើតឱកាសសម្រាប់ស្ត្រីនិងបុរសដើម្បីចូលរួមនិងទទួលបានអត្ថប្រយោជន៍ស្មើៗគ្នាលើគ្រប់វិស័យនៃជីវភាពសង្គម រួមចំណែកដល់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ដើម្បីអនុវត្តអនុសាសន៍ UPR ស្តីពីសមភាពយេនឌ័រ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ក៏ពង្រឹងការអនុវត្តបទ ប្បញ្ញត្តិច្បាប់ស្តីពីពលកម្មនិងការងារផងដែរ។ ទន្ទឹមនឹងនោះ ច្បាប់ស្តីពីសមភាពយេនឌ័រនៅតែបន្តសិក្សា និងកែសម្រួល ដើម្បីកែលម្អប្រព័ន្ធច្បាប់ស្តីពីសមភាពយេនឌ័រ។

ការបន្តអនុវត្តន៍អនុសាសន៍ UPR វដ្តទី III ស្របតាមគោលការណ៍ណែនាំ និងគោលនយោបាយដែលបានបង្ហាញក្នុងឯកសារនៃមហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាមបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស ជាពិសេសចំពោះ ក្រុមដែលងាយរងគ្រោះនៅក្នុងបរិបទដ៏លំបាកនៃការរាតត្បាតជំងឺ កូវីដ ១៩។ ការអនុវត្តអនុសាសន៍ UPR វដ្តទី III នាពេលកន្លងមកបានធានាយ៉ាងច្បាស់ថា ប្រជាជនទាំងមូលទទួលបានអត្ថប្រយោជន៍ពេញលេញអំពីសិទ្ធិមនុស្ស ដោយហេតុនេះ បង្ហាញពីលក្ខណៈមនុស្សសាស្ត្រនៅក្នុងបណ្តាសេចក្តីសម្រេចចិត្តរបស់បក្សនិងរដ្ឋវៀតណាម ជាមួយនឹងគោលដៅជាធំគឺ “មិនទុកចោលនរណាម្នាក់នៅពីក្រោយ” ឡើយ៕

ប្រតិកម្មទៅវិញ