សន្និសីទឆ្នាំនេះប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលអាស៊ានកំពុងជំរុញខ្លាំង ដំណើរការកសាង សហគមន៍ សភាពការណ៍ពិភពលោកនិងតំបន់មានបម្រែ បម្រួលដ៏លឿននិងស្មុគស្មាញ ហើយការជះឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្ម៤.០ កាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។ WEF ASEAN ឆ្នាំនេះមានការចូលរួមរបស់ ប្រមុខរដ្ឋប្រមាណ១០រូបនិងតំណាងប្រមាណ ១ពាន់៤រយរូបដែលជាថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុននិងសហគ្រាសជួរមុខលើពិភពលោក។
សហការយ៉ាងស្អិតរមួតជាមួយ WEF ដើម្បីធានាឲ្យសន្និសីទប្រព្រឹត្តទៅប្រកបដោយជោគជ័យ
វៀតណាមនិង WEF ចាប់ផ្ដើមសហប្រតិបត្តិការគ្នាកាលពីឆ្នាំ១៩៨៩។ ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ វៀតណាមជានិច្ចកាលបង្ហាញនូវភាពសកម្មនិងស្វាហាប់ក្នុងការលើកឡើងគំនិតថ្មីៗ និងការលាតត្រដាងអនុវត្តន៍ផែនការសហប្រតិបតិ្តការជាក់ស្ដែងផងដែរ។ សញ្ញាសម្គាល់លេចធ្លោរបស់វៀតណាមនោះ គឺបានសហការជាមួយ WEF រៀបចំសន្និសីទ WEF អាស៊ីបូព៌ាឆ្នាំ២០១០និងសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីតំបន់មេគង្គ (WEF Mekong) ឆ្នាំ២០១៦។ ហើយឥឡូវនេះគឺសន្និសីទ WEF ASEAN ឆ្នាំ២០១៨។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាម ប្រធានគណៈចាត់តាំង WEF ASEAN ២០១៨ លោក Bui Thanh Son ជូនដំណឹងទៅកាន់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលអំពីកិច្ចការត្រៀមរៀបចំសន្និសីទ WEF ASEAN 2018 |
ដើម្បីត្រៀមរៀបចំ WEF ASEAN ២០១៨ ចាប់តាំងពីដើមឆ្នាំ២០១៧មក នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបានសម្រេចលើការបង្កើតគណៈចាត់តាំងសន្និសីទ WEF ASEAN ២០១៨ ដឹកនាំដោយអនុរដ្ឋន្រ្តីក្រសួងការបរទេស ដើម្បីសហការជាមួយ WEF ក្នុងកិច្ចការត្រៀមរៀបចំគ្រប់វិស័យ។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម ប្រធានគណៈចាត់តាំង WEF ASEAN ២០១៨ លោក Bui Thanh Son បានចែករំលែកថា៖
“ប្រធានបទនៃសន្និសីទគឺ “អាស៊ាន៤.០៖ សហគ្រិនភាពនិងបដិវត្តន៍ឧស្សាហកម្មលើកទី៤”។ នេះជាប្រធានបទដែលមានអត្ថន័យជាក់ស្ដែងនិងទាន់ពេលវេលា ដែលសមស្របទៅនឹងការយកចិត្តទុកដាក់រួមរបស់អាស៊ាននិងប្រទេសជាច្រើនលើពិភពលោក។ ព្រមទាំងតភ្ជាប់យ៉ាងស្អិតរមួតជាមួយប្រធានបទអាស៊ានឆ្នាំនេះ គឺកសាងសហគមន៍អាស៊ានដែលខ្លួនទីពឹងខ្លួននិងច្នៃប្រឌិត។សន្និសីទលើកនេះគឺជាឱកាសដើម្បីភាគីទាំងអស់ជួបប្រាស្រ័យ ចែករំលែកបទពិសោធន៍និងត្រៀមរៀបចំឲ្យបានល្អបំផុតដើម្បីឈានចូលបដិវត្តន៍ឧស្សាហកម្មលើកទី៤ប្រកបដោយប្រសិទ្ធភាព”។
វៀតណាម៖ស្ពានតភ្ជាប់ក្នុងតំបន់
ក្រោយរយៈពេល៥០ឆ្នាំកកើតនិងអភិវឌ្ឍន៍ នាបច្ចុប្បន្ន សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងគោលដៅបង្កើនការធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងកសាងសហគមន៍ដោយតភ្ជាប់គ្នា ដើម្បីនាំអាស៊ានក្លាយទៅជាតំបន់ដ៏ស្វាហាប់មួយជាពិតប្រាកដ។
ប៉ុន្តែ ក្នុងបរិបទនាបច្ចុប្បន្ន អាស៊ានកំពុងប្រឈមមុខនឹងឱកាសនិងការសាកល្បងធំៗនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤។ ប្រទេសនីមួយៗចាំបាច់ត្រូវកំណត់យ៉ាងច្បាស់នូវទស្សនៈវិស័យនិងទិសដៅធ្វើសមាហរណកម្មអន្តរជាតិដើម្បីបន្សាំនឹងបដិវត្តន៍ឧស្សាហកម្មនេះ។ ដោយឈរលើតម្រូវការនោះ តាមរយៈការទទួលរៀបចំសន្និសីទ WEF ASEAN ឆ្នាំ២០១៨ វៀតណាមមានគោលបំណងចង់ធ្វើជាស្ពានតភ្ជាប់ដើម្បីវៀតណាមក៏ដូចជាប្រទេសអាស៊ានដទៃទៀត រិះរករូបសណ្ឋានគ្រប់គ្រងដ៏សមស្របបំផុតក្នុងសម័យកាលឌីជីថល់។ ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក លោក Borge Brende បានកត់សម្គាល់ភាពសកម្មរបស់វៀតណាមយ៉ាងដូច្នេះថា៖
“យើងខ្ញុំសប្បាយរីករាយណាស់នាពេលបានធ្វើការជាមួយវៀតណាមដោយសារគេធ្វើការប្រកបដោយវិជ្ជាជីវៈនិងប្រសិទ្ធភាពណាស់។ អាស៊ាននិយាយរួមនិងវៀតណាមនិយាយដោយឡែក កំពុងជាទីផ្សារវិនិយោគ ធ្វើអាជីវកម្មគួរឲ្យទាក់ទាញ។ អាស៊ានមានខឿនសេដ្ឋកិច្ចទើបលេចចេញជាច្រើន ដោយហេតុនេះ អាស៊ានមានសក្ដានុភាពជាច្រើនដើម្បីអភិវឌ្ឍន៍ដោយឈរលើសមិទ្ធផលនានានៃបដិវត្តន៍ឧស្សាហកម្មលើកទី៤។ WEF មានគោលបំណងចង់សហការជាមួយអាស៊ានដើម្បីផលប្រយោជន៍របស់ប្រជាជន”។
វៀតណាមនិងអាស៊ានកំពុងមានឱកាសដ៏ធំធេងដើម្បីអភិវឌ្ឍន៍និងជំរុញការតភ្ជាប់សេដ្ឋកិច្ច អាស្រ័យដោយនិន្នាការសកលភាវូបនីយកម្មកាន់តែទូលំទូលាយនិងការរីកសាយភាយយ៉ាងខ្លាំងក្លារបស់បដិវត្តន៍ឧស្សាហកម្មលើកទី៤ ពិសេសគឺបច្ចេកវិទ្យាឌីជីថល់ ប្រាជ្ញាសិប្បនិម្មិត ជាដើម។ ការរៀបចំសន្និសីទ WEF ASEAN ឆ្នាំ២០១៨ មិនត្រឹមតែសរឲ្យឃើញនូវតួនាទីដ៏សកម្មនិងការទទួលខុសត្រូវរបស់វៀតណាមចំពោះអាស៊ាន កិត្យានុភាពនិងឋានៈកាន់តែកើនឡើងៗរបស់វៀតណាមចំពោះពិភពលោកប៉ុណ្ណោះទេ ថែមទាំងអះអាងនូវទស្សនៈវិស័យយុទ្ធសាស្ត្រអំពីកិច្ចការបរទេសនិងការអភិវឌ្ឍរបស់វៀតណាមទៀតផង៕