ភ្លាមៗបន្ទាប់ពីរុស្ស៊ីបានទទួលស្គាល់ប្រទេសសាធារណរដ្ឋស្វ័យប្រកាសចំនួនពីរនៅភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃទី២២ ខែកុម្ភៈ ហើយចាប់ផ្តើមប្រតិបត្តិការយោធា ពិសេសនៅអ៊ុយក្រែន លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងលើទីក្រុងម៉ូស្គូជា បន្តបន្ទាប់។ ចុងក្រោយបំផុតគឺជាការដាក់ទណ្ឌកម្មទាក់ទងនឹងការចោទប្រកាន់ថា កងទ័ពរុស្ស៊ីបានសម្លាប់ជនស៊ីវិលនៅទីរួមស្រុក Bucha ភាគពាយព្យរដ្ឋធានីគៀវ របស់ អ៊ុយក្រែនកាលពីដើមខែនេះ ទោះបីជាទីក្រុងម៉ូស្គូបានបដិសេធម្តងហើយម្តងទៀតក៏ដោយ។
លោកខាងលិចបង្កើនទណ្ឌកម្មនិងសម្ពាធលើរុស្ស៊ី
ដោយមិនអើពើដល់ការពន្យល់របស់រុស្ស៊ីទាក់ទងនឹងការចោទប្រកាន់សម្លាប់ជនស៊ីវិលនៅទីរួមស្រុក Bucha ថា ជាព័ត៌មានក្លែងក្លាយដែលបានអនុវត្តន៍ដោយយុទ្ធ នាការសារព័ត៌មានអរិភាព សំដៅប្រឆាំងនឹងទីក្រុងម៉ូស្គូនោះ ក្នុងសប្តាហ៍ដំបូងនៃ ខែមេសា ប្រទេសអឺរ៉ុបជាច្រើនបានបញ្ជាឲ្យបណ្តេញអ្នកការទូតរុស្ស៊ីជិត ១៥០នាក់ ចេញពីដែនដីរបស់ខ្លួន។
តាមពិតទៅ លោកខាងលិចបានចាប់ផ្តើមបណ្តេញអ្នកការទូតរុស្ស៊ី មុនពេល មានការចោទប្រកាន់អំពី Bucha មកហើយ។ ការបណ្ដេញអ្នកតំណាងការទូតរុស្ស៊ី របស់បណ្តាប្រទេសអឺរ៉ុប តាមពិត ជាការបំពេញបន្ថែមនូវទណ្ឌកម្មដែលលោកខាង លិចបានអនុវត្តន៍ប្រឆាំងនឹងទីក្រុងម៉ូស្គូចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ នៅពេលដែល រុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ តាមការប៉ាន់ប្រមាណថា គិតត្រឹមចុងខែមីនាកន្លងទៅ លោកខាងលិចបានដាក់ទណ្ឌកម្មសរុបជាង ៥.០០០ ប្រឆាំងនឹងរុស្ស៊ី ដែលធ្វើឲ្យរុស្ស៊ីក្លាយជាប្រទេសដែលទទួលរងទណ្ឌកម្មច្រើនជាង គេលើពិភពលោករហូតដល់ពេលនេះ។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg។ (រូបថត៖ VNA) |
មិនត្រឹមតែប៉ុណ្ណោះទេ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃទី៦ ខែមេសា ក៏បានប្រកាសថា ណាតូនឹងស្វាគមន៍ប្រទេសអព្យាក្រឹតទាំងពីរ គឺហ្វាំងឡង់ និងស៊ុយអែត ប្រសិនបើគេសម្រេចចិត្តដាក់ពាក្យសុំចូលរួមអង្គការនេះ។ នេះត្រូវបានចាត់ទុកថា ជាការប្រកាសដែលអាចញ៉ាំងឲ្យជម្លោះជាមួយរុស្ស៊ី ធ្ងន់ធ្ងរឡើង ពីព្រោះហ្វាំងឡង់មានខ្សែព្រំដែនជាង ១.៣០០ គីឡូម៉ែត្រជាប់ជាមួយ រុស្ស៊ី ហើយប្រទេសនេះបានក្លាយជាប្រទេសអព្យាក្រឹតតាំងពីឆ្នាំ ១៩៤៨ តាមរយៈសន្ធិ សញ្ញាមិត្តភាពដែលបានចុះហត្ថលេខាជាមួយសហភាពសូវៀត (ឥឡូវគឺរុស្ស៊ី)។
សកម្មភាពរបស់រុស្ស៊ីនិងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលោកខាងលិចមួយចំនួនដើម្បីបន្ធូរបន្ថយភាពតានតឹង
នៅចំពោះមុខសម្ពាធជាបន្តបន្ទាប់ពីលោកខាងលិច រដ្ឋាភិបាលរុស្ស៊ីនៅតែបន្ត បង្ហាញជំហរដ៏តឹងតែងនិងឯកភាព។ ថ្លែងនៅលើទូរទស្សន៍បារាំង LCI កាលពីថ្ងៃទី៦ ខែមេសា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានថា ទីក្រុង ម៉ូស្គូមិនលើកលែងលទ្ធភាពកាត់ផ្តាច់ទំនាក់ទំនងការទូតឡើយ ប្រសិនបើបណ្តា ប្រទេសលោកខាងលិចបន្តបណ្តេញអ្នកការទូតរុស្ស៊ី។ លោក Dmitry Peskov បាន ពណ៌នាសកម្មភាពរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ីនាពេលកន្លងមក ជា "សកម្មភាពអរិភាព" ដោយកត់សម្គាល់ថា សកម្មភាពបែបនេះ "គំរាមកំហែងដល់ការថែរក្សា ទំនាក់ទំនងការទូត" ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង ក៏បាន បញ្ជាក់ផងដែរថា ការរក្សាទំនាក់ទំនងការទូត ជាពិសេសក្នុងបរិបទបច្ចុប្បន្ន គឺ ចាំបាច់។
យោងតាមអ្នកវិភាគអន្តរជាតិ ការកាត់ផ្តាច់ទំនាក់ទំនងការទូតរុស្ស៊ី-លោកខាងលិច គឺជាការវិវឌ្ឍន៍ដ៏គ្រោះថ្នាក់មួយ ពីព្រោះផលវិបាករបស់វា គឺស្មុគស្មាញ ណាស់ ហើយពិបាកទាយទុកជាមុន ហើយមិនអំណោយផលដល់ស្ថិរភាពពិភពលោក ឡើយ។ ដោយហេតុនេះ ប្រទេសសមាជិកណាតូមួយចំនួន ជាពិសេសទួរគី និង ហុងគ្រី កំពុងដើរតួនាទីយ៉ាងសកម្មជាស្ពានមួយ ដើម្បីដោះស្រាយវិបត្តិ ជួយបន្ធូរ បន្ថយភាពតានតឹងរវាងលោកខាងលិច និងរុស្ស៊ី។ តាមនោះ ទួរគីបានសម្រុះសម្រួល ការចរចារវាងរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី ២៩ ខែមីនា កន្លង ទៅ ហើយបច្ចុប្បន្នកំពុងបន្តខិតខំប្រឹងប្រែងសម្រាប់តួនាទីនេះ។
ទន្ទឹមនឹងនេះ ក្នុងនាមជាសមាជិកសហភាពអឺរ៉ុប (EU) និងអង្គការណាតូ នាពេលថ្មីៗនេះ ហុងគ្រីបានស្នើឲ្យ រៀបចំកិច្ចប្រជុំចតុភាគីរួមមាន អាល្លឺម៉ង់ បារាំង រុស្ស៊ី និងអ៊ុយក្រែន នៅទីក្រុង Budapest ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិបច្ចុប្បន្ន។
ក្រៅពីនេះ ប្រទេសអឺរ៉ុបជាច្រើនផ្សេងទៀត ក៏កំពុងបន្តរក្សាកិច្ចសន្ទនា និងកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចជាមួយរុស្ស៊ី ជាពិសេសលើវិស័យថាមពល បើទោះបីជា មានសម្ពាធពីប្រទេសមួយចំនួនទៀតក៏ដោយ។ អាចមើលឃើញថា ការដាក់ទណ្ឌកម្ម ឬការកើនឡើងនៃភាពតានតឹង មិនអាចលើសលុបទាំងស្រុងលើតម្រូវការសម្រាប់កិច្ច សហប្រតិបត្តិការអន្តរជាតិដែលជានិន្នាការជៀសមិនរួចនៅក្នុងបរិបទបច្ចុប្បន្ន៕