ភាពតានតឹងថ្មីរវាងរុស្ស៊ីនិងទួរគីនៅស៊ីរី

Chia sẻ
(VOVWORLD) - នាពេលថ្មីៗនេះ សមរភូមិភាគឦសានស៊ីរីសារជាថ្មីម្ដងទៀតក្លាយទៅ ជាតំបន់ក្ដៅគគុកក្នុងវិបត្តិដែលបានអូសបន្លាយច្រើនឆ្នាំកន្លងមកនៅ ប្រទេសអារ៉ាប់នេះ។ ក្នុងនោះ ប្រការដែលសាធារណៈមតិព្រួយបារម្ភបំផុត គឺស្ថានភាពប្រឈមមុខដាក់គ្នារវាងរុស្ស៊ីនិងទួរគី ជាប្រទេសចំនួន២ដែល មានឥទ្ធិពលដ៏ធំធេងបំផុតនៅស៊ីរីនាបច្ចុប្បន្ន មិនទាន់មានសញ្ញាបន្ធូរបន្ថយ ណាមួយឡើយ។

ក្នុងប៉ុន្មានថ្ងៃកន្លងទៅ កងទ័ពទួរគីបានជូនដំណឹងជាបន្តបន្ទាប់អំពី ករណីវាយប្រហារតម្រង់ទៅលើកងទ័ពស៊ីរីនៅខេត្ត Idlib ភាគឦសានស៊ីរី។ លើសពីនេះទៅទៀត អាជ្ញាធរអង់ការ៉ាថែមទាំងប្រកាសថា ការវាយប្រហារ យ៉ាងដូច្នេះនឹងបន្តប្រព្រឹត្តទៅ សំដៅអនុវត្តការថ្លែងរបស់ ប្រធានាធិបតីទួរគីលោក Tayyip Erdogan កាលពីថ្ងៃទី២៦កុម្ភៈថា អង់ការ៉ា នឹងមិនថយក្រោយឡើយ ហើយស្បថវាយបណ្ដេញកងកម្លាំងរដ្ឋាភិបាលស៊ីរីចេញ ពីស្ថានីយ៍សង្កេតមើលនៅ Idlib។ ការថ្លែងពោលខាងលើបានឆ្លុះបញ្ចាំងស្ថានភាព ដ៏តានតឹងហួសហេតុនាបច្ចុប្បន្ននៅតំបន់ភាគឦសានស៊ីរី ដែលជាកំពែង ចុងក្រោយនៃកម្លាំងបះបោរនៅស៊ីរី។

        ប៉ុន្តែ សមរភូមិ Idlib (និងផ្នែកមួយនៃតំបន់ Aleppo) មិនត្រឹមតែជាការ ប្រឈមមុខដាក់គ្នារវាងកងកម្លាំងស៊ីរីនិងទួរគីប៉ុណ្ណោះទេប៉ុន្តែតាមពិតទៅ នេះជាការប្រយុទ្ធខាងស្មារតីរវាងរុស្ស៊ី (គាំទ្ររដ្ឋាភិបាលស៊ីរី)និងទួរគី (គាំទ្រកម្លាំងបះ បោរ)។

         ដោយមានការប្ដេជ្ញាចិត្តវាយបំបាក់ជម្រកចុងក្រោយនៃកម្លាំងឧទ្ទាម និងកម្លាំងប្រឆាំងនានានៅ Idlib កងទ័ពរដ្ឋាភិបាលស៊ីរីបានជំរុញយុទ្ធនាការ វាយប្រហារទៅលើ Idlib ចាប់ពីចុងឆ្នាំមុន ហើយដណ្ដើមបានសិទ្ធិគ្រប់គ្រង ទីរួមខេត្ត ភូមិស្រុកជាច្រើន។ យុទ្ធនាការនេះក៏មានការចូលរួមរបស់កងទ័ព ជើងអាកាសរុស្ស៊ី ជាសម្ព័ន្ធមិត្តធំបំផុតរបស់ស៊ីរី ដែលបានធ្វើអន្តរាគមន៍យ៉ាង ខ្លាំងទៅក្នុងវិបត្តិនេះចាប់ពីខែកញ្ញាឆ្នាំ២០១៥មក។

        ឆ្លើយតបតនឹងកាយវិការបស់សម្ព័ន្ធភាពទ័ពរុស្ស៊ី-ស៊ីរី ទួរគីចាត់ទុកថា យុទ្ធនាការវាយប្រហារទៅលើ Idlib បានរំលោភបំពានទៅលើកិច្ចព្រម ព្រៀងឆ្នាំ២០១៨រវាងរុស្ស៊ីនិងទួរគីស្ដីពីការបង្កើតតំបន់បន្ថយភាពតានតឹងនៅ Idlib។ ហេតុដូច្នេះក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ អង់ការ៉ាបានដាក់ពង្រាយ ទាហាននិងយុទ្ធភ័ណ្ឌដ៏សន្ធឹកសន្ធាប់ទៅកាន់ Idlib និង Aleppo។ វត្តមានរបស់ កងទ័ពទួរគីបានរារាំងវឌ្ឍនភាពរបស់កងទ័ពស៊ីរី ខណៈដែលភាពញឹកញាប់ នៃការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងកងទ័ពរដ្ឋាភិបាលស៊ីរីនិងកងទ័ពទួរគី កាន់តែកើនឡើងៗ។

        ទោះបីជាបានរារាំងវឌ្ឍនភាពរបស់កងទ័ពរដ្ឋាភិបាលស៊ីរីនៅ Idlib ឲ្យយឺតជាងមុនក្ដី ប៉ុន្តែទួរគីក៏ដូចជាភាគីគាំទ្រកម្លាំងបះបោរនៅស៊ីរី កំពុង ទទួលយកការពិតថា កងទ័ពរដ្ឋាភិបាលស៊ីរីនឹងដណ្ដើមសិទ្ធិគ្រប់គ្រង Idlib និងតំបន់ភាគឦសាន្តយ៉ាងឆាប់ៗ មានន័យថា កម្លាំងគាំទ្រអង់ការ៉ានៅទី នេះនឹងត្រូវបានកំទិចជាពុំខានឡើយ។ ហេតុដូច្នេះ ទួរគីនិងប្រទេសមួយ ចំនួនបានដាស់ តឿនឲ្យរុស្ស៊ីនិងស៊ីរីបញ្ឈប់យុទ្ធនាការវាយប្រហារនៅ Idlib។ ប៉ុន្តែ នៅពេលថ្លែងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៥កុម្ភៈ លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov បាន ច្រានចោលសេចក្ដីអំពាវនាវពោលខាងលើ ហើយលើកច្បាស់ថា ការ បញ្ឈប់យុទ្ធនាការនៅ Idlib “ជាការចុះចាញ់ភេរវកម្ម ហើយថែមទាំងជារង្វាន់ សម្រាប់ពួកភេរវករទៀតផង”។

        អាចឃើញបានថា ទាំងរុស្ស៊ី ស៊ីរីនិងទួរគី សុទ្ធតែមានការប្ដេជ្ញាចិត្តនិង ទស្សនៈមិនធ្វើសម្បទានដ៏រឹងមាំក្នុងបញ្ហា Idlib។ ប្រការនេះបានបង្កឡើង ការព្រួយបារម្ភអំពីគ្រោះអាសន្នផ្ទុះឡើងការប្រយុទ្ធដ៏បង្ហូរឈាមនៅ Idlib នាពេលខាងមុខ។ តាមមជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ផលវិបាកនិង ផលប៉ះពាល់នៃការប្រឈមមុខដាក់គ្នាប្រដាប់អាវុធនេះ គឺសាហាវណាស់ ចំពោះភាគីទាំងអស់ មិនថាលទ្ធផលគឺអ្វីទេ។ ជាពិសេសគឺ ទំនាក់ទំនង សេដ្ឋកិច្ចដ៏ល្អប្រសើររវាងរុស្ស៊ីនិងទួរគីអាចរងការខូចខាត ហើយប្រទេស ទាំងពីរសុទ្ធតែយល់ ច្បាស់អំពីគ្រោះអាសន្ននេះ។ ហេតុដូច្នេះ ក្រៅពីការថ្លែងយ៉ាងខ្លាំងក្លាស្ដីពីសកម្មភាពយោធា ទាំងម៉ូស្គូនិងអង់ការ៉ា សុទ្ធតែបង្ហាញនូវគោលបំណងចង់ធ្វើសន្ទនា ហើយបានដំណើរការកិច្ច សន្ទនាមួយចំនួននាពេលថ្មីៗនេះ។ ប៉ុន្តែ ដោយសារស្ថានភាពកាន់តែស្មុគ ស្មាញ រួមជាមួយការខ្វែងគំនិតអំពីផលប្រយោជន៍យុទ្ធសាស្ត្រនោះ ដំណើរ ការចរចាអំពីជោគវាសនារបស់ Idlib មិនទាន់មានការបញ្ចប់ ក៏ដូចជាមិន ទាន់នាំមកនូវក្ដីសង្ឃឹមអំពីសន្តិភាពសម្រាប់ពលរដ្ឋស៊ីរីរាប់ម៉ឺននាក់ដែល កំពុងជាប់គាំងក្នុងការប្រឈមមុខដាក់គ្នានេះនៅឡើយទេ៕

ប្រតិកម្មទៅវិញ