ពិភពលោកប្រឈមមុខនឹងបញ្ហាប្រឈមប្រទាក់ក្រឡាគ្នានៃការប្រែប្រួលអាកាសធាតុ និងជម្លោះ

Chia sẻ

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន (ថ្ងៃទី ១៣-១៤ ខែកុម្ភៈ) បានបើកសម័យពិភាក្សាបើកចំហអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ និង ជម្លោះ ដោយចាត់ទុកនេះគឺជាកត្តាប្រទាក់ក្រឡាគ្នាដ៏ធ្ងន់ធ្ងរបំផុតចំនួនពីរនាបច្ចុប្បន្ន ដែលបណ្តាល
ឱ្យមានគ្រោះអត់ឃ្លានលើពិភពលោក ពីនោះធ្វើឲ្យសឹករិចរិលបរិ យាកាសសន្តិភាពនិងសន្តិសុខអន្តរជាតិ។

ពិភពលោកប្រឈមមុខនឹងបញ្ហាប្រឈមប្រទាក់ក្រឡាគ្នានៃការប្រែប្រួលអាកាសធាតុ និងជម្លោះ - ảnh 1កុមារនៅតំបន់ហ្គាហ្សារង់ចាំទទួលជំនួយស្បៀងអាហារ។ (រូបថត៖ THX/TTXVN)

ដោយប្រធានបទ "ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងអសន្តិសុខស្បៀងអាហារចំពោះការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ" នោះ សម័យប្រជុំ ពិភាក្សានៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានប្រព្រឹត្តទៅក្នុងទម្រង់បើក ចំហរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៤ ខែកុម្ភៈ តាមគំនិតផ្តួចផ្តើមរបស់ Guyana ដែលជាប្រទេសកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែកុម្ភៈ។ តំណាងនៃប្រទេសជិត ៩០ រួមជាមួយលោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ និងមេដឹកនាំអង្គការអន្តរជាតិជាច្រើនបានចូលរួមពិភាក្សា។

ជម្លោះ និងការប្រែប្រួលអាកាសធាតុបណ្ដាលឲ្យមានការកើនឡើងនៃភាពអត់ឃ្លាននិងភាពក្រីក្រ

នៅក្នុងសម័យពិភាក្សា មេដឹកនាំអង្គការសហប្រជាជាតិ ប្រទេសជាច្រើន និងអង្គការអន្តរជាតិនានាបានបញ្ចេញមតិដូចគ្នាថា ពិភពលោកកំពុងឈានចូលសម័យ កាលថ្មីនៃអស្ថិរភាព នៅពេលដែលបម្រែបម្រួលអាកាសធាតុ និងជម្លោះបានបង្កឡើង ផលប៉ះពាល់ប្រទាក់ក្រឡាគ្នា ហើយរួមគ្នាបណ្ដាលឱ្យមានការកើនឡើងនៃអសន្តិសុខ ស្បៀងអាហារសកល។ យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ជម្លោះបានបង្ខំមនុស្សរាប់លាននាក់ឱ្យជម្លៀសចេញពីផ្ទះសម្បែង បំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មកសិកម្ម ខណៈដែលការប្រែប្រួលអាកាសធាតុបណ្ដាលឲ្យ មានការកើនឡើងនៃបាតុភូតអាកាសធាតុជ្រុលនិយម ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ ការជ្រាបនៃទឹកសមុទ្រ... បណ្តាលឲ្យទិន្នផលស្បៀងអាហារធ្លាក់ចុះ បំផ្លិចបំផ្លាញ ដំណាំ និងផ្លាស់ប្តូរវិធីធ្វើកសិកម្ម និងនេសាទបែបប្រពៃណី។

ប្រមុខអង្គការសហប្រជាជាតិបានដកស្រង់តួរលេខពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដោយនិយាយថា ភាពអត់ឃ្លានធ្ងន់ធ្ងរបានកើនឡើងជាបន្តបន្ទាប់នៅ ទូទាំងពិភពលោកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយគិតត្រឹមដំណាច់ឆ្នាំមុន មនុស្ស ជាង ៣៣០ លាននាក់នៅលើពិភពលោកស្ថិតក្នុងស្ថានភាពនេះ ពោលគឺអាចគំរាម កំហែងដល់អាយុជីវិតភ្លាមមួយរំពិចប្រសិនបើ ខ្វះខាតវិធានការជួយសង្គ្រោះ។ ចែក រំលែកមតិនេះដែរ លេខាធិការប្រតិបត្តិនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) លោក Simon Stiell បានមានប្រសាសន៍ថា៖

“ត្រឹមប៉ុន្មានឆ្នាំមុនតែប៉ុណ្ណោះ ពិភពលោកនៅតែជឿថា ភាពអត់ឃ្លានអាចត្រូវ បានលុបបំបាត់ ប៉ុន្តែបច្ចុប្បន្ននេះ ក្នុងចំណោមមនុស្ស ១០ នាក់នៅលើផែនដី គឺមាន មនុស្សម្នាក់ទទួលរងភាពអត់ឃ្លានរ៉ាំរ៉ៃ។ តួរលេខនេះមិនអាចទទួលយកបានទេ។ ប្រសិនបើការប្រែប្រួលអាកាសធាតុកើនឡើង ស្ថានភាពនេះនឹងកាន់តែអាក្រក់ទៅៗ។ ការប្រែប្រួលអាកាសធាតុកំពុងរួមចំណែកដល់អសន្តិសុខស្បៀងអាហារ និងការកើន ឡើងនៃជម្លោះ”។

អគ្គនាយករងនៃអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) លោកស្រី Beth Bechdol បានជម្រាបបន្ថែមទៀតថា នៅក្នុង "របាយការណ៍ សកលស្តីពីវិបត្តិស្បៀងអាហារ" កាលពីឆ្នាំមុន FAO បានកំណត់យ៉ាងច្បាស់ថា ជម្លោះ និងការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិសុខស្បៀងអាហារ សកលហើយនឹងនាំឱ្យមានផលវិបាកបន្ថែមទៀតនោះគឺការគំរាមកំហែងដល់សន្តិសុខអន្តរជាតិ៖

«យើងបានឮគេនិយាយម្តងហើយម្តងទៀតថា គ្មានសន្តិសុខស្បៀងអាហារ ប្រសិនបើគ្មានសន្តិភាព ហើយក៏គ្មានសន្តិភាពដែរបើគ្មានសន្តិសុខស្បៀងអាហារ។ ជាដំបូង យើងបានមើលឃើញថា ជម្លោះនាំទៅភាពអត់ឃ្លាននិងកង្វះអាហារូបត្ថម្ភ យ៉ាងដូចម្ដ៉េច ហើយវាមិនមែនជារឿងចៃដន្យទេ ដែលពាក់កណ្តាលនៃចំនួនមនុស្ស ឃ្លានលើពិភពលោក រស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ”។

ពិភពលោកប្រឈមមុខនឹងបញ្ហាប្រឈមប្រទាក់ក្រឡាគ្នានៃការប្រែប្រួលអាកាសធាតុ និងជម្លោះ - ảnh 2អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (កណ្តាល) ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីសន្តិសុខស្បៀងអាហារនិងអស្ថិរភាពអាកាសធាតុ រៀបចំឡើងដោយក្រុមប្រឹក្សាសន្តិសុខនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤។
(រូបថត៖ THX/TTXVN)

ផ្តល់អាទិភាពដល់សកម្មភាពបន្ទាន់

ក្នុងបរិបទដែលអសន្តិសុខស្បៀងអាហារសកលកំពុងកើនឡើងដូចបច្ចុប្បន្ន អង្គការសហប្រជាជាតិបានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់។ យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ភាពអត់ឃ្លាននិងភាពក្រីក្រតែងតែនាំទៅកុបកម្ម៖

«ប្រសិនបើមិនធ្វើសកម្មភាពទេ ស្ថានការណ៍នឹងកាន់តែអាក្រក់ទៅៗ។ ជម្លោះ កំពុងកើនឡើង វិបត្តិអាកាសធាតុកំពុងផ្ទុះឡើង នៅពេលដែលការបំភាយឧស្ម័នបន្ត កើនឡើង។ ដើម្បីជៀសវាងការគំរាមកំហែងកាន់តែកើនឡើងៗ ចំពោះសន្តិភាព និង សន្តិសុខអន្តរជាតិ យើងត្រូវរួមដៃគ្នាធ្វើសកម្មភាពភ្លាមមួយរំពិចដើម្បីបំផ្លាញទំនាក់ ទំនងដ៏គ្រោះថ្នាក់រវាងជម្លោះ ការប្រែប្រួលអាកាសធាតុ និងអសន្តិសុខស្បៀងអាហារ”។

និយាយពីប្រធានបទនេះ ក្នុងសិក្ខាសាលាអន្តរជាតិមួយដែលធ្វើឡើងនៅថ្ងៃទី ១៤ ខែកុម្ភៈនៅទីក្រុងរ៉ូម (ប្រទេសអ៊ីតាលី) ប្រធានមូលនិធិអភិវឌ្ឍន៍កសិកម្មអន្តរជាតិ របស់អង្គការសហប្រជាជាតិ (IFAD) លោក Alvaro Lario បានអំពាវនាវឱ្យមានការ វិនិយោគបន្ថែមទៀតសម្រាប់នវានុវត្តន៍ក្នុងវិស័យកសិកម្មដោយមានកត្តាស្នូលជាគំរូ កសិកម្មខ្នាតតូចនិងមធ្យមនៅតំបន់ជនបទ។ យោងតាមលោកប្រធាន IFAD ពិភព លោកបច្ចុប្បន្នមានមនុស្សប្រហែល ៣ ពាន់លាននាក់ ដែលរស់នៅក្នុងតំបន់ជនបទនៃ ប្រទេសកំពុងអភិវឌ្ឍន៍នានា ហើយស្ទើរតែទាំងអស់ធ្វើផលិតកម្មកសិកម្មខ្នាតតូច ដោយទទួលបានត្រឹមតែ ១% នៃប្រភពហិរញ្ញវត្ថុអាកាសធាតុសកល។ លោកប្រធាន IFAD បានធ្វើអត្ថាធិប្បាយថា ត្រូវតែផ្លាស់ប្តូរប្រការនេះ ព្រោះកសិករគឺជាមុខសញ្ញា ដំបូងគេដែលរងផលប៉ះពាល់ដោយផ្ទាល់ពីការប្រែប្រួលអាកាសធាតុ ដូច្នេះពួកគេ ចាំបាច់ត្រូវទទួលបានការបំពាក់ឱ្យកាន់តែប្រសើរឡើងទាក់ទងនឹងហិរញ្ញវត្ថុ និង បច្ចេកវិទ្យា៕

ប្រតិកម្មទៅវិញ