ពិភពលោកនិងបញ្ហាប្រយុទ្ធប្រឆាំងអំពើភេរវកម្ម

Chia sẻ

(VOVWORLD) - ចាប់តាំងពីឆ្នាំ ២០១៥ មក ថ្ងៃទី ២១ ខែសីហាជារៀងរាល់ឆ្នាំត្រូវបានអង្គការ សហប្រជាជាតិ (UN) ជ្រើសរើសជាទិវាអន្តរជាតិសម្រាប់រំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះ ដោយអំពើភេរវកម្ម។ នៅក្នុងសារដែលបានចេញផ្សាយក្នុងឱកាសនេះ អង្គការសហ ប្រជាជាតិបានសង្កត់ធ្ងន់លើការព្យាបាលស្នាមរបួសផ្លូវចិត្តសម្រាប់ជនរងគ្រោះ ព្រមទាំង ព្រមានថាលទ្ធិភេរវកម្មកំពុងមានសញ្ញានៃការលេចឡើងនៅក្នុងតំបន់ជាច្រើនជុំវិញ ពិភពលោក។  

ប្រធានបទនៃទិវាអន្តរជាតិសម្រាប់រំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយលទ្ធិភេរវកម្មឆ្នាំនេះដែលត្រូវបានជ្រើសរើសដោយអង្គការសហប្រជាជាតិគឺ "សំឡេងដើម្បីសន្តិភាព៖ ជនរងគ្រោះដោយលទ្ធិភេរវកម្មក្នុងនាមជាអ្នកគាំទ្រ និងអប់រំសន្តិភាព"។

ពិភពលោកនិងបញ្ហាប្រយុទ្ធប្រឆាំងអំពើភេរវកម្ម - ảnh 1ការដាក់ផ្កាដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។
(រូបថត៖ THX/TTXVN)

ផ្ទៀងស្តាប់ជនរងគ្រោះ

ក្នុងសារដែលបានផ្ញើកាលពីថ្ងៃទី ២១ ខែសីហា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា ការដែលអង្គការសហប្រជាជាតិ បានជ្រើសរើសប្រធានបទ "សំឡេងដើម្បីសន្តិភាព" ក្នុងឆ្នាំនេះគឺដើម្បីធានាថា ជន រងគ្រោះ និងអ្នករស់រានមានជីវិតពីឧប្បត្តិហេតុភេរវកម្ម ជានិច្ចកាលត្រូវបានគេផ្ទៀងស្ដាប់ហើយគ្មានពេលណាត្រូវគេបំភ្លេចនោះទេ។ យោងតាមអង្គការសហប្រជាជាតិ ជនរងគ្រោះ ដោយលទ្ធិភេរវកម្មភាគច្រើនគឺជាជនស៊ីវិល ដូច្នេះជីវភាពរបស់អ្នករស់រានមានជីវិត ពីឧប្បត្តិហេតុភេរវកម្ម ឬក្រុមគ្រួសាររបស់ពួកគេ រងការខូចខាតដែលមិនអាចជួសជុល បានទេ។ នៅសហរដ្ឋអាមេរិក ជិត ២៣ ឆ្នាំក្រោយពីការវាយប្រហារភេរវកម្មលើអគារ ភ្លោះនៅទីក្រុងញូវយ៉ក (ថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១) មនុស្សរាប់ពាន់នាក់នៅតែមិន ជាសះស្បើយពីជំងឺភ័យខ្លាច ហើយសូម្បីតែនៅតែត្រូវទទួលការព្យាបាលសម្រាប់ ជំងឺផ្លូវចិត្តបន្ទាប់ពីឧប្បត្តិហេតុនេះក៏ដោយ។

នៅអឺរ៉ុប ការវាយប្រហារភេរវកម្មទៅលើរថភ្លើងក្នុងខែមីនា ឆ្នាំ២០០៤ នៅទីក្រុង ម៉ាឌ្រីដ (អេស្ប៉ាញ) ដែលបណ្ដាលឲ្យមនុស្ស ១៩៣ នាក់ស្លាប់ និងជិត ២.០០០នាក់រង របួស នៅតែបន្សល់ទុកស្នាមរបួសដែលមិនអាចព្យាបាលបាន។ នៅប្រទេសបារាំង កាលពីខែឧសភាកន្លងទៅ ការធ្វើអត្តឃាតរបស់វិចិត្រករ Fred Dewilde អ្នករស់រាន មានជីវិតពីការវាយប្រហារភេរវកម្មលើរោងមហោស្រព Bataclan ក្នុងទីក្រុងប៉ារីស កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ បានធ្វើឱ្យសាធារណៈមតិរង្គោះរង្គើយ៉ាងខ្លាំង។ នៅក្នុងការថ្លែងជាច្រើនមុននោះ លោក Fred Dewilde បាននិយាយម្តងហើយម្តងទៀតថា លោកមិនអាចទ្រាំទ្រនឹងការឈឺចាប់ទាំងខាងផ្លូវកាយ និងផ្លូវចិត្ត បន្ទាប់ពីការវាយប្រហារ ភេរវកម្មឡើយ ទោះបីជាលោកបានលះបង់កម្លាំងទាំងអស់ដើម្បីនិពន្ធសៀវភៅ កំប្លែងចំនួន ៤ ក្បាល ដើម្បីរក្សាទុកអនុស្សាវរីយ៍អំពីការវាយប្រហារភេរវកម្ម Bataclan ក៏ដោយ។

ពិភពលោកនិងបញ្ហាប្រយុទ្ធប្រឆាំងអំពើភេរវកម្ម - ảnh 2អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងនៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។ (រូបថត៖ IRNA/TTXVN)

យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres សហគមន៍អន្តរជាតិចាំបាច់ត្រូវផ្ទៀងស្តាប់ "សំឡេងនៃសន្តិភាព" របស់ជនរងគ្រោះ ទាំងនេះ ព្រមទាំង ចាំបាច់ត្រូវផ្តល់ឱ្យពួកគេនូវបេសកកម្មជាអ្នកធ្វើចលនា និងអប់រំ សន្តិភាព តាមនោះជួយមនុស្សជំនាន់ក្រោយឱ្យយល់ច្បាស់ពីផលប៉ះពាល់ជា មហន្តរាយនៃលទ្ធិភេរវកម្ម។

“អំពើភេរវកម្មបានបង្កឡើងការឈឺចាប់ដែលមិនអាចនឹកស្មានដល់។ គ្រួសារ និងសហគមន៍ដែលរងការបំផ្លាញដោយអំពើភេរវកម្ម នាពេលក្រោយមកនឹងផ្លាស់ប្តូរ ជារៀងរហូត។ ដូច្នេះហើយ ការឆ្លុះបញ្ចាំងពីការឈឺចាប់ផ្ទាល់ខ្លួន ដើម្បីអប់រំអ្នកដទៃ គឺជាទង្វើដ៏ក្លាហានបំផុត។ ដូច្នេះ នេះជាឱកាសដើម្បីជំរុញឱ្យយើងផ្ទៀងស្តាប់និងសិក្សា”។

ការគំរាមកំហែងថ្មី

ទិវាអន្តរជាតិសម្រាប់រំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយលទ្ធិភេរវកម្មក៏ជាឱកាសសម្រាប់សហគមន៍អន្តរជាតិពិចារណាឡើងវិញ នូវការគំរាមកំហែងនៃលទ្ធិភេរវកម្មនៅលើពិភពលោកនៅពេលនេះផងដែរ។ យោងតាមរបាយការណ៍សន្ទស្សន៍ភេរវកម្ម សកល (GTI) នៅឆ្នាំនេះ លទ្ធិភេរវកម្មនៅតែជាការគំរាមកំហែងសកលដ៏ធ្ងន់ធ្ងរបំផុត មួយ។ កាលពីឆ្នាំមុន មនុស្សចំនួនជាង ៨៣៥០ នាក់បានស្លាប់ដោយសារអំពើភេរវកម្ម កើនឡើង ២២% បើធៀបនឹងឆ្នាំ ២០២២ និងជាចំនួនអ្នកស្លាប់ខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៧ មក។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀត យោងតាមអង្គការសហ ប្រជាជាតិ គឺកម្រិតសាហាវនៃការវាយប្រហារភេរវកម្មក៏មានការកើនឡើងផងដែរ។ ជាក់ស្តែង ចំនួនអ្នកស្លាប់ជាមធ្យម ក្នុងការវាយប្រហារភេរវកម្មកាលពីឆ្នាំមុនបានកើន ឡើង ៥៦% បើប្រៀបធៀបទៅនឹងឆ្នាំមុន ហើយជាអត្រាខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។

ពិភពលោកនិងបញ្ហាប្រយុទ្ធប្រឆាំងអំពើភេរវកម្ម - ảnh 3អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួល បន្ទុកការប្រយុទ្ធប្រឆាំងភេរវកម្ម លោក Boris Voronkov។ (រូបថត៖ UN)

ក្នុងកិច្ចប្រជុំពិសេសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី៨ ខែសីហា អង្គការសហប្រជាជាតិក៏បានព្រមានអំពីការលេចឡើងនៃក្រុមភេរវកម្ម ដែលជាសាខារបស់អង្គការភេរវកម្មស្វ័យប្រកាសរដ្ឋអ៊ីស្លាម (IS) ជាពិសេសនៅ អាហ្វ្រិកខាងលិច និងតំបន់ Sahel។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួល បន្ទុកការប្រយុទ្ធប្រឆាំងភេរវកម្ម លោក Boris Voronkov បានព្រមានថា៖

“ស្ថានភាពភេរវកម្មនៅអាហ្វ្រិកខាងលិច និងតំបន់ Sahel នៅតែស្មុគស្មាញ និងមានបញ្ហាប្រឈមជាច្រើន។ ក្រុមភេរវកម្មបន្តពង្រីកនៅតំបន់ Sahel ហើយ បង្កការខូចខាតធ្ងន់ធ្ងរ បំផ្លាញស្ថិរភាពក្នុងតំបន់។ សាខាចំនួនពីររបស់ IS ក្នុងតំបន់ បានពង្រីក និងពង្រឹងតំបន់ប្រតិបត្តិការ។ ប្រសិនបើក្រុមទាំងនេះពង្រីកឥទ្ធិពលរបស់ ពួកគេចូលទៅក្នុងប្រទេសឆ្នេរសមុទ្រនៃអាហ្រ្វិកខាងជើង គឺតំបន់ដែនដីដ៏ធំមួយ ចាប់ពីប្រទេសម៉ាលីរហូតដល់ភាគខាងជើងប្រទេសនីហ្សេរីយ៉ា អាចធ្លាក់នៅ ក្រោមការកាន់កាប់ជាក់ស្តែងរបស់បណ្ដាក្រុមនេះ”។

យោងតាមអ្នកជំនាញផ្នែកសន្តិសុខ ការវិវឌ្ឍន៍ថ្មីៗនៅអាហ្រ្វិកខាងលិច និងតំ បន់ Sahel អាចធ្វើឲ្យកើតឡើងវិញនូវសេណារីយ៉ូដែលក្រុម IS ទន្ទ្រានកាន់កាប់តំបន់ ដែនដីនានា ដូចមួយទសវត្សរ៍មុននៅក្នុងប្រទេសស៊ីរី និងភាគខាងជើងអ៊ីរ៉ាក់ ដែលបង្ក ឡើងការគំរាមកំហែងសន្តិសុខជាប្រចាំដល់តំបន់។ បរិបទបច្ចុប្បន្នដែលជម្លោះ កំពុងរីករាលដាលនៅមជ្ឈិមបូព៌ា រួមជាមួយនឹងអស្ថិរភាពនយោបាយនៅក្នុងប្រទេស អាហ្វ្រិកមួយចំនួន ក៏បណ្ដាលឲ្យកិច្ចខិតខំប្រឹងប្រែងការពារហានិភ័យនេះកាន់តែពិបាក ផងដែរ៕

ប្រតិកម្មទៅវិញ