រូបថតឧទាហរណ៍៖ vietnamplus.vn |
គ្រោះថ្នាក់ដែលអាចកើតមានចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានបើកកិច្ចប្រជុំជាមួយនឹងការអះអាងថា AI មានសក្តានុពលក្នុងការកែលម្អការថែទាំសុខភាព ការអប់រំ និងទិដ្ឋភាពផ្សេងទៀតនៃជីវភាពរស់នៅរបស់មនុស្ស។ អង្គការសហប្រជាជាតិក៏កំពុងប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីកំណត់អត្តសញ្ញាណនៃទម្រង់ហិង្សា ឃ្លាំមើលបទឈប់បាញ់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព។ ទោះជាយ៉ាងណាក៏ដោយ ឧបករណ៍ AI ក៏អាចត្រូវបានប្រើសម្រាប់អំពើបំផ្លិចបំផ្លាញ ភេរវកម្ម និងឧក្រិដ្ឋកម្ម ហើយអាចបង្កឡើងផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខសកលផងដែរ។ វាអាចត្រូវបានប្រើដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត និងរឿងអវិជ្ជមានផ្សេងៗ។ បើគ្មានវិធានការដើម្បីដោះស្រាយហានិភ័យទាំងនេះទេ ពិភពលោកនឹងខ្វះការទទួលខុសត្រូវចំពោះមនុស្សជំនាន់បច្ចុប្បន្ននិងអនាគត។ ដូច្នេះហើយ អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យបង្កើតគោលការណ៍អន្តរជាតិ ដើម្បីគ្រប់គ្រងហានិភ័យដែលបង្កឡើងដោយ AI។ បណ្តាប្រទេសគួរតែបង្កើតសន្ធិសញ្ញាដោយមានលក្ខណៈចាប់បង្ខំផ្លូវច្បាប់ ដើម្បីហាមឃាត់ប្រព័ន្ធអាវុធស្វយ័តពីការសម្លាប់មនុស្សនៅចុងឆ្នាំ ២០២៦។ លើសពីនេះ គួរតែបង្កើតក្រុមការងារមួយដើម្បីពិភាក្សាអំពីការគ្រប់គ្រង AI លើទូទាំងពិភពលោក តម្រាប់តាមគំរូនៃទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ ឬអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។
យោងតាមលោក James Cleverly រដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលជាប្រធានប្ដូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែកក្កដា បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត "គ្មានព្រំដែន" ហើយនឹងផ្លាស់ប្តូរជាមូលដ្ឋាននូវគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតមនុស្ស ហើយអាចពង្រឹង ឬបំបែកស្ថិរភាពយុទ្ធសាស្ត្រសកល។ គោលដៅរួមរបស់ពិភពលោកគឺពិនិត្យមើលហានិភ័យនៃ AI ហើយសម្រេចលើរបៀបកាត់បន្ថយហានិភ័យទាំងនោះតាមរយៈសកម្មភាពសម្របសម្រួលគ្នា។
ក្នុងពេលជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Zhang Jun បានពិពណ៌នា AI ថា ជា "ដាវមុខពីរ"។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ទីក្រុងប៉េកាំងគាំទ្រការបង្កើតទីភ្នាក់ងារសម្របសម្រួលគោលការណ៍ប្រើប្រាស់ AI។ តើ AI ល្អឬអាក្រក់ អាស្រ័យលើរបៀបដែលមនុស្សប្រើវា។ ហើយប្រទេសនានាគួរតែរួមគ្នាកែសម្រួលការប្រើប្រាស់ AI។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Jeffrey DeLaurentis ចាត់ទុកថា ប្រទេសនានាចាំបាច់ត្រូវធ្វើការរួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រង AI និងបច្ចេកវិទ្យាដែលទើបលេចចេញផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស ការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខ។
សកម្មភាពរបស់សហគមន៍អន្តរជាតិ
ហានិភ័យដែលអាចកើតមាននៃបញ្ញាសិប្បនិម្មិត AI បណ្ដាលឱ្យប្រទេសជាច្រើនព្រួយបារម្ភ។ ពីអាមេរិកទៅអឺរ៉ុប សកម្មភាពគ្រប់គ្រងត្រូវបានរឹតបន្តឹងជាបណ្តើរៗ។ កិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងជាងគេ កំពុងដំណើរការនៅក្នុងសហភាពអឺរ៉ុប ដែលមានបំណងចង់បង្កើតច្បាប់ដំបូងបង្អស់លើពិភពលោកស្ដីពីការគ្រប់គ្រង AI។ សមាជិកសភាអ៊ឺរ៉ុប (EP) កាលពីថ្ងៃទី ១៤ ខែមិថុនា បានបោះឆ្នោតអនុម័តលើជំហរចរចាអំពីច្បាប់បញ្ញាសិប្បនិម្មិត សំដៅចេញផ្សាយក្របខ័ណ្ឌច្បាប់ក្នុងពេលឆាប់ៗនេះ ដើម្បីគ្រប់គ្រងប្រព័ន្ធ AI ប៉ុន្តែមិនរារាំងការអភិវឌ្ឍនៃវិស័យនេះទេ។
នៅក្នុងខែមិថុនាផងដែរ ព្រឹទ្ធសមាជិកអាមេរិកបានស្នើរឡើងសេចក្ដីព្រាងច្បាប់ចំនួនពីរទាក់ទងនឹងបទប្បញ្ញត្តិគ្រប់គ្រង AI។ សេចក្ដីព្រាងច្បាប់មួយក្នុងចំណោមនោះ តម្រូវឱ្យទីភ្នាក់ងារសាធារណៈរបស់សហរដ្ឋអាមេរិកបង្ហាញតម្លាភាពអំពីការប្រើប្រាស់បច្ចេកវិទ្យា AI នៅពេលមានទំនាក់ទំនងជាមួយប្រជាជន។ សេចក្ដីព្រាងច្បាប់នេះក៏តម្រូវឱ្យអាជ្ញាធរបង្កើតយន្តការដើម្បីឲ្យប្រជាជនអាចតវ៉ានឹងការសម្រេចចិត្តដែលធ្វើឡើងដោយ AI។ ក្នុងពេលជាមួយគ្នានោះ សេចក្ដីព្រាងច្បាប់នៅសេសសល់ ស្នើឱ្យបង្កើតទីភ្នាក់ងារវិភាគមួយ ដើម្បីធានាថាសហរដ្ឋអាមេរិកជានិច្ចកាលនាំមុខគេក្នុងការប្រណាំងប្រជែងអភិវឌ្ឍន៍ AI។
ថ្មីៗនេះ កាលពីថ្ងៃទី ១៣ ខែកក្កដា ប្រទេសចិនបានចេញផ្សាយ "វិធានការបណ្តោះអាសន្នសម្រាប់ការគ្រប់គ្រងសេវាកម្មបញ្ញាសិប្បនិម្មិត (AI)" (គ្រប់គ្រងក្បួនដោះស្រាយបញ្ញាសិប្បនិម្មិតដែលអាចនិពន្ធនិងបង្កើតខ្លឹមសារ ដូចជារូបភាព វីដេអូ សំឡេង លេខកូដ និងអត្ថបទ)។ វិធានការនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១៥ ខែសីហាខាងមុខ។ នេះជាបទប្បញ្ញត្តិគ្រប់គ្រង AI ដំបូងគេរបស់ប្រទេសចិន។
ផលប្រយោជន៍ដែល AI នាំមកជូនពិភពលោកគឺមិនអាចបដិសេធបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការដែលផ្លាតហ្វមឌីជីថលត្រូវបានបង្កើតឡើងដោយគ្មានការវាយតម្លៃពេញលេញអំពីហានិភ័យដែលអាចកើតមានចំពោះសង្គម បានបង្ខំឱ្យប្រទេសជាច្រើនស្វែងរកវិធីគ្រប់គ្រងដើម្បីធានាថាបច្ចេកវិទ្យានេះមិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស៕