នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva (រូបថត៖ Reuters) |
នៅក្នុងការប្រកាសជាផ្លូវការថ្មីបំផុតកាលពីថ្ងៃទី ៦ ខែតុលា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលអូសបន្លាយពេលយូរ។ ក្នុងនោះ កំណើនសេដ្ឋកិច្ចនៅតាមប្រទេសធំៗ សុទ្ធតែធ្លាក់ចុះ។ មុននោះ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអ្នកវិភាគជាច្រើនក៏បានចេញការព្រមាន និងការព្យាករណ៍ស្រដៀងគ្នានេះផងដែរ ដោយឆ្លុះបញ្ចាំងពីការពិតគួរឲ្យព្រួយបារម្ភសម្រាប់សេដ្ឋកិច្ចពិភពលោក។
ស្ថានភាពជាក់ស្តែងនិងការព្យាករណ៍គួរឱ្យព្រួយបារម្ភ
យោងតាមការប៉ាន់ប្រមាណរបស់ IMF ក្នុងដំណាក់កាលពីបច្ចុប្បន្នដល់ឆ្នាំ ២០២៦GDP សកលនឹង ខាតបង់ប្រហែល ៤ ពាន់ពាន់លានដុល្លាអាមេរិក ដែលស្មើនឹង GDP នៃសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប គឺសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បានពណ៌នាការខាតបង់នេះថាជា "ជំហានថយក្រោយដ៏ធំសម្រាប់សេដ្ឋកិច្ចពិភពលោក"។ ស្ថាប័នហិរញ្ញវត្ថុសកលបានវាយតម្លៃថា មានកត្តាសំខាន់ៗចំនួនបីដែលគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចពិភពលោកនោះគឺ៖ វិបត្តិថាមពលនៅអឺរ៉ុប ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន; អតិផរណាខ្ពស់នៅក្នុងសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកគឺសហរដ្ឋអាមេរិក ហើយការអភិវឌ្ឍន៍មិនល្អនៅក្នុងទីផ្សារអចលនទ្រព្យនៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកគឺប្រទេសចិន។ ជាមួយនឹងស្ថានភាពជាក់ស្តែងនេះ IMF បានទម្លាក់ការព្យាករណ៍របស់ខ្លួនសម្រាប់កំណើន GDP សកលនៅឆ្នាំ ២០២២ មកត្រឹម ៣,២% និងឆ្នាំ ២០២៣ ចុះត្រឹម ២,៩% ហើយ ទាបជាង ០,៤% និង ០,៧% បើប្រៀបនឹងការព្យាករណ៍មុននេះបីខែ។
ដូចគ្នានេះដែរ នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី ៥ ខែតុលា អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏បានទម្លាក់ការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៣ ពីកម្រិត ៣,៣% ចុះត្រឹម ២,៣% ដែលបានព្យាករណ៍មុននោះ។ មិនត្រឹមតែប៉ុណ្ណោះ WTO បានព្រមានថា អត្រានេះអាចថយចុះកាន់តែច្រើន ប្រសិនបើធនាគារកណ្តាលដំឡើងអត្រាការប្រាក់យ៉ាងចាស់ដៃ ដើម្បីទប់ស្កាត់អតិផរណា។ សម្រាប់សកម្មភាពពាណិជ្ជកម្មដោយឡែក អង្គការ WTO ព្យាករណ៍ថា ការនាំចូល និងការនាំចេញសកលនឹងកើនឡើងត្រឹមតែ ១% ក្នុងឆ្នាំ ២០២៣ ពោលគឺ តិចជាងមួយភាគបីនៃកម្រិតកំណើន ៣,៤% នៅក្នុងការព្យាករណ៍ពីមុននោះ។
នៅក្នុងសេដ្ឋកិច្ចដ៏ធំបំផុត គឺសហរដ្ឋអាមេរិក មជ្ឈដ្ឋានធុរកិច្ចនៃប្រទេសនេះក៏មើលឃើញពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ចយ៉ាងច្បាស់ណាស់ដែរ។ ការស្ទង់មតិដែលបានចេញផ្សាយនៅថ្ងៃទី ៤ ខែតុលា របស់ក្រុមហ៊ុនសវនកម្មឈានមុខគេរបស់ពិភពលោក KPMG (មានមូលដ្ឋាននៅប្រទេសហូឡង់) ដែលអនុវត្តន៍សម្រាប់អ្នកដឹកនាំ ៤០០ នាក់ (CEO) នៃក្រុមហ៊ុនធំ ៗ របស់សហរដ្ឋអាមេរិកបានបង្ហាញថា៖ ចំនួន ៩១% នៃនាយកប្រតិបត្តិព្យាករណ៍ថា វិបត្តិសេដ្ឋកិច្ចនឹងកើតក្នុងរយៈពេល ១២ ខែខាងមុខ។ មានតែនាយកប្រតិបត្តិចំនួន ៣៤% ប៉ុណ្ណោះ ដែលត្រូវបានស្ទង់មតិគិតថា វិបត្តិសេដ្ឋកិច្ចនឹងមានលក្ខណៈស្រាល និងប្រព្រឹត្តទៅរយៈពេលខ្លី។ មុននោះ ការស្ទង់មតិដែលបានចេញផ្សាយនៅក្នុងខែកញ្ញាដោយក្រុមហ៊ុនប្រឹក្សា Marcum និងសាលាអាជីវកម្ម Frank G. Zarb នៃសាកលវិទ្យាល័យ Hofstra (សហរដ្ឋអាមេរិក) ក៏បានបង្ហាញលទ្ធផលស្រដៀងគ្នាដែរ ជាមួយនឹង CEO ជាង ៩០% នៃក្រុមហ៊ុនខ្នាតមធ្យមនៅសហរដ្ឋអាមេរិក ដែលមានការព្រួយបារម្ភអំពី ហានិភ័យនៃវិបត្តិសេដ្ឋកិច្ច។
ចំពោះទស្សនវិស័យស្រាវជ្រាវទាំងមូល អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិជាច្រើនបានចង្អុលបង្ហាញពីសញ្ញាជាបន្តបន្ទាប់ដែលថា សេដ្ឋកិច្ចពិភពលោកកំពុងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ច ដូចជាការឡើងថ្លៃខ្លាំងរបស់ប្រាក់ដុល្លារ; សន្ទុះនៅក្នុងសេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះ; សហគមន៍អាជីវកម្មរឹតបន្តឹងការចំណាយ និងការវិនិយោគ រួមទាំង ទីផ្សារភាគហ៊ុនធ្លាក់ចុះ; អស្ថិរភាពភូមិសាស្ត្រនយោបាយកើនឡើងនៅក្នុងតំបន់ជាច្រើននៃពិភពលោក…ជាដើម។
ធ្វើសកម្មភាពប្រកបដោយការប្រុងប្រយ័ត្ន
នៅចំពោះមុខហានិភ័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោកកាន់តែលេចឡើងយ៉ាងច្បាស់ លាស់ អង្គការសហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអ្នកជំនាញសេដ្ឋកិច្ចបានដាក់ចេញនូវអនុសាសន៍ជាបន្តបន្ទាប់ ដោយបានអំពាវនាវឱ្យរដ្ឋាភិបាលនានា ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗ ចាំបាច់ត្រូវចាត់វិធានការយ៉ាងប្រុងប្រយ័ត្នបន្ថែមទៀត ជាមួយនឹងវិធានការទប់ទល់នឹងអតិផរណា។ ក្នុងនោះ ត្រូវយកចិត្តទុកដាក់ជាពិសេស ចំពោះមុខសញ្ញាដែលងាយរងគ្រោះ និងរងផលប៉ះពាល់ធ្ងន់បំផុត។
ថ្លែងមតិនៅសកលវិទ្យាល័យ Georgetown (សហរដ្ឋអាមេរិក) នៅថ្ងៃទី ៦ ខែតុលា អគ្គនាយក IMF លោកស្រី Kristalina Georgieva បានលើកច្បាស់ថា ការរឹតបន្តឹងរូបិយវត្ថុច្រើនពេក នឹងជំរុញឱ្យពិភពលោកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងយូរ។ ដូច្នេះ រដ្ឋាភិបាលត្រូវបានលើកទឹកចិត្តឱ្យឆ្លើយតបជាមួយនឹងគោលនយោបាយសារពើពន្ធបណ្តោះអាសន្ន ដែលមានគោលដៅ ដើម្បីគាំទ្រក្រុមដែលរងគ្រោះខ្លាំងបំផុត។
ដូចគ្នានេះផងដែរ របាយការណ៍ប្រចាំឆ្នាំស្តីពីយថាទស្សនសេដ្ឋកិច្ចសកលរបស់សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) ដែលបានចេញផ្សាយកាលពីដើមខែនេះក៏បានព្រមាន ថា ការរឹតបន្តឹងនូវគោលនយោបាយរូបិយវត្ថុ (ការដំឡើងអត្រាការប្រាក់) នឹងបង្កឱ្យមានការខាតបង់បន្ថែមដោយជៀសមិនរួច។ UNCTAD អះអាងថា ការដំឡើងអត្រាការប្រាក់មិនបានជួយការដោះស្រាយការខ្វះខាតស្បៀងអាហារ និងថាមពលនោះទេ។ ដូច្នេះ អ្នកបង្កើតគោលនយោបាយគួរតែផ្តោតលើវិធានការដូចជា ការកំណត់តម្លៃថាមពល ការបង្កើនថវិកាពីការកើនឡើងនៃប្រាក់ចំណូលពន្ធ និងប្រាក់ចំណេញរបស់ក្រុមហ៊ុនថាមពល...។ អគ្គលេខាឌធិការ UNCTAD Rebeca Grynspan បានជឿជាក់ថា “នៅមានពេលវេសាសម្រាប់យើងរួចផុតពីជ្រោះហានិភ័យ។ យើងមានឧបករណ៍ដើម្បីបញ្ចុះកំដៅអតិផរណា និងឧបត្ថម្ភដល់ក្រុមងាយរងគ្រោះទាំងអស់”៕