ពន្លឿនសកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

Chia sẻ
(VOVWORLD) - កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ និងថាមពល មុនកិច្ចប្រជុំលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28) បានប្រព្រឹត្តទៅនាថ្ងៃទី ២ ខែតុលា នៅទីក្រុងម៉ាឌ្រីត (អេស្ប៉ាញ) ។ 
ពន្លឿនសកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ - ảnh 1ទិដ្ឋភាពស្ងួតនៅវាលស្រែក្នុងក្រុង Walgett ប្រទេសអូស្ត្រាលី។ រូបថត៖ AFP/TTXVN

ដោយប្រព្រឹត្តិទៅក្នុងបរិបទដែលនាពេលថ្មីៗនេះ អង្គការសហប្រជាជាតិបានព្រមានម្តងហើយម្តងទៀតថា បណ្តាប្រទេសកំពុងយឺតយ៉ាវក្នុងការអនុវត្តការសន្យាប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ កិច្ចប្រជុំគឺជាឱកាសសម្រាប់ប្រទេសនានាក្រឡេកមើលឡើងវិញរាល់ការសន្យា និងពន្លឿនល្បឿនសកម្មភាព ទប់ស្កាត់ស្ថានការណ៍ឡើងកំដៅរបស់ភពផែនដី។

កិច្ចប្រជុំទាក់ទាញបានការចូលរួមរបស់រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជួរមុខប្រមាណ ៤០ រូប នៅលើពិភពលោក លើវិស័យបរិស្ថាន និងថាមពល។ បញ្ហាដូចជា៖ការវិនិយោគលើថាមពលកកើតឡើងវិញ ជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុល អភិវឌ្ឍន៍ថាមពលស្អាតគឺជាខ្លឹមសារស្នូលនៃកិច្ចប្រជុំ។

គំនិតជាក់ស្តែងជាច្រើន

អង្គប្រជុំបានឯកភាពគ្នាអំពីគំនិតផ្ដូចផ្ដើមបង្កើតសម្ព័ន្ធភាពអន្តរជាតិ លុបបំបាត់រាល់ទម្រង់ឧបត្ថម្ភ និងអនុគ្រោះពន្ធសម្រាប់ឥន្ធនៈហ្វូស៊ីល។ គំនិតនេះត្រូវបានរដ្ឋមន្ត្រីក្រសួងអាកាសធាតុហូឡង់ លោក Rob Jetten លើកឡើង ហើយរដ្ឋាភិបាលហូឡង់នឹងធ្វើចលនាយ៉ាងសកម្ម ដើម្បីបង្កើតសម្ព័ន្ធភាពនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ មុនកិច្ចប្រជុំ COP 28 ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកាដល់ ថ្ងៃទី ១២ ខែធ្នូនៅទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម (UAE)។

លោកបណ្ឌិត Fatih Birol នាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសន្យារបស់ភាគីពាក់ព័ន្ធនានាចំពោះគំនិតនេះ។ លោក Fatih Birol បានចាត់ទុកថា ការកសាងផែនការយ៉ាងច្បាស់លាស់ដើម្បីលុបបំបាត់ឥន្ធនៈហ្វូស៊ីល គឺជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌចំនួន ៥ ដែលកំណត់ថា តើកិច្ចប្រជុំកំពូល COP 28 នាពេលខាងមុខនឹងទទួលបានជោគជ័យដែរឬអត់។ លក្ខខណ្ឌដែលនៅសេសសល់គឺការកើនឡើងបីដងនៃការវិនិយោគលើថាមពលកកើតឡើងវិញ ការបង្កើនទ្វេដងសម្រាប់ផលិតភាពប្រើប្រាស់ថាមពល ការកាត់បន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការកសាងយន្តការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុសម្រាប់ថាមពលបៃតងនៅតាមប្រទេសកំពុងអភិវឌ្ឍន៍។ លោកស្រី Teresa Ribera រដ្ឋមន្ត្រីក្រសួងថាមពលអេស្បាញ ដែលជាប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំ ព្រមទាំងជាប្រទេសកំពុងកាន់តំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុបប្ដូរវេន បាននិយាយថា ការបង្កើតសម្ព័ន្ធភាពលុបបំបាត់អនុគ្រោះសម្រាប់ឥន្ធនៈហ្វូស៊ីលនឹងជាការបោះជំហានដើមដំបូង។

ពន្លឿនសកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ - ảnh 2ប្រធាន COP28 លោក Sultan Ahmed al-Jaber  ។ រូបថត៖ AFP/TTXVN

នៅតែមានឧបសគ្គជាច្រើន

យោងតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុដែលបានអនុម័តក្នុងកិច្ចប្រជុំ COP 21 (ឆ្នាំ ២០១៥ នៅទីក្រុងប៉ារីស) ប្រទេសជាសមាជិកចំនួន ១៩៥ បានឯកភាពគ្នាកាត់បន្ថយការកើនឡើងសីតុណ្ហភាពភពផែនដីមិនឱ្យលើសពី ២ អង្សាសេ បើប្រៀបធៀបទៅនឹងសម័យមុនបដិវត្តន៍ឧស្សាហកម្ម (នា ទស្សវត្សរ៍ឆ្នាំ ១៩៥០ នៃសតវត្សរ៍ទី ១៩) ហើយខិតខំប្រឹងប្រែងនាំតួរលេខនេះចុះកម្រិត ១,៥ អង្សាសេ។

ចាប់តាំងពីពេលនោះមក ប្រទេសនានាកំពុងមានវឌ្ឍនភាពជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយពេលថយចុះបន្តិចនៅពេលកើតមានជំងឺរាតត្បាតកូវីដ ១៩ ស្ថានការណ៍បញ្ចេញឧស្ម័នពុលបានកើនឡើងម្តងទៀត។ កាលពីឆ្នាំមុន ដង់ស៊ីតេឧស្ម័នផ្ទះកញ្ចក់ត្រូវបានកត់ត្រាក្នុងកម្រិតឯទគ្គកម្មថ្មីគឺ ៣៧ ពាន់លានតោន CO2 កាលពីឆ្នាំមុន។

ដើម្បីនាំការបញ្ចេញឧស្ម័នសុទ្ធដល់សូន្យត្រឹមឆ្នាំ ២០៥០ ចាប់ពីពេលនេះរហូតដល់ចុងទសវត្សរ៍នេះ ការបេញ្ចេញឧស្ម័នពុលពីធ្យូងថ្មក៏ត្រូវកាត់បន្ថយប្រហែលពី ៦៧ ទៅ ៨២% ហើយល្បឿនផ្លាស់ប្តូរទៅប្រភពថាមពលស្អាតជាងគឺត្រូវលឿនជាង ៦ ដង។ បញ្ហាសំខាន់មួយទៀតគឺ ធ្វើយ៉ាងម៉េចដើម្បីប្រទេសងាយរងគ្រោះបំផុត អាចត្រៀមរៀបចំល្អជាង ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ បណ្ដាខឿនសេដ្ឋកិច្ចជឿនលឿន ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹងត្រូវកំណត់គោលដៅអព្យាក្រឹតភាពកាបូនក្នុងរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០៥០ ដល់ឆ្នាំ ២០៤៥ ហើយចំពោះចិនគឺក្នុងរយៈពេល ១០ ឆ្នាំ ពោលគឺដល់ឆ្នាំ ២០៥០ ដើម្បីរក្សាគោលដៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងកំណត់ការឡើងកំដៅពិភពលោកមិនលើសពី ១,៥ អង្សាសេបើប្រៀបធៀបទៅនឹងសម័យមុនឧស្សាហកម្ម។

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ប្រទេសនានានៅតែបែកបាក់គ្នា រវាងភាគីម្ខាងទាមទារឱ្យមានកិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់ឥន្ធនៈហ្វូស៊ីលដែលបង្ករការឡើងកំដៅភពផែនដី ហើយភាគីម្ខាងទៀតគឺជាប្រទេសដែលរក្សាតួនាទីរបស់ធ្យូង ប្រេង និងឧស្ម័នធម្មជាតិយ៉ាងប្ដូរផ្ដាច់។ ក្រៅពីនោះ ភាពតានតឹងភូមិសាស្ត្រនយោបាយក៏ជាឧបសគ្គដ៏ធំចំពោះសកម្មភាពអាកាសធាតុ។ ដូច្នេះហើយ លទ្ធផល ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ និងថាមពលនៅអេស្ប៉ាញបានរួមចំណែកជាសំឡេងមួយក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ អំពាវនាវឱ្យប្រទេសនានារួមគ្នាពន្លឿនល្បឿនសកម្មភាពទប់ស្កាត់ស្ថានការណ៍ ឡើងកំដៅរបស់ភពផែនដីផងដែរ៕

ប្រតិកម្មទៅវិញ