គណៈប្រតិភូដែលបានចូលរួមពិធីរំលឹកខួបស្តេច Hung ឆ្នាំ ២០២១ (រូបថត៖ (laodong.vn) |
ជារៀងរាល់ឆ្នាំនៅថ្ងៃបុណ្យសែនខួបស្តេច Hung ប្រជាជនវៀតណាមរាប់លាននាក់ទោះបីជានៅទីណាក៏ដោយ ក៏សុទ្ធតែឆ្ពោះទៅកាន់ទឹកដីដូនតា ឆ្ពោះទៅកាន់វិហារ Hung ដើម្បីឧទ្ទិសកុសលផលដល់គុណបំណាច់របស់បណ្តាស្តេច Hung - បុព្វបុរសរបស់ប្រជាជាតិវៀតណាម ក្នុងបំណងបង្ហាញជំនឿលើដូនតា ថ្វាយទៀនធូបនៅវិហារស្តេច Hung ដើម្បីឧទ្ទិសកុសលអោយប្រទេសទាំងមូលមានសុខសន្តិភាព វិបុលភាពនិងប្រជាជនគ្រប់រូបមានភាពកក់ក្តៅនិងសប្បាយរីករាយ។
ចាប់តាំងពីប្រទេសជាតិមានឯករាជ្យមក បក្ស រដ្ឋនិងប្រជាជនតែងតែយកចិត្តទុកដាក់ជាពិសេសចំពោះការគោរពបូជាស្តេច Hung - បុព្វបុរសរួមរបស់ប្រទេសជាតិនិងបានវិនិយោគថវិកាដើម្បីស្តារនិងតុបតែងមណ្ឌលកេរិ៍ដំណែលប្រវត្តិសាស្រ្តនៃវិហារ Hung ឲ្យកាន់តែធំទូលាយដែលសក្តិសមជាកន្លែងគោរពបូជាបុព្វបុរសរួមរបស់ប្រជាជាជាតិ។
នៅថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ ១៩៤៦ លោកប្រធានហូជីមិញបានចេញក្រឹត្យលេខ ២២ ដោយកំណត់អំពីថ្ងៃឈប់សម្រាកប្រចាំឆ្នាំសំខាន់ៗ ដែលក្នុងនោះ មានចែងថា ខួបរបស់ស្តេច Hung ត្រូវបានឈប់សម្រាកមួយថ្ងៃ។ នៅថ្ងៃសែនខួបស្តេច Hung ឆ្នាំចអដ្ឋស័ក (១៩៤៦) - ជាឆ្នាំដំបូងដែលរដ្ឋាភិបាលថ្មីត្រូវបានបង្កើត លោក Huynh Thuc Khang ប្រធានស្តីទីបានចូលរួមពិធីសែនខួបស្តេច Hung ហើយបង្ហាញផែនទីប្រទេសវៀតណាមនិងដាវមួយ គោរពដូនតាអំពីប្រទេសជាតិកំពុងរងការឈ្លានពាននិងបួងសួងដល់បុព្វបុរសប្រទានពរឲ្យប្រទេសជាតិ ប្រជាជនមានសុខសន្តិភាពនិងវិបុលភាព រួមគ្នាកម្ចាត់សត្រូវឈ្លានពាន ការពារបូរណភាពទឹករបស់ប្រទេសជាតិ។
ពិធីដង្ហែក្បួនប្រគេននុំអន្សម នុំ Day សែនខួបស្តេច Hung (រូបថត៖ laodong.vn |
នាថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ១៩៥៤ បន្ទាប់ពីដឹកនាំការតស៊ូប្រឆាំងអាណានិគមនិយមបារាំងប្រកបដោយជោគជ័យ លោកប្រធានហូជីមិញបានអញ្ជើញទៅទស្សនាវិហារ Hung។ នៅទីនេះលោកប្រធានបានជួបសំណេះសំណាលនិងពិភាក្សាជាមួយកម្មាភិបាលនិងកងទ័ពនៃកងពលធំទ័ពស្រួច មុនពេលចូលគ្រប់គ្រងរដ្ឋធានីហាណូយ។ លោកបានមានបណ្តាំថា “បណ្តាស្តេច Hung មានគុណបំណាច់កសាងប្រទេសជាតិ /អ៊ុំនិងចៅៗ ត្រូវការពារប្រទេសជាតិ”។
នៅថ្ងៃទី ២ ខែមេសាឆ្នាំ ២០០៧ រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានអនុម័តលើការធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រា ៧៣ នៃច្បាប់ការងារ ពោលគឺ ថ្ងៃទី ១០ ខែទី៣ តាមប្រតិទិនចន្ទគតិ កម្មករ និយោជិកទាំងអស់ ត្រូវបានឈប់សម្រាក ដើម្បីចូលរួមសកម្មភាពឆ្ពោះទៅរកប្រភពដើម ដោយគោលបំណងពង្រឹងនិងពង្រីកផែនមហាសាមគ្គីជនជាតិទាំងមូលក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។
នាបច្ចុប្បន្ននេះ ពិធីសែនខួបស្តេច Hung ជារៀងរាល់ឆ្នាំគឺជាថ្ងៃបុណ្យថ្នាក់ជាតិដ៏ធំទូទាំងប្រទេស។ ជាមួយគ្នានេះ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍បានចេញឯកសារណែនាំអំពីការធ្វើពិធីសម្រាប់រំលឹកដល់វិញ្ជាណក្ខ័ន្ធបណ្តាស្តេច Hung ក៏ដូចជាបដិសណ្ឋារកិច្ចផ្សេងៗផងដែរ។
នៅក្នុងសម័យប្រជុំលើកទី ៧ របស់អង្គការ UNESCO នៅថ្ងៃទី ៦ ខែធ្នូឆ្នាំ ២០១២ ដោយមានការឯកភាពពីប្រទេស ២៤/២៤ នៅក្នុងគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការអនុវត្តអនុសញ្ញាឆ្នាំ ២០០៣ អង្គការ UNESCO បានអនុម័តជាផ្លូវការនូវការឧទ្ទេសនាមនិងលើកដំកើង “ជំនឿគោរពបូជាសែនស្តេច Hung នៅខេត្ត Phu Tho” ជាកេរិ៍ដំណែលវប្បធម៌អរូបីនៃមនុស្សជាតិ។ នេះជាព្រឹត្តិការណ៍សំខាន់ណាស់សម្រាប់ប្រជាជនវៀតណាម ក្នុងការគោរពតម្លៃតំណាងពិភពលោកនៃការគោរពបូជាស្ដេច Hung - ដូនតារួមរបស់ប្រជាជាតិទាំងមូល ដែលបង្ហាញពីកម្លាំងសាមគ្គីភាពដ៏ធំធេងក្នុងដំណើរការកសាងនិងការពារប្រទេសរាប់ពាន់ឆ្នាំរបស់ប្រជាជនវៀតណាម៕