អស់រយៈពេលជាច្រើនទសវត្សរ៍មក សហរដ្ឋអាមេរិកបានបន្តទទួលស្គាល់ករណីប៉ូលីសស្បែកសធ្វើការបង្ក្រាបហួសហេតុ ហើយបង្កផលវិបាកគួរឲ្យសោកស្ដាយ ចំពោះមនុស្សស្បែកខ្មៅ ដើមកំណើតអាហ្វ្រិក។ ពិតណាស់ថា បាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ជាច្រើនបានផ្ទុះឡើងនៅ
សហរដ្ឋអាមេរិក ជាមួយនឹងទ្រង់ទ្រាយខុសៗគ្នា។ ទោះយ៉ាងណាក៏ដោយ ករណីលើកនេះ បានបង្កើតរលកធ្វើបាតុកម្ម និងបាតុកម្មហឹង្សានៅទូទាំងសហរដ្ឋអាមេរិក ព្រមទាំងបញ្ឆេះការធ្វើបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅប្រទេសជាច្រើន។
បាតុកម្មហឹង្សានៅសហរដ្ឋអាមេរិក (រូបថត៖ TTXVN) |
សំណើរ ធ្វើកំណែទម្រង់កងកម្លាំងប៉ូលីសជាបន្ទាន់
លោកស្រី Vanita Gupta អតីតប្រមុខនាយកដ្ឋានសិទ្ធិស៊ីវិលនៃក្រសួងយុត្តិធម៌ក្រោមសម័យប្រធានាធិបតី លោក Barack Obama ហើយបច្ចុប្បន្នជាប្រមុខអង្គការចាត់តាំងសន្និសីទថ្នាក់ដឹកនាំ ស្ដីពីសិទ្ធិមនុស្សនិងសិទ្ធិស៊ីវិលនៅទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវឱ្យបើកការស៊ើបអង្កេតអំពីនាយកដ្ឋាន
ប៉ូលីស Minneapolis (MPD)។ តាមលោកស្រី Vanita Gupta ថា ការចោទប្រកាន់ព្រហ្មទណ្ឌទៅលើបុគ្គលប៉ូលីសដែលពាក់ព័ន្ធផ្ទាល់ដល់ករណី កាលពីថ្ងៃទី ២៥ ខែឧសភា គឺមិនគ្រប់គ្រាន ដើម្បីដោះស្រាយបញ្ហា ដែលមានលក្ខណៈជាប្រព័ន្ធក្នុងក្នុងនាយកដ្ឋានប៉ូលីសឡើយ។
ជាក់ស្ដែង ការស៊ើបអង្កេត និងរបាយការណ៍ជាច្រើនរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្ហាញថាការធ្វើកំណែទម្រង់កងកម្លាំងប៉ូលីសត្រូវបានលើកជាសំណើរក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ដូចជាការបង្កើនទំនួលខុសត្រូវសម្រាប់ប៉ូលីស និងការកាត់បន្ថយការប្រើប្រាសអាវុធ កសាងទំនុកទុកចិត្តចំពោះសហគមន៍។ ប៉ុន្តែប្រការទាំងនេះ ហាក់ដូចជាមិនសូវបានអនុវត្តឡើយ។ គួរកត់សម្គាល់ថា ក្នុងរយៈជាង ៣ ឆ្នាំកន្លងទៅ រដ្ឋអំណាចរបស់ប្រធានាធិបតី លោក Donald Trump បានដកវិធានការធ្វើកំណែទម្រង់ ប៉ូលីសជាច្រើន របស់រដ្ឋអំណាចអតីតប្រធានាធិបតី លោក Barack Obama។ លោក Jeff Sessions រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក បានដកបម្រាមផ្ទេរប្រគល់សម្ភារៈយោធាទៅឲ្យប៉ូលីសកាលពីឆ្នាំ ២០១៧។ បទហាមប្រាមនេះត្រូវបាន លោក Barack Obama ចេញផ្សាយ ក្រោយពីប៉ូលីសអាមេរិកបានប្រើប្រាស់រថពាសដែកបង្ក្រាបបាតុករនៅទីក្រុង Ferguson រដ្ឋ Missouri ពាក់ព័ន្ធនឹងករណីប៉ូលីសបាញ់សម្លាប់យុវជនមួយនាក់។ ក្រោយមក លោក Jeff Sessions បានស្តារកម្មវិមាត្រា ១០៣៣ ឡើងវិញ ដែលអនុញ្ញាតឱ្យមន្ទីរបញ្ចកោណបន្តការផ្ទេរប្រគល់ឧបករណ៍ និងអាវុធធុនធ្ងន់ ទៅឲ្យកងកម្លាំងនីតិប្រតិបត្តិ។
សម្ពាធចំពោះរដ្ឋអំណាចប្រធានាធិបតី លោក Donald Trump
ក្នុងករណីលើកនេះ រដ្ឋអំណាចប្រធានធិបតី លោក Donald Trump បានទទួលរងការរិះគន់យ៉ាងខ្លាំងខ្លាពី សាធារណៈមតិ ជាពិសេសពីភាគីប្រជាធិបតេយ្យ។ ទោះយ៉ាងណាក៏ដោយ យោងតាមមជ្ឈដ្ឋានអ្នកវិភាគថា ប្រធានាធិបតីលោក Trump បានដោះស្រាយបញ្ហាធំ ៗ នៃការរើសអើងជាតិសាសន៍ ក្នុងអាណត្តិប្រធានាធិបតីរបស់ខ្លួន។ ជាក់ស្ដែង លោក Trump បានជួយឧបត្ថម្ភដល់កម្មវិធីអភិវឌ្ឍន៍សហគមន៍ដែលមានឈ្មោះថា កម្មវិធី“តំបន់ឱកាស” (“Opportunity Zone program”) ដោយបញ្ចូនទឹកប្រាក់ចំនួន ៧៥ ពាន់លានដុល្លារអាមេរិកពីថវិកាវិនិយោគឯកជនដល់តំបន់ក្រីក្រ ហើយភាគច្រើនជាកន្លែងដែលមនុស្សស្បែកខ្មៅបានរស់នៅ ក៏ដូចជាលើកកម្ពស់ការធ្វើកំណែទម្រង់យុត្តិធម៌ព្រហ្មទណ្ឌ និងការងារឃោសនា ដែលជាបញ្ហាបានជះឥទ្ធិពលផ្ទាល់ដល់មនុស្សស្បែកខ្មៅ។ ទន្ទឹមនឹងនេះ លោក Trump ក៏បានបង្កើតកម្មវិធីបន្សាបជាតិញៀន សម្រាប់សហគមន៍មនុស្សស្បែកខ្មៅផងដែរ។ ជាពិសេស យោងតាមរបាយការណ៍មួយចំនួនថា មុនពេលជំងឺរាតត្បាត Covid-19 បានផ្ទុះឡើង ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Trump អត្រាមនុស្សស្បែកខ្មៅ គ្មានការងារធ្វើគឺមានចំនួនទាបបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក។ នៅពេលជំងឺរាតត្បាតបានផ្ទុះឡើងលោក Trump ក៏បានផ្ដល់អាទិភាពដល់តម្រូវការថែទាំសុខភាពជូនមនុស្សស្បែកខ្មៅផងដែរ។
ចំពោះការធ្វើចំណាត់លើបាតុកម្មលើកនេះ ប្រធានាធិបតីលោក Trump បានបញ្ជាដល់ក្រសួងយុត្តិធម៌ ឲ្យ បើកការស៊ើបអង្កេតសិទ្ធិស៊ីវិលទៅលើមន្ត្រីប៉ូលីសទាំង ៤ នាក់ ដែលបានសម្លាប់បុរសស្បែកខ្មៅ កាលពីថ្ងៃទី ២៥ ឧសភា ហើយអនុញ្ញាតឱ្យរដ្ឋអំណាច សហរដ្ឋបំពេញបន្ថែមការចោទប្រកាន់ផ្សេងទៀត ទៅលើមន្រ្តីប៉ូលីសទាំង ៤ នាក់នេះ។
ដូច្នេះ យោងតាមអ្នកវិភាគជាច្រើនថា សម្ពាធមូលដ្ឋានធំបំផុត ចំពោះ ប្រធានាធិបតី លោកTrump និងរដ្ឋអំណាចសហរដ្ឋអាមេរិកក្នុងវិបត្តិបច្ចុប្បន្ននេះ គឺធ្វើដូចម្ដេច ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ និងដោះស្រាយបញ្ហាការងារធ្វើ។ បើដោះស្រាយបានបញ្ហាទាំងនេះប្រធានាធិបតីអាមេរិកនឹងមានពេលវេលា និងមូលដ្ឋាន ដើម្បីដោះស្រាយឱ្យបានហ្មត់ចត់និងប្រកបដោយនប្រសិទ្ធភាពថែមទៀត សម្រាប់គ្រោះរើសអើងជាតិសាសន៍ ដែលត្រូវបាន ចាត់ទុកថាជាបញ្ហា“ ចាក់ឫសជ្រៅ” របស់សហរដ្ឋអាមេរិក ដូចជាបញ្ហាធ្វើកំណែទម្រង់កម្លាំងប៉ូលីសផងដែរ ៕