បញ្ជាក់ឡើងវិញនូវទំនាក់ទំនងសម្ព័ន្ធភាពក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខ

Chia sẻ

(VOVWORLD) - ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កំពុងអញ្ជើញបំពេញទស្សនកិច្ចរយៈពេល ៦ ថ្ងៃ (ចាប់ពីថ្ងៃទី ២៤ ខែមេសា) ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ហើយមានកិច្ចប្រជុំកំពូលជាមួយសមភាគីប្រទេសម្ចាស់ផ្ទះលោក Joe Biden។ សេចក្តីថ្លែងការណ៍រួមដែលបានចេញបន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីថ្ងៃទី ២៦ ខែមេសា បានបញ្ជាក់ជាថ្មីម្ដងទៀតថា ទំនាក់ទំនងសម្ព័ន្ធភាពនឹងកាន់តែរឹងមាំ ដែលកត់សម្គាល់ការផ្លាស់ប្តូរថ្មីខាងគុណភាពក្នុងទំនាក់ទំនងទ្វេភាគីអាមេរិក-កូរ៉េខាងត្បូង។

នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងមួយរូប ទៅកាន់សហរដ្ឋអាមេរិកក្រោយរយៈពេល ១២ ឆ្នាំ ហើយជាលើកទី ៦ ដែលប្រធានាធិបតីកូរ៉េខាងត្បូង និងសមភាគីអាមេរិកជួបគ្នាក្នុងរយៈពេលត្រឹមតែមួយឆ្នាំកន្លងទៅ។ ប្រការនេះបង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងកក់ក្តៅរវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ដូចដែលមេដឹកនាំនៃប្រទេសទាំងពីរធ្លាប់បានទទួលស្គាល់ថានេះជា "សម្ព័ន្ធភាពដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ និងជាសម្ព័ន្ធភាពដ៏មានតម្លៃ"។

បញ្ជាក់ឡើងវិញនូវទំនាក់ទំនងសម្ព័ន្ធភាពក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខ - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden (ស្តាំ) ក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីកូរ៉េខាងត្បូងលោក Yoon Suk Yeol នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣។ (រូបថត៖ YONHAP/VNA)

សេចក្តីថ្លែងការណ៍រួមទីក្រុងវ៉ាស៊ីនតោន៖ លើកឡើងជាលើកដំបូងអំពីបញ្ហាគំរាមកំញើញ
នុយក្លេអ៊ែរ

សេចក្តីថ្លែងការណ៍រួមដែលបានអនុម័តបន្ទាប់ពីកិច្ចប្រជុំកំពូល បានសង្កត់ធ្ងន់ថា ទំនាក់ទំនងអាមេរិក-កូរ៉េខាងត្បូង ដែលបានចាប់ផ្តើមពីភាពជាដៃគូសន្តិសុខនោះ នាបច្ចុប្បន្នបានអភិវឌ្ឍន៍ និងពង្រីកទៅជាសម្ព័ន្ធភាពជាសកលមួយ ដែលធ្វើឲ្យសម្បូរបែបថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយជំរុញវឌ្ឍនភាពបច្ចេកវិទ្យា។ ក្រៅពីការសន្យាពង្រឹងទំនាក់ទំនងទ្វេភាគី ដូចជា កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ យោធា សេដ្ឋកិច្ច ការជួយគាំទ្រចំពោះការវិនិយោគបរទេស ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ការកាត់បន្ថយផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ … នេះជាលើកដំបូងដែលប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះបានពិភាក្សាអំពីសមត្ថភាពគំរាមកំញើញនុយក្លេអ៊ែរ។

តាមនោះ សេចក្តីថ្លែងការណ៍ទីក្រុងវ៉ាស៊ីនតោនបានសង្កត់ធ្ងន់ថា ភាគីទាំងពីរសន្យាអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការសន្តិសុខយ៉ាងរឹងមាំក្រោមសន្ធិសញ្ញាការពាររួមរវាងសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង។ កូរ៉េខាងត្បូងជឿជាក់យ៉ាងពេញទំហឹងចំពោះការសន្យាលើការគំរាមកំញើញបើកទូលាយរបស់អាមេរិក ហើយទទួលស្គាល់សារៈសំខាន់ ភាពចាំបាច់ និងផលប្រយោជន៍នៃការពឹងផ្អែករយៈពេលវែងលើសមត្ថភាពគំរាមកំញើញនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោនបានសន្យាថានឹងពិគ្រោះយោបល់ជាមួយទីក្រុង

សេអ៊ូលអំពីករណីណាមួយដែលមានលទ្ធភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានបញ្ជាក់សារជាថ្មីនូវការសន្យាយូរអង្វែងរបស់កូរ៉េខាងត្បូងចំពោះកាតព្វកិច្ចរបស់ខ្លួន អនុលោមតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ដែលជាមូលដ្ឋានគ្រឹះនៃយន្តការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរជាសកល ក៏ដូចជាចំពោះកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាពរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងផងដែរ។

ក៏យោងតាមសេចក្តីថ្លែងការណ៍ខាងលើដែរ ភាគីទាំងពីរបានសន្យាថា នឹងចូលរួមក្នុងដំណើរការធ្វើការសម្រេចចិត្តប្រកបដោយលក្ខណៈសហប្រតិបត្តិការនិងស៊ីជម្រៅបន្ថែមទៀតទាក់ទងនឹងការគំរាមកំញើញនុយក្លេអ៊ែរ តាមរយៈការបង្កើនកិច្ចសន្ទនា និងការចែករំលែកព័ត៌មានស្តីពីការគំរាមកំហែងនុយក្លេអ៊ែរ ដែលកំពុងតែកើនឡើងចំពោះកូរ៉េខាងត្បូង និងតំបន់។ មេដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើតក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ថ្មីដើម្បីពង្រឹងសមត្ថភាពគំរាមកំញើញ ពិភាក្សាអំពីផែនការយុទ្ធសាស្ត្រនិងនុយក្លេអ៊ែរ ព្រមទាំងគ្រប់គ្រងការគំរាមកំហែងពីភាគីកូរ៉េខាងជើង ចំពោះយន្តការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ លើសពីនេះ ទីក្រុងវ៉ាស៊ីនតោននឹងដាក់ពង្រាយនាវាមុជទឹកផ្ទុកមីស៊ីលផ្លោងទៅកាន់កូរ៉េខាងត្បូងសម្រាប់ការបង្ហាញកម្លាំង ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាវាមុជទឹកបែបនេះចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មក។ ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Biden បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកមិនដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើដែនដីកូរ៉េខាងត្បូងនោះទេ។

ជ័យជំនះដ៏ធំសម្រាប់សម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង

យោងតាមអ្នកជំនាញនានា សេចក្តីថ្លែងការណ៍ទីក្រុងវ៉ាស៊ីនតោន គឺជាជ័យជំនះដ៏ធំមួយសម្រាប់សម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង ជាពិសេសសម្រាប់កូរ៉េខាងត្បូង ដោយការពិភាក្សាអំពីសមត្ថភាពគំរាមកំញើញនុយក្លេអ៊ែរ ជាមួយទីក្រុងវ៉ាស៊ីនតោនជាលើកដំបូង។ ជាងពេលណាៗទាំងអស់ ការគំរាមកំហែងពីទីក្រុងព្យុងយ៉ាងចំពោះទីក្រុងសេអ៊ូលគឺ កាន់តែច្បាស់លាស់ ហើយការសន្យារបស់អាមេរិកនៅចំពោះមុខប្រទេសកូរ៉េខាងជើងមួយ ដែលបំពាក់ដោយអាវុធនុយក្លេអ៊ែរ
នាពេលនេះ គឺចាំបាច់ណាស់។ មិនត្រឹមតែមានកម្រិតលើឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ការគំរាមកំហែងនេះក៏បង្កឡើងការព្រួយបារម្ភដល់សហរដ្ឋអាមេរិកទៀតផង នៅពេលដែលមីស៊ីលផ្លោងអន្តរទ្វីបរបស់ទីក្រុងព្យុងយ៉ាងឥឡូវនេះមានសមត្ថភាពហោះទៅដល់ដីគោករបស់សហរដ្ឋអាមេរិក។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសកាលពីសប្តាហ៍មុនថា ប្រទេសនេះកំពុងត្រៀមរៀបចំបាញ់បង្ហោះផ្កាយរណបចារកម្មទៅកាន់ទីអវកាស ហើយកំពុងបង្កើនការសាកល្បងមីស៊ីលផ្លោង។ ក្នុងពេលជាមួយគ្នានោះ ការស្ទង់មតិថ្មីៗនេះនៅកូរ៉េខាងត្បូងបានសរឲ្យឃើញថា ប្រជាជនកូរ៉េខាងត្បូងជិត ៧៧% គិតថាប្រទេសនេះចាំបាច់ត្រូវមានអាវុធនុយក្លេអ៊ែរ។

ទោះបីជាយោងតាមសេចក្តីថ្លែងការណ៍ ទាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែប្រកាន់ខ្ជាប់នូវការបន្តកិច្ចសន្ទនា និងការទូតជាមួយទីក្រុងព្យុងយ៉ាង ដោយគ្មានលក្ខខណ្ឌចាំបាច់ក៏ដោយ ប៉ុន្តែសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-កូរ៉េខាងត្បូងលើកនេះ តាមអ្នកជំនាញបានចាត់ទុកថា អាចនឹងបង្កឱ្យមានការវិវឌ្ឍន៍ដ៏តានតឹងថ្មីៗ ដែលប៉ះពាល់ដល់គោលដៅរួមនោះគឺជំរុញការលុបបំបាត់អាវុធនុយក្លេអ៊ែរពេញលេញលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ