បង្ការប្រយុទ្ធប្រឆាំងកូវីដ -១៩៖ សម្របខ្លួនដើម្បីការអភិវឌ្ឍ

Chia sẻ

(VOVWORLD) - នាពេលកន្លងមកនេះ ជំងឺរាតត្បាតកូវីដ -១៩ មានការវិវត្តយ៉ាងឆាប់រហ័សនិងស្មុគស្មាញដែលធ្វើឱ្យប្រព័ន្ធរដ្ឋាភិបាលទាំងមូលត្រូវចូលរួមប្រយុទ្ធប្រឆាំងផងដែរ។  ដំណោះស្រាយឆ្លើយតបកំពុងផ្លាស់ប្តូរដោយឥតឈប់ឈរ ហើយដំណោះស្រាយមានលក្ខណៈស្ថានការណ៍ត្រូវបានកាត់បន្ថយជាលំដាប់ ជំនួសវិញគឺដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។ ការកែសម្រួលទាំងនេះនឹងជួយវៀតណាមឱ្យវិលត្រលប់ទៅរកដំណើរការអភិវឌ្ឍន៍ស្តារផលិតកម្មនិងធានាសន្តិសុខសង្គម។

បង្ការប្រយុទ្ធប្រឆាំងកូវីដ -១៩៖ សម្របខ្លួនដើម្បីការអភិវឌ្ឍ - ảnh 1កន្លែងចាក់វ៉ាក់សាំងនៅមជ្ឈមណ្ឌលកីឡា Tien Son ទីក្រុង Da Nang។ (រូបថត៖ VOV)

វៀតណាមមានវិធីជាច្រើនដើម្បីទប់ទល់នឹងជំងឺរាតត្បាតកូវីដ ១៩។  ប្រសិនបើកាលពីមុននេះ គោលដៅរបស់វៀតណាមគឺគ្មានករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ទេ ប៉ុន្តែឥឡូវនេះ គោលដៅគឺរស់នៅដោយសុវត្ថិភាពជាមួយជំងឺរាតត្បាត មិនទុកឲ្យមានករណីឆ្លងជំងឺច្រើនពេកក៏ដូចជាកំណត់ចំនួនករណីឆ្លងតិចបំផុតតាមដែលអាចធ្វើទៅបាន។ ទន្ទឹមជាមួយគ្នានោះ កាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងសន្តិសុខសង្គម។ ពីគោលដៅនេះ រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់នៅវៀតណាមកំពុងកែសម្រួលវិធីបន្តិចម្តងៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺដើម្បីស្តារសកម្មភាពផលិតកម្មនិងអាជីវកម្មឡើងវិញ។

បង្ក្រាបដាច់ស្រេចតំបន់ផ្ទុះជំងឺនិងអនុវត្តន៍ការបិទខ្ទប់ដោយសមស្រប

នារសៀលថ្ងៃទី ១៨ ខែកញ្ញា ក្នុងដំណើរត្រួតពិនិត្យនិងជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Can Tho ខេត្ត Tra Vinh ស្តីពីការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ -១៩ នៅក្នុងតំបន់ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានថ្លែងថា ប្រសិនបើ តំបន់ណាដែលមានសុវត្ថិភាពគឺយើងអាចបើកសកម្មភាពសេដ្ឋកិច្ចនិងដំណើរការជីវភាពប្រចាំថ្ងៃឡើងវិញប្រកបដោយសុវត្ថិភាព។ មុននេះ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩ ជាមួយមូលដ្ឋាននានា នៅទីក្រុងហាណូយ ទីក្រុងហូជីមិញ ខេត្ត Binh Duong, Dong Nai, Long An, Kien Giang នាថ្ងៃទី ១១ ខែកញ្ញា  នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖

“ការយកការបង្ការជំងឺជាមូលដ្ឋានរយៈពេលវែង និងជាការសម្រេចចិត្ត  ហើយការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតត្រូវតែមានលក្ខណៈម៉ឺងម៉ាត់និងច្បាស់លាស់ ហើយគំនិតនេះត្រូវបានឆ្លុះបញ្ចាំងនៅតាមស្ថាប័នអនុវត្តន៍ ពោលគឺយកការបង្ការជំងឺជាមូលដ្ឋាន ហើយការបង្ការល្អគឺមិនចាំបាច់ប្រយុទ្ធប្រឆាំងទៀតទេ។ មានន័យថា ការប្រយុទ្ធប្រឆាំងការរីករាលដាលដ៏មានប្រសិទ្ធភាពនឹងមិនបាត់បង់ប្រាក់រាប់លានដុងសម្រាប់ចំណាយលើប្រឆាំងនឹងការរីករាលដាលនោះទេ”។

យោងតាមអ្នកជំនាញសុខាភិបាល ដោយសារអត្រាចាក់វ៉ាក់សាំងនៅទូទាំងប្រទេសនៅមានកម្រិតទាបនៅឡើយ នៅតែចាំបាច់ត្រូវអនុវត្តវិធានការរក្សាគម្លាតសង្គមនិងទប់ស្កាត់ការផ្ទុះឡើងក្នុងលក្ខណៈសមហេតុផល។ តាមបណ្តាខេត្ត - ក្រុងមួយចំនួន នៅតែមានករណីឆ្លងច្រើន។ ដើម្បីកាត់បន្ថយការខាតបង់ដល់ប្រជាជន ការត្រួតពិនិត្យការឆ្លងជំងឺត្រូវបានអនុវត្តជាជំហានៗ តាមអង្គភាពតូចបំផុត អាចជាផ្លូវមួយ សង្កាត់ មួយ ឬភូមិ។ ល។ ជំនួសឱ្យការបិទខ្ទប់សង្កាត់ ទាំងមូលមួយ រដ្ឋាភិបាលគ្រាន់តែជ្រើសរើសចំនួនប្រជាជននិងគ្រួសារមួយចំនួនដើម្បីរារាំងនិងដាក់ឱ្យនៅដាច់ដោយឡែកនៅពេលមានករណីឆ្លង។ អនុវត្តការបន្ធូរបន្ថយការរក្សាគម្លាតសង្គម អាស្រ័យលើការត្រួតពិនិត្យការរីករាលដាលក៏ដូចជាតម្រូវការផលិតកម្មនិងអាជីវកម្ម ដោយធានាសន្តិសុខសង្គមនៃតំបន់នីមួយៗ។  

បង្ការប្រយុទ្ធប្រឆាំងកូវីដ -១៩៖ សម្របខ្លួនដើម្បីការអភិវឌ្ឍ - ảnh 2ប្រជាជននៅក្នុង "តំបន់ខៀវ" ស្រុក Can Gio ទីក្រុងហូជីមិញត្រូវបានអនុញ្ញាតឲ្យដើរផ្សារទំនើបមួយលើកក្នុងមួយសប្ដាហ៍។ (រូបថត៖ VOV)

បើកសកម្មភាពឡើងវិញជាបណ្តើរៗ

រលកទី ៤ នៃការរីករាលដាលនៃជំងឺកូវីដ -១៩ បានវាយប្រហារតំបន់សេដ្ឋកិច្ចសំខាន់ៗទាំង ៤ របស់វៀតណាម។ ត្រឹមថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២១ ច្រើនជាង ៩២% នៃចំនួនករណីឆ្លងជំងឺសរុបនិង ៩៧% នៃចំនួនអ្នកស្លាប់សរុបគឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗ។ ចំពោះមុខស្ថានភាពនេះ លោកនាយករដ្ឋមន្រ្តីនិងឧបនាយករដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំអន្តរផ្នែកជាច្រើនជាមួយមូលដ្ឋាន ដើម្បីដោះស្រាយការលំបាកសម្រាប់សហគ្រាសក្នុងការផលិតនិងធ្វើអាជីវកម្ម។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា វៀតណាមមិនអាចបិទទ្វារជារៀងរហូតបានទេ ត្រូវតែចាប់ផ្តើមបើកឡើងវិញជាបណ្តើរៗ ស្របពេលអនុវត្តន៍ដោយមានលក្ខណៈបត់បែននូវវិធានការណ៍រក្សាគម្លាតសង្គម ផង។ គិតត្រឹមថ្ងៃនេះ (២០ កញ្ញា) តំបន់ជាច្រើនបានផ្លាស់ប្តូរវិធានការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ ដោយបង្កលក្ខណៈងាយស្រួលសម្រាប់ការផលិតនិងការអភិវឌ្ឍន៍ជីវកម្មតាមដំណាក់កាលនីមួយៗ។  មានតំបន់ភាគខាងត្បូងជាច្រើននៅចំកណ្តាលនៃចំណុចក្តៅផ្ទុះជំងឺរាតត្បាត ដូចជាទីក្រុងហូជីមិញ បានបើកទីផ្សារលក់ដុំឡើងវិញ ជំរុញសកម្មភាពអាជីវកម្ម និងបើកផ្លូវទេសចរណ៍ឡើងវិញ។ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Van Nen បានចែករំលែកថា៖

“យើងមិនអាចលុបចោលកណីរអ្នកជំងឺ F0 ក្នុងអំឡុងពេលជាក់ស្តែងណាមួយបានទេ ហើយយើងមិនអាចអនុវត្តការរក្សាគម្លាតសង្គមរយៈពេលវែងដ៏តឹងរឹងដែលយើងត្រូវគណនាជាមួយយុទ្ធសាស្ត្រសុវត្ថិភាព។ ដំណើរការសកម្មភាពតិចតុចបណ្តើរៗ បន្ទាប់មកទើបបើកសកម្មភាពផលិតកម្ម និងសកម្មភាពផ្សេងៗទៀត។ ធ្វើយ៉ាងម៉េចដើម្បីអាចធានាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងនិងធានាសុខភាពនៃខឿនសេដ្ឋកិច្ចផង”។

យោងតាមសហគមន៍ពាណិជ្ជកម្ម ការបើកដំណើរការឡើងវិញជាបណ្តើរៗ គឺជាសញ្ញាណល្អមួយសម្រាប់ផលប្រយោជន៍របស់អាជីវកម្ម កម្មករនិយោជិតនិយាយដោយឡែកនិងប្រទេសជាតិទាំងមូលនិយាយរួម។ ទោះយ៉ាងណាក៏ដោយ ការបន្ធូរបន្ថយប៉ុន្តែនៅតែត្រូវតែមានសុវត្ថិភាព មានភាពបត់បែន ដោយសម្របខ្លួនទៅនឹងលក្ខខណ្ឌថ្មី។ ជាពិសេស ចាំបាច់ត្រូវពន្លឿនការចាក់វ៉ាក់សាំងដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះវិធានការបង្ការជំងឺចំនួន ៥ ប្រការ និងមានភាពសកម្មជាងមុនក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មាននិងទិន្នន័យក្នុងការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

រាល់ដំណោះស្រាយដែលវៀតណាមកំពុងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ជាសក្ខីភាពបញ្ជាក់ឲ្យប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅក្នុងជំនួបធ្វើការជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសមួយចំនួននិងតំណាងវិនិយោគិនបរទេសនៅវៀតណាមនាពេលថ្មីៗនេះដែលថា វៀតណាមកំពុងខិតខំប្រឹងប្រែងគ្រប់គ្រងជំងឺរាតត្បាតឲ្យបានឆាប់បំផុត ដើម្បីបន្តដំណើរការអភិវឌ្ឍន៍នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ