ទិសដៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនាពេលខាងមុខ

Chia sẻ

(VOVWORLD) - ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ៦ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ ទើបតែបានបញ្ចប់កាលពីចុងសប្តាហ៍មុន (ថ្ងៃទី ១០ ខែវិច្ឆិកា) នៅទីក្រុងហាណូយ។ ក្នុងអំឡុងពេលបីសប្តាហ៍ធ្វើការ (ថ្ងៃទី ២៣ ខែតុលា ដល់ថ្ងៃទី ១០ ខែវិច្ឆិកា) រដ្ឋសភាបានពិភាក្សា និងសម្រេចលើខ្លឹមសារសំខាន់ៗជាច្រើន ដោយតំរង់ទិសការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនាពេលខាងមុខ។

ទិសដៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនាពេលខាងមុខ - ảnh 1ទិដ្ឋភាពសម័យប្រជុំនារសៀលថ្ងៃទី១០ ខែវិច្ឆិកា។ (រូបថត៖ quochoi.vn)

ចំណុចគួរឲ្យកត់សម្គាល់ក្នុងដំណាក់កាលទី១ នៃសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី១៥ បានផ្តោតទៅលើការអនុវត្តមុខងារឃ្លាំមើល និងសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។

បង្កើនប្រសិទ្ធភាពនៃការឃ្លាំមើលកំពូល

ត្រឹមថ្ងៃធ្វើការដំបូងនៃសម័យប្រជុំលើកទី៦ ដោយបំពេញមុខងារឃ្លាំមើលរបស់ខ្លួន រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់មុខតំណែងចំនួន ៤៤ ដែលត្រូវបានជ្រើសរើស ឬអនុម័តដោយរដ្ឋសភា។ ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត គឺសំដៅលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា លើកកំពស់គុណភាព និងប្រសិទ្ធភាពប្រតិបត្តិការនៃក្បាលម៉ាស៊ីនរដ្ឋ។ នេះក៏ជាសកម្មភាពដែលរួមចំណែកវាយតម្លៃអំពីកិត្យានុភាព និងលទ្ធផលនៃការអនុវត្តភារកិច្ច និងអំណាចរបស់បុគ្គលដែលទទួលបានការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ជួយមុខតំណែងដែលត្រូវបានរដ្ឋសភាជ្រើសតាំងនិងអនុម័តនោះ មើលឃើញពីកម្រិតទំនុកចិត្តរបស់ខ្លួន ដើម្បីបន្តខិតខំប្រឹងប្រែង លើកកំពស់គុណភាព និងប្រសិទ្ធភាពការងារ។

ក៏ស្ថិតក្រោមមុខងារឃ្លាំមើលផងដែរ ការគួសរំលេចពិសេសមួយគឺវគ្គសួរដេញដោលពាក់កណ្តាលអាណត្តិ។ នេះជាលើកដំបូងក្នុងអាណត្តិនីតិកាលទី១៥  ដែលទាំងនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីទាំងអស់ ព្រមទាំងរដ្ឋមន្ត្រី និងប្រធានផ្នែកទាំង២១ រូប បានឆ្លើយសំណួរដេញដោលដោយផ្ទាល់ពីសមាជិករដ្ឋសភា។ ដោយមានវិសាលភាពដ៏ទូលំទូលាយ ទាក់ទិននឹងវិស័យផ្សេងៗគ្នាចំនួន ២១ សេចក្តីសម្រេចចិត្តចំនួន ១០ របស់រដ្ឋសភា និងបែងចែកជាក្រុមវិស័យចំនួន ៤ នោះ មតិជាច្រើនបានសង្កត់ធ្ងន់ថា ការដែលរដ្ឋសភារៀបចំការសួរដេញដោលតាមក្រុមវិស័យនីមួយៗ គឺជាសម្ពាធផង តែក៏ជាកម្លាំងចលករផង ដើម្បីឲ្យ ប្រធានផ្នែកនានាយល់ឃើញថា ចាំបាច់ត្រូវទទួលខុសត្រូវ និងសម្របសម្រួលបន្ថែមទៀត ដើម្បីផ្តោតលើការដោះស្រាយបញ្ហាដែលខ្លួនទទួលបន្ទុក។

បន្ទាប់ពីរយៈពេល ២ ថ្ងៃកន្លះធ្វើការសួរដេញដោល សមាជិករដ្ឋសភាចំនួន ៤៥៧ នាក់បានចុះឈ្មោះចូលរួមសួរដេញដោល; សមាជិករដ្ឋសភាចំនួន ១៥២ នាក់បានអនុវត្តន៍សិទ្ធិសួរដេញដោល ក្នុងនោះសមាជិកចំនួន ៣៩ នាក់បានជជែកពិភាក្សា។ តួរលេខគួរឱ្យចាប់អារម្មណ៍នេះ បានបង្ហាញឲ្យឃើញពីបរិយាកាសនៃសម័យសួរដេញដោលប្រកបដោយភាពសកម្ម ស្មោះត្រង់ ដោយគ្មានការជៀសវាង ហើយចោទសួរទៅដល់ឬសគល់នៃបញ្ហា។ លោក Hoang Van Cuong សមាជិករដ្ឋសភាទីក្រុងហាណូយបានឲ្យដឹងថា៖

“មិនមែនជារដ្ឋមន្ត្រីតែម្នាក់គត់ទេ ប៉ុន្តែនៅពេលសួរអំពីបញ្ហាណាមួយដែលទាក់ទងនឹងក្រសួង ផ្នែកជាច្រើន ប្រធានសម័យប្រជុំបានស្នើឲ្យសមាជិករដ្ឋាភិបាលផ្សេងទៀត ផ្តល់ចម្លើយបំពេញបន្ថែម”។

ក្រៅពីនោះ ក្នុងដំណាក់កាលទី១ រដ្ឋសភាបានបើកសម័យប្រជុំឃ្លាំមើលកំពូល ស្តីពីការអនុវត្តកម្មវិធីគោលដៅជាតិ ស្តីពីការកសាងជនបទថ្មី ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។

បង្កើតសន្ទុះសម្រាប់កំណើន

ចំណុចលេចធ្លោមួយក្នុងដំណាក់កាលទី១ នៃសម័យប្រជុំលើកទី៦ គឺរដ្ឋសភាបានចំណាយពេលពិភាក្សាអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម; វាយតម្លៃពាក់កណ្តាលអាណត្តិអំពីការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល ២០២១-២០២៥; ផែនការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញដំណាក់កាល ២០២១ - ២០២៥; លទ្ធផលនៃការអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីជួយឧបត្ថម្ភកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ២០២៤ ដោយមានសំឡេងគាំទ្រភាគច្រើន។ សេចក្ដីសម្រេចចិត្តបានកំណត់គោលដៅនៃកំណើនផលិតផលក្នុងស្រុកសរុប (GDP) ពី ៦ ដល់ ៦,៥% ជាគោលដៅដែលទាមទារការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តដ៏ខ្ពស់នៃប្រព័ន្ធទាំងមូល។ លោក Trinh Xuan An សមាជិករដ្ឋសភាខេត្ត Dong Nai បានឲ្យដឹងថា៖

“គោលដៅកំណើនបានបង្កើតសម្ពាធសម្រាប់ការអនុវត្តជាក់ស្តែង ប៉ុន្តែក៏បង្កើតកម្លាំងចលករសម្រាប់រដ្ឋាភិបាល និងប្រព័ន្ធនយោបាយទាំងមូលឱ្យខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅនោះ។ ខ្ញុំយល់ស្របនឹងគោលដៅសេដ្ឋកិច្ចសង្គមក្នុងសេចក្ដីសម្រេចចិត្ត ដោយសារការងារដែលយើងរំពឹងទុក ត្រូវបានលើកយកមកពិភាក្សាយ៉ាងម៉ត់ចត់រួចហើយ ដូច្នេះវាផ្តល់ឱ្យយើងនូវមូលដ្ឋានដើម្បីជឿជាក់លើអ្វីៗដែលយើងអាចធ្វើទៅបាន”។

សម័យប្រជុំលើកទី ៦ មានបន្ទុកការងារដ៏ធំ ជាមួយនឹងបញ្ហាលំបាក ស្មុគ្រស្មាញជាច្រើន ដែលដាក់ចេញការទាមទារដ៏ខ្ពស់ចំពោះរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងសមាជិករដ្ឋសភាម្នាក់ៗ។ ហើយលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងដំណាក់កាលទី១ នៃសម័យប្រជុំលើកនេះ នឹងរួមចំណែកដល់ភាពជោគជ័យរួមនៃសម័យប្រជុំទាំងមូល និយាយដោយឡែក ហើយជះឥទ្ធិពលវិជ្ជមានដល់ការអភិវឌ្ឍប្រទេសជាតិនិយាយរួម៕

ប្រតិកម្មទៅវិញ