នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់ Mark Rutte ។ រូបថត៖ THX/TTXVN |
គំរូនៃទំនាក់ទំនងយ៉ាងស្វាហាប់ និងប្រកបដោយប្រសិទ្ធភាព
វៀតណាម និងហូឡង់បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការកាលពី ៥០ ឆ្នាំមុន (១៩៧៣) ប៉ុន្តែជំនួបប្រាស្រ័យដើមដំបូងរវាងប្រទេសទាំងពីរបានប្រព្រឹត្តិទៅកាលពីជាង ៤ សតវត្សរ៍មុន នៅពេលដែលកប៉ាល់ពាណិជ្ជកម្មដើមដំបូងរបស់ហូឡង់បានចូលចតនៅកំពង់ផែ Hoi An (ខេត្ត Quang Nam)។
ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានកត់សម្គាល់ការអភិវឌ្ឍលេចធ្លោ។ ចាប់ពីដៃគូអភិវឌ្ឍន៍ជួយឧបត្ថម្ភវៀតណាមលើគម្រោងមួយចំនួនដូចជា៖ សាងសង់វិទ្យាល័យឯកទេសហាណូយ-អាំស្ទែដាំ មន្ទីរពេទ្យភ្នែក ឬសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតនោះ នាបច្ចុប្បន្នហូឡង់បានក្លាយទៅជាដៃគូពាណិជ្ជកម្ម និងវិនិយោគជួរមុខរបស់វៀតណាមក្នុងប្លុកអឺរ៉ុប។
ជាក់ស្ដែង នាបច្ចុប្បន្នហូឡង់ គឺជាវិនិយោគិនធំបំផុតរបស់សហភាពអឺរ៉ុប (EU) ដែលបណ្ដាក់ទុននៅវៀតណាម ជាមួយទុនវិនិយោគសរុបប្រហែល ១៣,៧ ពាន់លានដុល្លារអាមេរិក និងជាប្រទេសដែលនាំចូលទំនិញវៀតណាមធំបំផុតនៅអឺរ៉ុប ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីសរុបសម្រេចបានជាង ១១ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំទៅមិញ។
ឯកអគ្គរដ្ឋទូតរងហូឡង់ប្រចាំនៅវៀតណាម លោក Christoph Prommersberger បានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅគឺជាគំរូនៃទំនាក់ទំនងដ៏រស់រវើក និងប្រកបដោយប្រសិទ្ធភាព៖
“ឆ្លងកាត់ពេលវេលា ទំនាក់ទំនងរវាងវៀតណាម និងហូឡង់អភិវឌ្ឍន៍ដោយឥតឈប់ឈរស្របតាមល្បឿនអភិវឌ្ឍន៍របស់វៀតណាម។ នាបច្ចុប្បន្ននេះ យើងមានទំនាក់ទំនងសម្បូរបែប និងតុល្យភាព ដោយផ្អែកលើផលប្រយោជន៍រួម ពាណិជ្ជកម្ម និងការវិនិយោគ”។
ក្រៅពីពាណិជ្ជកម្ម និងវិនិយោគ វៀតណាម និងហូឡង់ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រចំនួនពីរផងដែរ រួមមាន៖ កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រស្តីពីការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹកក្នុងឆ្នាំ ២០១០; ដៃគូយុទ្ធសាស្ត្រអំពីវិស័យកសិកម្ម និងសន្តិសុខស្បៀងអាហារក្នុងឆ្នាំ ២០១៤។ ក្នុងនាមជាប្រទេសដែលមានបទពិសោធន៍ និងជំនាញគ្រប់គ្រងទឹកអស់រយៈពេលច្រើនសតវត្សរ៍ ហើយមានកិត្យានុភាពជួរមុខនៅលើពិភពលោក ចាប់តាំងពីច្រើនឆ្នាំកន្លងទៅ ហូឡង់បានបញ្ជូនអ្នកជំនាញទៅជួយឧបត្ថម្ភវៀតណាមអនុវត្តន៍រាល់គម្រោងអភិបាលកិច្ចប្រភពទឹក សិក្សាស្រាវជ្រាវវិធីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់វាល់ទំនាបឆ្នេរសមុទ្រ។
លោក Kees van Baar ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រហូឡង់ប្រចាំនៅវៀតណាម។ រូបថត៖ VGP/Quang Thuong |
ដំណាក់កាលអភិវឌ្ឍន៍ថ្មីយ៉ាងស៊ីជម្រៅជាង
ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងដ៏ល្អប្រសើរដែលត្រូវបានបង្កើតក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ វៀតណាម និងហូឡង់កំពុងឆ្ពោះទៅដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងទ្វេភាគី ជាមួយអាទិភាពថ្មី នៅកម្រិតខ្ពស់ជាង។
យោងតាមឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅវៀតណាម លោក Kees van Baar បានឲ្យដឹងថា អមដំណើរលោកនាយករដ្ឋមន្ត្រីហូឡង់ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ គឺជាគណៈប្រតិភូដែលមានសហគ្រាសជួរមុខរបស់ហូឡង់ជាច្រើនអង្គភាពលើវិស័យបច្ចេកវិទ្យា។ តាមលោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យបច្ចេកវិទ្យាខ្ពស់ និងការផ្លាស់ប្តូរឌីជីថលគឺជា អាទិភាពសំខាន់ដែលហូឡង់មានបំណងចង់អនុវត្តន៍ជាមួយវៀតណាម។
លោកឯកអគ្គរដ្ឋទូត Kees van Baar បានចែករំលែកថា៖ក្នុងដំណើរទស្សនកិច្ចកាលពីឆ្នាំមុនទៅកាន់មជ្ឈមណ្ឌលបច្ចេកវិទ្យា Brainport (BIC) ជាកន្លែងដែលប្រមូលផ្ដុំសហគ្រាសបច្ចេកវិទ្យាជួរមុខរបស់ហូឡង់ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានសំណួរមួយ ដែលត្រូវបានរដ្ឋាភិបាលហូឡង់វាយតម្លៃខ្ពស់ គឺថា៖ ទំនាក់ទំនងរវាងវៀតណាមនិងហូឡង់កាលពី ៤ សតវត្សរ៍មុនបានចាប់ផ្តើមពីកំពង់ផែសមុទ្រ (seaport) ហើយដល់សតវត្សរ៍ទី ២០ គឺតាមរយៈអាកាសយានដ្ឋាន (airport) ហើយនាសតវត្សរ៍ទី ២១ បច្ចុប្បន្ននេះគឺចាំបាច់ត្រូវផ្លាស់ប្ដូរទៅជាកម្រិតខ្ពស់ជាងគឺ Brainport ដែលមានន័យថាបច្ចេកវិទ្យាខ្ពស់។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃថា ប្រការនេះបានសរឲ្យឃើញថា ទាំងវៀតណាម និងហូឡង់បានប្តេជ្ញាចិត្តប្រែក្លាយបច្ចេកវិទ្យាខ្ពស់ទៅជាសសរស្តម្ភថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៖
“ផ្នែកបច្ចេកវិទ្យាខ្ពស់របស់ហូឡង់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវៀតណាម ព្រោះថាមានក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ជាច្រើននៅវៀតណាម ទាំងក្រុមហ៊ុនវៀតណាមដូចជា៖ FPT, CMC និងទាំងក្រុមហ៊ុនបរទេសដូចជា៖ Samsung, LG, Foxconn។ លើសពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាហូឡង់ក៏មានគោលបំណងចង់ស្វែងរកទីតាំងមួយផ្សេងទៀត ក្រៅពីចិន ដើម្បីផលិតចេញផលិតផលបច្ចេកវិទ្យាខ្ពស់របស់ខ្លួនផងដែរ។
អាចនិយាយបានថា ក្នុងបរិបទ ដែលពិភពលោកមានការផ្លាស់ប្តូរដ៏ខ្លាំងក្លាអំពីលំហូរវិនិយោគបច្ចេកវិទ្យាក្នុងពិភពលោក ហើយការប្រែប្រួលអាកាសធាតុបានក្លាយទៅជាបញ្ហាប្រឈមស្លាប់រស់ចំពោះមនុស្សជាតិនោះ វៀតណាម និងហូឡង់សុទ្ធតែមានអាទិភាពរួម ពោលគឺរួមគ្នាប្តេជ្ញាចិត្តនាំទំនាក់ទំនងទ្វេភាគីឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីយ៉ាងស៊ីជម្រៅជាង ឆ្លើយតបនឹងផលប្រយោជន៍របស់ប្រទេសទាំងពីរ ក៏ដូចជារួមវិភាគទានដល់ការខិតខំប្រឹងប្រែងរួម
ឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលផងដែរ៕