ទទួលយកអ្នកដែលមានគុណធម៌និងទេពកោសល្យគឺជាគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់បក្សកុម្មុយនិស្តវៀតណាម

Chia sẻ

(VOVWORLD) -  រាល់ពេលដែល វៀតណាមត្រៀមរៀបចំមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ឈានដល់មហាសន្និបាតទូទាំងប្រទេសនៃបក្សកុម្មុយនិស្តវៀតណាមម្តងៗ  កងកម្លាំងអមិត្តតែងតែធ្វើការបរិហារ និងមូលបង្កាច់ថា ការជ្រើសរើសកម្មាភិបាលចូលកាន់មុខតំណែងសំខាន់ៗក្នុងបក្ស និងរដ្ឋគ្រាន់តែមានចរិតលក្ខណៈ រូបភាព ហើយមហាសន្និបាតគ្រាន់តែជាការពង្រឹងនិងប្រមូលអំណាចរបស់ថ្នាក់ដឹកនាំមួយចំនួនតែប៉ុណ្ណោះ។ ទាំងអស់នេះ សុទ្ធតែជាល្បិចកលមូលបង្កាច់អំពីការងារត្រៀមរៀបចំកម្មាភិបាលរបស់បក្សនិងរដ្ឋវៀតណាម។ តាមពិត ការជ្រើសរើសមនុស្សដែលមានគុណធម៌និងទេពកោសល្យ តែងតែជាគោលនយោបាយខ្ជាប់ខ្ជួនរបស់បក្សកុម្មុយនិស្តវៀតណាមជានិច្ច។ 

ទទួលយកអ្នកដែលមានគុណធម៌និងទេពកោសល្យគឺជាគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់បក្សកុម្មុយនិស្តវៀតណាម - ảnh 1 លោកប្រធានហូជីមិញ អញ្ជើញជួបសំណេះសំណាលជាមួយបញ្ញាវ័ន្ត (រូបថតៈ ឯកសារ)

ក្នុងប្រវត្តិសាស្ត្រវៀតណាមបានបញ្ជាក់ថា ការទាក់ទាញនិងការឲ្យតម្លៃលើមនុស្សដែលមានគុណធម៌និងទេពកោសល្យ បានក្លាយជាគោលនយោបាយជាតិ ជាសីលធម៌និងផ្នត់រស់នៅរបស់ប្រជាជនវៀតណាម។ ដោយតបស្នងនូវប្រពៃណីល្អប្រសើរនេះ បក្សកុម្មុយនិស្តវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ កសាងជួរកម្មាភិបាលដែលមានសមត្ថភាព ដោយចាត់ទុកនេះជាភារកិច្ចសំខាន់។ ក្នុងដំណាក់កាលបដិ វត្តន៍នីមួយៗ បក្សកុម្មុយនិស្តវៀតណាមបានចេញឯកសារសំខាន់ៗជាច្រើនដើម្បីណែនាំការងារទាំងនេះ។

គោលនយោបាយអំពីការងារចាត់តាំងកម្មាភិបាលកាន់តែល្អឥតខ្ចោះពីមួយថ្ងៃទៅមួយថ្ងៃ

ឯកសារនៃមហាសន្និបាតលើកទី X នៃបក្សកុម្មុយនិស្តវៀតណាម បានបញ្ជាក់ថា៖ “ស្វែងរក បណ្តុះបណ្តាល បំប៉ន និងប្រើប្រាស់អ្នកដែលមានគុណធម៌និងទេពកោសល្យ; បង្កើតជំហានមូលដ្ឋានក្នុងការស្វែងរក ការបណ្តុះបណ្តាល ការប្រើប្រាស់អ្នកមានគុណធម៌និងទេពកោសល្យ; កសាងយុទ្ធសាស្ត្រជាតិស្តីពីធនធានមនុស្ស ដោយចាត់ទុកថា ទាំងអស់នេះជាដំណោះស្រាយមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្រ្តកម្មាភិបាល” ក៏ដូចជា “ជ្រើសរើសអ្នកដែលមានគុណធម៌និងសមត្ថភាពកាន់តំណែងជាអ្នកដឹកនាំ ជាពិសេសមេដឹកនាំកំពូល” ផងដែរ។ សេចក្តីសម្រេចចិត្តមជ្ឈិម លើកទី ៤ នីតិកាលទី XI ស្តីពីការកសាងបក្ស បានលើកឡើងនូវគោលនយោបាយថ្មីនិងសកម្មក្នុងការជ្រើសរើសនិងតែងតាំងអ្នកដែលមានទេពកោសល្យនិងគុណធម៌កាន់តួនាទីជាអ្នកដឹកនាំ។ បន្ទាប់មក សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ៧ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី XII បានផ្តោតសំខាន់លើការកសាងជួរកម្មាភិបាលគ្រប់លំដាប់ថ្នាក់ ជាពិសេស នៅកម្រិតយុទ្ធសាស្ត្រដែលមានលក្ខណៈសម្បត្តិ មានសមត្ថភាពនិងមានកិត្យានុភាព ស្មើនឹងកម្រិតបេសក កម្ម។ លើសពីនេះទៅទៀត បក្សកុម្មុយនិស្តវៀតណាមក៏មានបទប្បញ្ញត្តិលេខ ៩០- QD/TW  ចុះថ្ងៃទី ២ ខែសីហាឆ្នាំ ២០១៧ ស្តីពី “លក្ខណៈវិនិច្ឆ័យសម្រាប់មុខដំណែង លក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃកម្មាភិបាល ក្រោមឧិវាទ គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយនិងគណៈលេខាធិការ” ផងដែរ។ ជាពិសេសសេចក្តីសម្រេចលេខ ២៦- NQ/TW  ចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៨ គឺជាសេចក្តីសម្រេចចិត្តមួយដ៏សំខាន់និងចំបាច់ក្នុងការងារចាត់តាំងកម្មាភិបាល ដើម្បីឆ្លើយតបនឹងតម្រូវការនៃការធ្វើសមាហរណកម្មអន្តរជាតិដោយម្ចាស់ការនិងការអភិវឌ្ឍប្រទេសជាតិដល់ឆ្នាំ ២០៣០ មានចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ ប្រព័ន្ធឯកសារ ណែនាំនិងចាត់ចែងការងារកម្មាភិបាលនេះ បង្ហាញពីការប្តេជ្ញាចិត្តនយោបាយដ៏ធំធេងរបស់បក្សនិងរដ្ឋ សំដៅរឹតបន្តឹងវិន័យក្នុងការងារចាត់តាំងកម្មាភិបាល ក៏ដូចជា រួមចំណែកក្នុងការជ្រើសរើសកម្មាភិបាលនិងទាក់ទាញមនុស្សដែលមានទេពកោសល្យនិងគុណធម៌ចូលបម្រើក្នុងប្រព័ន្ធនយោបាយរបស់វៀតណាម។

មហាសន្និបាតគឺជាឱកាសដើម្បីជ្រើសតាំងជួរកម្មាភិបាលដែលមានភាពសក្ដិសម

ក្រោមការដឹកនាំរបស់បក្ស ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជួរកម្មាភិបាលយុទ្ធសាស្រ្តគ្រប់លំដាប់ថ្នាក់របស់វៀតណាមបានមានការធំធាត់លើគ្រប់វិស័យ ដោយបម្រើប្រកបដោយប្រសិទ្ធភាពបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្មប្រទេសនិងសមាហរណកម្មអន្តរជាតិ។  ការជ្រើសរើសនិងបោះឆ្នោត កាន់មុខតំណែងសំខាន់ៗនៃប្រព័ន្ធនយោបាយ ត្រូវបានផ្លាស់ប្តូរថ្មីដោយធានានូវប្រជាធិបតេយ្យ ការបើកចំហ តម្លាភាព យុត្តិធម៌ និងមានការចូលរួមយ៉ាងទូលំទូលាយរបស់សង្គមទាំងមូល។ ក្នុងការងារកម្មាភិបាល ការរឹតបន្តឹងវិន័យនិងសណ្តាប់ធ្នាប់ តែងតែដើរទន្ទឹមគ្នានឹងការបង្កើតយន្តការ បរិយាកាសនិងលក្ខខណ្ឌ ដើម្បីលើកទឹកចិត្តដល់ការច្នៃប្រឌិតនិងការផ្លាស់ប្តូររបស់កម្មាភិបាល ជាពិសេស រាំងស្កាត់និងរុញថយក្រោយឥទ្ធិពលអវិជ្ជមាន។

ការងារចាត់តាំងកម្មាភិបាលនិងការត្រៀមរៀបចំមហាសន្និបាតបក្សនៅគ្រប់ជាន់ថ្នាក់ កំពុងត្រូវបានអនុវត្តដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រជាធិបតេយ្យស្របនឹងការប្រកាន់ខ្ជាប់ នូវគោលការណ៍ វិន័យ និងផ្តោតសំខាន់ទៅលើគុណភាពនិងប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវរបស់គណៈ កម្មាធិការបក្ស និងអង្គការបក្សនានា ជាដំបូងបង្អស់គឺប្រមុខតែម្តង។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា៖ “មហាសន្និបាតលើកនេះ គឺជាឱកាសសម្រាប់យើងទាំងអស់ ធ្វើការត្រួតពិនិត្យកម្មាភិបាល ហើយមិនត្រឹមតែពិភាក្សាអំពីទិសដៅប៉ុណ្ណោះទេ។ អ្នកដែលសក្តិសមយើងនឹងជ្រើសតាំង បើមិនសមក៏មិនអីដែរ ព្រោះយើងមិនខ្លាចការខ្វះកម្មាភិបាលទេ”។ ការងារចាត់តាំងកម្មាភិបាលនៃមហាសន្និបាត ត្រូវបានអនុវត្តស្របតាមលក្ខន្តិកៈ បទបញ្ជានិងបទប្បញ្ញត្តិរបស់បក្សនិងច្បាប់របស់រដ្ឋ។ ពោលគឺ កម្មាភិបាលត្រូវមានសមត្ថភាព មានគុណសម្បត្តិ មានកិត្យានុភាពសុទ្ធសាធ មានភាពជាអ្នកដឹកនាំខ្ពស់ ដើម្បីអាចឆ្លើយតបតាមតម្រូវការនៃស្ថានភាពថ្មី។

យោងតាមស្ថានភាពជាក់ដ្តែងដូចដែលបានលើកឡើងខាងលើ គឺជាការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការមូលបង្កាច់របស់កងកម្លាំងអរិភាព ហើយបញ្ជាក់ម្តងទៀតនូវតួនាទីដឹកនាំដែលមិនអាចជំនួសបានរបស់បក្សកុម្មុយនិស្តវៀតណាម នៅក្នុងដំណាក់កាលធ្វើសមាហរណកម្មរបស់ប្រទេសជាតិបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ