ថែរក្សា និងការពារសុខភាពប្រជាជន៖ អាទិភាពជួរមុខរបស់វៀតណាម

បូកសរុបដោយ Vân
Chia sẻ
(VOVWORLD) - ថ្ងៃទី ២៧ កុម្ភៈ គឺជាទិវាគ្រូពេទ្យវៀតណាម។ នេះគឺជាឱកាសសម្រាប់សង្គមបង្ហាញពីការគោរព និងលើកតម្កើងគ្រូពេទ្យ ហើយមានមោទនភាពចំពោះសមិទ្ធិផលដ៏ធំធេង ដែលវិស័យសុខាភិបាលសម្រេចបាន។ ការប្រារព្ធទិវាគ្រូពេទ្យវៀតណាម ក៏បានបង្ហាញយ៉ាងច្បាស់លាស់ពីគោលដៅខ្ពង់ខ្ពស់បំផុតរបស់បក្ស និងរដ្ឋគឺ កសាងប្រព័ន្ធសុខាភិបាលប្រកបដោយយុត្តិធម៌ គុណភាព ប្រសិទ្ធភាព និងសមាហរណកម្មអន្តរជាតិ សំដៅគ្របដណ្តប់លើគោលនយោបាយស្ដីពីការថែទាំសុខភាពសម្រាប់ប្រជាជនទាំងមូល និងគ្របដណ្តប់សុខាភិបាលសម្រាប់ប្រជាជនទាំងមូលផងដែរ។
ថែរក្សា និងការពារសុខភាពប្រជាជន៖ អាទិភាពជួរមុខរបស់វៀតណាម - ảnh 1យុវជន និងកម្មករក្រីក្រទទួលបានការពិនិត្យសុខភាពដោយមិនគិតថ្លៃពីក្រុមគ្រូពេទ្យវ័យក្មេងនៅទីក្រុង Da Nang។ រូបថត៖ VOV

តួរលេខគួរឱ្យចាប់អារម្មណ៍

វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រព័ន្ធសុខាភិបាលដ៏ធំទូលំទូលាយចាប់ពីថ្នាក់មូលដ្ឋាន រួមទាំងតំបន់ឆ្ងាយដាច់ស្រយាល ព្រំដែន និងកោះសមុទ្រជាមួយនឹងគិលានដ្ឋានឃុំ សង្កាត់ ទីរួមស្រុកជាង ១១ ៤០០ កន្លែង។ លទ្ធផលនេះបានបង្កើតបណ្ដាញសុខាភិបាល ដែលនៅជិតប្រជាជនបំផុត។ វៀតណាមមាន មន្ទីរសុខាភិបាលទាំង ៦៣/៦៣ តាមខេត្ត និងទីក្រុងចំណុះមជ្ឈឹម មូលដ្ឋានពិនិត្យ និងព្យាបាលជំងឺជាង ៤ ០០០ កន្លែងបានដាក់ឱ្យប្រើប្រាស់វេជ្ជបញ្ជាអេឡិចត្រូនិក និងតភ្ជាប់វេជ្ជបញ្ជាជាមួយប្រព័ន្ធវេជ្ជបញ្ជាជាតិ។

វៀតណាមក៏ស្ថិតក្នុងក្រុមប្រទេសជួរមុខអំពីការកាត់បន្ថយអត្រាមរណភាពមាតា និងទារកផងដែរ។ តួរលេខសុខភាពរបស់ប្រជាជនត្រូវបានលើកកម្ពស់យ៉ាងច្បាស់លាស់។ ជនក្រីក្រ ជនជាតិភាគតិច កុមារ ជនចាស់ជរា ជនពិការសុទ្ធតែត្រូវបានជួយឧបត្ថម្ភគ្នាទទួលបានសេវាសុខភាព។ ជំងឺរាតត្បាតជាច្រើនត្រូវបានគ្រប់គ្រង និងលុបបំបាត់ ហើយសុខភាព និងអាយុកាលរបស់ប្រជាជនត្រូវបានកែលម្អ។ គ្រូពេទ្យវៀតណាមជាច្រើនបានអនុវត្តន៍ដោយជោគជ័យនូវបច្ចេកទេសលំបាកៗ ហើយអាចអនុវត្តន៍រាល់បច្ចេកទេសវេជ្ជសាស្ត្រទំនើបៗនៅលើពិភពលោកដូចជា៖ ការវះកាត់បេះដូង ការវះកាត់មីក្រូ ការវះកាត់ប្តូរសរីរាង្គ ប្តូរអវយវៈ។ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោកបណ្ឌិត Tedros Adhanom Ghebreyesus បានវាយតម្លៃថា៖

“ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានឃើញពីការប្រែប្រួលក្នុងវិស័យសុខាភិបាល និងថែទាំសុខភាពនៅវៀតណាមក្នុងប៉ុន្មានទសវត្សរ៍កន្លងទៅ អាចនិយាយបានថា សុខភាពរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង ដែលបង្ហាញឱ្យឃើញថាអាយុកាលរបស់ប្រជាជនវៀតណាមបានកើនឡើង ១៥ ឆ្នាំ បើធៀបនឹងឆ្នាំ ១៩៤៥ ក្នុងនោះផ្នែកដ៏សំខាន់មួយគឺដោយសារវៀតណាមបានលុបបំបាត់ និងគ្រប់គ្រងជំងឺឆ្លងដ៏គ្រោះថ្នាក់ជាច្រើនដូចជា៖ ការលុបបំបាត់ជំងឺស្វិតដៃជើង គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវជំងឺគ្រុនចាញ់ មេរោគអេដស៍ ជំងឺរបេង។ វៀតណាមក៏បានពង្រីកប្រព័ន្ធធានារ៉ាប់រងសុខភាពសង្គមជួយវៀតណាមសម្រេចបានសមិទ្ធិផលក្នុងដំណើរការថែទាំសុខភាពសម្រាប់ប្រជាជន”។

ថែរក្សា និងការពារសុខភាពប្រជាជន៖ អាទិភាពជួរមុខរបស់វៀតណាម - ảnh 2លោកវរសេនីយ៍ឯក Thai Minh Phong ប្រធានពេទ្យយោធា-ស៊ីវិល ឃុំ Lai Hoa (Soc Trang) ពិនិត្យអ្នកជំងឺដោយយកចិត្តទុកដាក់។ រូបថត៖ VOV

បន្តជាអាទិភាពជួរមុខ

ការពារ ថែទាំ និងលើកកំពស់សុខភាពជូនប្រជាជន គឺជាភារកិច្ចដ៏សំខាន់មួយ និងជាអាទិភាពជួរមុខក្នុងគោលនយោបាយអភិវឌ្ឍន៍របស់វៀតណាម។ កាលពីឆ្នាំមុន គណៈលេខាមជ្ឈិមបក្សបានចេញសារចរស្ដីពីការបន្តពង្រឹង សុក្រិត និងលើកកម្ពស់គុណភាពនៃការប្រតិបត្តិការថែទាំសុខភាពមូលដ្ឋានក្នុងស្ថានភាពថ្មី។ ខ្លឹមសារថ្មីក្នុងសារាចរបានបន្តពង្រឹង សុក្រិត លើកកម្ពស់គុណភាព ប្រតិបត្តិការថែទាំសុខភាពមូលដ្ឋានដោយកំណត់ទិសដៅអាទិភាពថ្មីដោយផ្អែកលើការផ្លាស់ប្តូរដ៏សំខាន់ៗ។

កាលពីខែមករាកន្លងទៅ លោកនាយករដ្ឋមន្ត្រីបានអនុម័តលើយុទ្ធសាស្ត្រជាតិស្ដីពីកិច្ចការពារ ថែទាំ និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋដំណាក់កាលដល់ឆ្នាំ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ យុទ្ធសាស្ត្របានឆ្ពោះទៅគោលដៅរួមគឺ នៅប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព ហើយបានរស់ ក្នុងសហគមន៍ប្រកបដោយសុវត្ថិភាព និងអភិវឌ្ឍបានល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។

ទន្ទឹមនឹងគោលការណ៍ និងគោលនយោបាយថ្មីដូចដែលបានរៀបរាប់ខាងលើ វិស័យសុខាភិបាលកំពុងកែលម្អយ៉ាងសកម្មនូវស្ថានភាពពិនិត្យ និងព្យាបាលជំងឺនៅទូទាំងប្រព័ន្ធ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Dao Hong Lan អះអាងថា៖

“ភារកិច្ចថែទាំ និងលើកកំពស់សុខភាពប្រជាជន គឺជាបេសកកម្មដ៏ពិសិដ្ឋរបស់វិស័យសុខាភិបាល។ គោលដៅរបស់វិស័យសុខាភិបាលទាំងមូលនាដំណាក់កាលខាងមុខគឺត្រូវកសាងខឿនសុខាភិបាលយ៉ាងរឹងមាំ ដើម្បីឆ្លើយតប និងទប់ទល់នឹងគ្រប់ស្ថានការណ៍ដែលអាចកើតមាន ក្នុងនោះគោលដៅជួរមុខគឺលើកកម្ពស់គុណភាពថែទាំសុខភាពប្រជាជន ទប់ស្កាត់ជំងឺរាតត្បាត និងកសាង ប្រព័ន្ធសុខាភិបាលប្រកបដោយនិរន្តរភាពផងដែរ”។

ការតំរង់ទិសដៅដ៏ធំៗអំពីគោលនយោបាយ រួមជាមួយនឹងក្រមសីលធម៌វេជ្ជសាស្ត្រ ភាពវៃឆ្លាត ទេពកោសល្យ បញ្ញា ទេពកោសល្យ និងសេចក្តីប្រាថ្នារបស់ជួរគ្រូពេទ្យ ដែលកំពុងនាំវិស័យសុខាភិបាលរបស់វៀតណាមស្ថិតក្នុងក្រុមជួរមុខក្នុងចំណោមប្រទេសក្នុងតំបន់ និងឆ្ពោះទៅកាន់ពិភពលោក ព្រមទាំងសរឲ្យឃើញយ៉ាងច្បាស់លាល់ថា បុព្វហេតុថែទាំ និងការពារសុខភាពប្រជាជនជានិច្ចកាលជាអាទិភាពជួរមុខរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ