ស្ត្រីកំពុងដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើងក្នុងគ្រប់ទិដ្ឋភាពនៃជីវិតនៅក្នុងប្រទេសជុំវិញពិភពលោក។ រូបថត៖ Future Worlds |
ការរួមចំណែកសំខាន់របស់ស្ត្រី
ស្ត្រីកំពុងដើរតួនាទីកាន់តែសំខាន់ជាង ក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅតាមប្រទេសនានានៅលើពិភពលោក។ យោងតាមរបាយការណ៍វិភាគកាលពីឆ្នាំមុន របស់ទីភ្នាក់ងាររៀបចំណាត់ថ្នាក់កិត្យានុភាព Moody's បានឲ្យដឹងថា អត្រាស្ត្រី ដែលកាន់មុខតំណែងគ្រប់គ្រងថ្នាក់កណ្ដាល និងថ្នាក់ខ្ពស់នៅទូទាំងពិភពលោកគឺប្រមាណ ២៣% ។ ក្នុងវិស័យមួយចំនួនដូចជា សុខាភិបាល ការងារសង្គម និងការអប់រំ អត្រានេះគឺនៅត្រឹម ៦១% ទៅ ៦៧% ។ លើវិស័យសេវាកម្មហិរញ្ញវត្ថុ អត្រាស្ត្រីក៏កំពុងស្នើៗនឹងបុរស (៤៥%) ផងដែរ។ របាយការណ៍របស់ Moody's ក៏បានសរឲ្យឃើញថា នៅសហរដ្ឋអាមេរិក ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតលើពិភពលោក អត្រាមេដឹកនាំស្ត្រីបានកើនឡើងក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ដែលបច្ចុប្បន្នមានកម្រិត ៤០% ។ ខឿនសេដ្ឋកិច្ចធំៗផ្សេងៗទៀតនៅអឺរ៉ុប (អាល្លឺម៉ង់ បារាំង អង់គ្លេស) ក៏មានអត្រាប្រហាក់ប្រហែលគ្នាដែរ ពោលគឺពី ៣៥ ទៅ ៤០%។ សូម្បីតែនៅជប៉ុន ជាកន្លែងដែលបុរសមានមុខតំណែងលេចធ្លោនៅតាមក្រុមហ៊ុននានា អត្រាអ្នកដឹកនាំជាស្ត្រីក៏មានភាពប្រសើរឡើងផងដែរ ពីកម្រិត ១០,៤% ក្នុងឆ្នាំ ២០១០ ដល់ ១៤,៤% ក្នុងឆ្នាំ ២០១៩។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់ Moody's ក៏បានចង្អុលបង្ហាញអំពីវឌ្ឍនភាពក្នុងការបង្រួញគម្លាតយេនឌ័រ គឺមិនសមស្របនឹងសក្តានុពលរួមចំណែករបស់ស្ត្រី។ ដោយផ្អែកលើការគណនាផលិតភាពការងារ Moody's បានវាយតម្លៃថា ប្រសិនបើពិភពលោកបង្រួញគម្លាតយេនឌ័រនៅក្នុងកម្លាំងពលករ និងក្នុងការគ្រប់គ្រង សេដ្ឋកិច្ចពិភពលោកអាចទទួលបានអត្ថប្រយោជន៍ជាទឹកប្រាក់ចំនួន ៧ ០០០ ពាន់លានដុល្លារអាមេរិក។ មិនត្រឹមតែដើរតួនាទីដ៏ធំធេងលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ស្ត្រីក៏មានសារៈសំខាន់កាន់តែច្រើនជាង ក្នុងការចូលរួមដំណើរការនយោបាយទាំងលើឆាកជាតិ និងពិភពលោក ក៏ដូចជាក្នុងការលើកកម្ពស់កិច្ចសន្ទនា រក្សាសន្តិភាពនៅលើពិភពលោក។ លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការសន្តិភាពបាននិយាយថា៖ “ស្ត្រីបានចូលរួមកាន់តែច្រើន ហើយការប្រគល់អំណាចបន្ថែមជូនស្ត្រីក្នុងសកម្មភាពថែរក្សាសន្តិភាពគឺមានសារៈសំខាន់ណាស់ ព្រោះថាយើងមិនអាចបង្កើតសន្តិភាពប្រកបដោយចីរភាព ដោយគ្មានស្ត្រីឡើយ។ លើសពីនេះ ប្រតិបត្តិការថែរក្សាសន្តិភាពចាំបាច់ត្រូវឆ្លុះបញ្ចាំងពីការពិតនៃសហគមន៍នានា ដែលអង្គការសហប្រជាជាតិបម្រើ ហើយនៅក្នុងសហគមន៍ទាំងនេះ អត្រាបុរស-ស្ត្រីគឺ ៥០-៥០ ។ ដូច្នេះ យើងមានកាតព្វកិច្ចធានាសមភាពយេនឌ័រក្នុងអាណត្តិរបស់យើង”។
បញ្ហាប្រឈមជាច្រើនទាក់ទងនឹងសមភាពយេនឌ័រ
លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការសន្តិភាព។ រូបថត៖ Quang Huy/Vietnam+ |
ទោះបីជាការយល់ដឹងអំពីតួនាទីសំខាន់របស់ស្ត្រីបានផ្លាស់ប្តូរដ៏ធំធេងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅក៏ដោយ ប៉ុន្តែស្ត្រីនាបច្ចុប្បន្ននេះ នៅតែប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការទទួលបានឱកាស និង ស្វែងរកមុខតំណែងសមរម្យជាងក្នុងសង្គម។ យោងតាមរបាយការណ៍កាលពីឆ្នាំទៅមិញរបស់ Moody's បានឲ្យដឹងថា៖ មុខតំណែងគ្រប់គ្រងកាន់តែខ្ពស់ អត្រាស្ត្រីកាន់តែទាប។ លើសពីនេះ នៅក្នុងវិស័យមួយចំនួនដែលមានការរីកចម្រើនយ៉ាងខ្លាំងក្លា ហើយរំពឹងថានឹងក្លាយទៅជាកម្លាំងចលករសេដ្ឋកិច្ចសកលនាពេលអនាគត ដូចជា៖ បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល អត្រាស្ត្រីចូលរួម និងដឹកនាំនៅតែនៅតែស្ថិតក្នុងកម្រិតទាប បណ្ដាលឲ្យស្ត្រីខកខានឱកាសបង្កើនប្រាក់ចំណូលនៅថ្ងៃអនាគត។ បន្ទាប់មកទៀត ក្នុងបរិបទនៃបញ្ហាប្រឈមអំពីការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរឡើងសម្រាប់ប្រទេស និងសហគមន៍នានា ស្ត្រីក៏ជួបការលំបាកជាងបុរសដែរ។ លោកស្រី Lauren Philips នាយិការងនៃផ្នែកផ្លាស់ប្តូរជនបទ និងសមភាពយេនឌ័ររបស់ FAO បានអធិប្បាយថា៖ “បម្រែបម្រួលអាកាសធាតុគឺជាបញ្ហាប្រឈមដ៏ធំធែងសម្រាប់មនុស្សក្រីក្រ ជាពិសេសគឺស្ត្រី។ ដោយសារតែស្ត្រីមិនងាយសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុបាន ដូចបុរសឡើយ ហើយស្ត្រីក៏មិនទទួលបានប្រភពកម្លាំង ទ្រព្យសម្បត្តិ និងសេវាកម្មជាច្រើន ដែលអនុញ្ញាតឱ្យពួកគេសម្របខ្លួនទៅនឹងបញ្ហាប្រឈមដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុឡើយ”។
បញ្ហាប្រឈមសកលថ្មីបង្ខំឱ្យស្ត្រីចូលរួម និងដើរតួនាទីកាន់តែធំឡើងនៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ទោះជាយ៉ាងណាក៏ដោយ នេះក៏ជាវិស័យមួយដែលគម្លាតយេនឌ័រមិនទាន់ត្រូវបានបង្រួញគួរឲ្យកត់សមគាល់ឡើយ។ អញ្ជើញថ្លែងមតិនាថ្ងៃទី១១ ខែកុម្ភៈ ក្នុងឱកាសទិវាអន្តរជាតិនារី និងកុមារីផ្នែកវិទ្យាសាស្ត្រ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Dennis Francis បានមានប្រសាសន៍ថា៖ “យោងតាមវិទ្យាស្ថានស្ថិតិនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ – យូណេស្កូ អ្នកស្រាវជ្រាវជាស្ត្រីបានស្រូបយកត្រឹមតែ ៣៣% នៅលើពិភពលោកតែប៉ុណ្ណោះ។ តួរលេខទាបគួរឱ្យព្រួយបារម្ភនេះគឺស្រដៀងគ្នាទៅនឹងគម្លាតប្រាក់ចំណូលនៅក្នុងពិភពវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា (STEM) ដែលប្រាក់ចំណូលរបស់ស្ត្រីទាបជាងសហការីបរុសផងដែរ”។
ដើម្បីផ្លាស់ប្តូរស្ថានភាពនោះ អង្គការសហប្រជាជាតិបានចេញសេចក្តីអំពាវនាវសមភាពយេនឌ័រលើវិស័យវិទ្យាសាស្ត្រ ដោយចាត់ទុកថា ការចូលរួមដោយសមភាពរបស់ស្ត្រី និងកុមារីក្នុងការស្វែងយល់ និងផ្លាស់ប្ដូរវិទ្យាសាស្ត្រគឺជារបៀបតែមួយគត់ ដើម្បីឆ្លើយតបប្រកបដោយនិរន្តរភាពចំពោះបញ្ហាប្រឈមសកល ហើយនាពេលខ្លីខាងមុខគឺជំរុញសម្រេចឲ្យបានរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដល់ឆ្នាំ២០៣០ តាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ៕