ដកខ្លួនចេញពី JCPOA៖ ជំហានដ៏ប្រថុយប្រថានរបស់អាមេរិក (រូបថត៖ Xinhua/TTXVN) |
សេចក្ដីសម្រេចរបស់ម្ចាស់សេតវិមានរូបនេះត្រូវបានបកស្រាយថា សំដៅធានាផលប្រយោជន៍របស់អាមេរិក ប៉ុន្តែវាបានបណ្ដាលឲ្យទំនាស់រវាងអាមេរិកនិង EU កាន់តែធ្ងន់ធ្ងរ ហើយទម្លាក់កិត្យានុភាពរបស់អាមេរិកលើឆាកអន្តរជាតិ។ លើសពីនេះទៅទៀត សេចក្ដីសម្រេចនេះអាចបណ្ដាលឲ្យតំបន់មជ្ឈឹមបូព៌ាធ្លាក់ចូលទៅក្នុងវិបត្តិ។
ក្នុងបទថ្លែងមតិនារសៀលថ្ងៃទី៨ ឧសភា ប្រធានាធិបតីលោក Donald Trump បានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតថា កិច្ចព្រមព្រៀងសកម្មភាពដ៏ទូលំទូលាយរួមឆ្នាំ២០១៥ (JCPOA) ដែលរដ្ឋអំណាចមុនបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់ បារាំង អាល្លឺម៉ង់ អង់គ្លេស រុស្ស៊ី និងចិននោះ គឺកិច្ចព្រមព្រៀងអាក្រក់មួយ ហើយមិនមានអត្ថប្រយោជន៍ណាមួយចំពោះសន្តិភាពឡើយ។ តាមលោក Trump ថា កម្មវិធីនេះមិនអាចរារាំងអ៊ីរ៉ង់អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ក៏ដូចជារារាំងអ៊ីរ៉ង់ផ្ដល់ហិរញ្ញប្បទានជូនដល់ក្រុមភេរវកម្មឡើយ។ ដោយហេតុនេះ ទើបអាមេរិកសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ហើយស្ដារបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ឡើងវិញ។
គ្រោះអាសន្ននាំទៅវិបត្តិនៅមជ្ឈឹមបូព៌ា
លេសដែលលោក Trump យកមកបកស្រាយសំរាប់សេចក្ដីសម្រេចខាងលើនោះគឺ ការចោទប្រកាន់អ៊ីរ៉ង់បន្តកសាងកម្មវិធីនុយក្លេអ៊ែរមួយ ប៉ុន្តែមិនបង្ហាញបាននូវភស្តុតាងណាមួយឡើយ។ លោករូបនេះឲ្យដឹងថែមទៀតថា អាមេរិកនឹងចាប់ផ្ដើមដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនៅកម្រិតខ្ពស់បំផុតទៅលើអ៊ីរ៉ង់ ជាក់ស្ដែងគឺលើវិស័យហិរញ្ញវត្ថុ ផលិតរថយន្តនិងថាមពល។ បទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក អាចរារាំងការនាំចេញប្រេងឧស្ម័នរបស់អ៊ីរ៉ង់ ខណៈដែលប្រទេសនេះជាសមាជិកធំទី៣នៃអង្គការបណ្ដាប្រទេសនាំចេញប្រេងឧស្ម័ន (OPEC) ដោយផ្គត់ផ្គង់៤%នៃបរិមាណប្រេងឧស្ម័នសរុបសំរាប់ពិភពលោកជារៀងរាល់ថ្ងៃ។
អ្នកផងឃើញថា សេចក្ដីសម្រេចរបស់អាមេរិកនាំមកនូវផលប្រយោជន៍សំរាប់សម្ព័ន្ធមិត្តមួយចំនួនរបស់វ៉ាស៊ីនតោននៅមជ្ឈឹមបូព៌ា។ ប្រទេសប្រឈមមុខជាមួយអ៊ីរ៉ង់ក្នុងតំបន់ដូចជាអារ៉ាប់ប៊ីសាអូឌីតឬអ៊ីស្រាអែលបានសម្ដែងការពេញចិត្តចំពោះការដែលអាមេរិកដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ឡើងវិញ។
ប៉ុន្តែក្រឡែកមើលជាទូទៅ សេចក្ដីសម្រេចរបស់លោក Trump ត្រូវបានចាត់ទុកថា នឹងបណ្ដាលឲ្យមជ្ឈឹមបូព៌ាធ្លាក់ចូលទៅក្នុងវិបត្តិថ្មី បណ្ដាលឲ្យភាពតានតឹងឡើងជណ្ដើរនៅតំបន់មួយដែលកំពុងធ្លាក់ខ្លួនក្នុងជម្លោះថ្មីៗជាច្រើន ក្នុងនោះមានជម្លោះនៅស៊ីរីក៏ដូចជាជម្លោះរវាងអ៊ីរ៉ង់ជាមួយអ៊ីស្រាអែលនិងក្រុមប្រទេសអារ៉ាប់។ ផលវិបាកធំបំផុតនៃសេចក្ដីសម្រេចនេះដែលប៉ាន់ស្មានមិនដល់នោះគឺ សង្គ្រាមមួយជាមួយអ៊ីរ៉ង់។ តេអេរ៉ង់បានត្រៀមខ្លួនជាស្រេចចាប់ផ្ដើមឡើងវិញសកម្មភាពនុយក្លេអ៊ែរនៅកម្រិតឧស្សាហកម្ម ហើយអាចអនុវត្តន៍នាសប្តាហ៍ខាងមុខ។
បង្ខូចកិត្យានុភាពរបស់អាមេរិក បណ្ដាលឲ្យទំនាស់ជាមួយ EU កាន់តែជ្រាលជ្រៅ
មិនទាន់ដឹងថា សេចក្ដីសម្រេចដកខ្លួនចេញពី JCPOA របស់លោក Trump នឹងនាំមកនូវផលប្រយោជន៍ដ៏ធំធេងអ្វីសំរាប់អាមេរិកដែរឬទេ ប៉ុន្តែឥឡូវនេះវាបានបង្ខូចកិត្យានុភាពរបស់អាមេរិកលើទូទាំងពិភពលោក។ សេចក្ដីសម្រេចនេះបណ្ដាលឲ្យអ្នកខ្លះមានការពិបាកដើម្បីជឿជាក់ទៅលើកិច្ចសន្យាអន្តរជាតិណាក៏ដោយដែលបានបំផុសឡើងដោយអាមេរិក ពិសេសគឺក្នុងកាលៈទេសៈដែលជំនួបកំពូលអាមេរិក-កូរ៉េខាងជើងជិតនឹងប្រព្រឹត្តទៅ។
ចំពោះក្រុមសម្ព័ន្ធមិត្តលោកខាងលិច ការដែលអាមេរិកដកខ្លួនចេញពី JCPOA គឺសកម្មភាពឯកកោខ្លួនរបស់អាមេរិក។ ដោយមិនអើពើដល់សេចក្ដីសម្រេចរបស់អាមេរិក EU នៅតែរក្សាJCPOA ដដែល ព្រោះថាកិច្ចព្រមព្រៀងនេះជាកត្តាគន្លឹះដើម្បីធានាសន្តិសុខរបស់អឺរ៉ុបក៏ដូចជាពិភពលោកទាំងមូល។ ទន្ទឹមនឹងនោះ បទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់របស់អាមេរិក ក៏ប៉ះពាល់ទៅលើផលប្រយោជន៍របស់ EU ដោយសារមានក្រុមហ៊ុន EU ជាច្រើនបានវិនិយោគយ៉ាងខ្លាំងក្លាទៅក្នុងអ៊ីរ៉ង់ក្នុងប៉ុន្មានឆ្នាំកន្លងមក។ ច្បាស់លាស់ថា លោក Trump បានជំរុញឲ្យ EU និង អាមេរិកធ្លាក់ចូលក្នុងភាពប្រឈមមុខដាក់គ្នា។
ទោះបីជាលោក Trump បានទុកចំហនូវលទ្ធភាពអំពីការចរចាលើកិច្ចព្រមព្រៀងថ្មីសំដៅដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ឲ្យបានសមហេតុសមផលក្ដី ប៉ុន្តែប្រការនេះមិនងាយស្រួលទេ។
មុននេះ២ឆ្នាំ ពិភពលោកទាំងមូលបានសប្បាយយ៉ាងក្រៃលែងនាពេល JCPOA បានចុះហត្ថលេខា ដែលគូសសញ្ញានូវការចាប់ផ្ដើមដ៏ល្អប្រសើរសំរាប់ការខំប្រឹងប្រែងប្រឆាំងការរីកសាយអាវុធនុយក្លែអ៊ែរនៅលើទូទាំងពិភពលោក។ ប៉ុន្តែនាបច្ចុប្បន្ន ដោយការគិតគូររបស់វ៉ាស៊ីនតោន កិច្ចព្រមព្រៀងនេះមិនប្រាកដប្រាជា ជាងពេលណាៗទាំងអស់ឡើយ៕