គិតត្រឹមថ្ងៃទី ៨ ខែមិនា បន្ទាប់ពីរយៈពេលមួយឆ្នាំនៃការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសមក វៀតណាមបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ប្រមាណ ១៩៨,៣ លានដូសជូនប្រជាពលរដ្ឋ (រូបថត៖ VNA) |
តាមរយៈការឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាមនឹងពង្រីកយ៉ាងខ្លាំងក្លានូវតួនាទីដ៏សកម្មរបស់ខ្លួន បន្តរីកសាយភាយគំនិតផ្តួចផ្តើម អាទិភាព និងជំរុញរបៀបអភិក្រមដោយយកមនុស្ស និងប្រជាពលរដ្ឋជាមជ្ឈមណ្ឌល ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាមួយពិភពលោកនាបច្ចុប្បន្ននេះផងដែរ។
នាបច្ចុប្បន្ននេះ បញ្ហាធានាសិទ្ធិមនុស្សកាន់តែមានសារៈសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ ចំពោះមុខបរិបទដែលពិភពលោកពោរពេញទៅដោយការវិវឌ្ឍជាមួយនឹងបញ្ហាប្រឈមខាងសន្តិសុខទាំងប្រពៃណី និងក្រៅប្រពៃណី ដែលប៉ះពាល់ដល់ប្រទេសជាតិ និងប្រជាជាតិទាំងអស់។ ដូចទៅនឹងប្រទេសជាច្រើននៅលើពិភពលោកដែរ ចាប់ពីឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្ន ជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម ដោយប៉ះពាល់ដល់លទ្ធភាពទទួលបានផលប្រយោជន៍សិទ្ធិមនុស្ស និងជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការធានាសិទ្ធិរបស់ប្រជាជន។ ក្នុងពេលនោះ អំពើហិង្សា និងជម្លោះបានកើនឡើង ដែលមិនត្រឹមតែគំរាមកំហែងដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំងរារាំងដល់លទ្ធភាពស្ដារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកទៀតផង។ ទន្ទឹមនឹងនោះ គ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងការរិចរិលបរិស្ថានបានបន្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនម្នាក់ៗ។ វិសមភាពនៅប្រទេសនីមួយៗ និងរវាងបណ្ដាប្រទេសកាន់តែអាក្រក់ទៅៗ។
ក្នុងបរិបទដែលពោរពេញទៅដោយការសាកល្បងនេះ វៀតណាមបានប្រកាន់ខ្ជាប់នូវគោលការណ៍ឥតងាករេស្ដីពីការធានា និងការជំរុញសិទ្ធិមនុស្ស។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ធ្លាប់បានសង្កត់ធ្ងន់ថា៖ មិនសុខចិត្តលះបង់សន្តិសុខសង្គម បរិស្ថាន វឌ្ឍនភាព និងសមភាព ដើម្បីប្រដេញតាមកំណើនសេដ្ឋកិច្ចសុទ្ធសាធនោះឡើយ” ឬ "ថែទាំប្រជាជនជិត ១០០ លាននាក់ឱ្យមានជីភាពរស់នៅសម្បូរធូធារ និងសុភមង្គល ប្រជាធិបតេយ្យ មានជីវភាពរស់នៅសុខសាន្ត សន្តិសុខ សុវត្ថិភាព គឺជាប្រការដ៏សំខាន់បំផុត"។ តថភាពជាក់ស្ដែងបានសរឲ្យឃើញថា បញ្ហាការពារ និងជំរុញសិទ្ធិមនុស្សតែងតែត្រូវបានផ្ដោតសំខាន់ក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ យុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។ ដោយឈរលើគោលការណ៍ឥតងាករេនោះ វៀតណាមបានអនុវត្តន៍យ៉ាងម៉ត់ចត់នូវកាតព្វកិច្ច និងការប្តេជ្ញាចិត្តអន្តរជាតិលើវិស័យសិទ្ធិមនុស្ស ក្នុងនោះមានអនុសាសន៍ក្រោមយន្តការត្រួតពិនិត្យជាសកល (UPR)។ ចំពោះជំងឺរាតត្បាតកូវីដ-១៩ វៀតណាមបានកំណត់ការងារបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតគឺជាភារកិច្ចសំខាន់ ហើយអាទិភាពចម្បងគឺការពារសុខភាពប្រជាជន។
ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល និងការស្រុះចិត្តគំនិត រួមដៃគ្នារបស់ប្រជាជន គិតត្រឹមថ្ងៃទី ៨ ខែមិនា បន្ទាប់ពីរយៈពេលមួយឆ្នាំនៃការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសមក វៀតណាមបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ប្រមាណ ១៩៨,៣ លានដូសជូនប្រជាពលរដ្ឋ ហើយក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៦ ដែលមានអត្រាគ្របដណ្តប់ វ៉ាក់សាំងខ្ពស់បំផុតនៅលើពិភពលោក។ ទាក់ទងនឹងសេដ្ឋកិច្ច ទោះបីជាជួបការលំបាកដោយសារជំងឺរាតត្បាតក៏ដោយ ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់វៀតណាមសម្រេចបាន ២,៥៨% ក្នុងឆ្នាំ ២០២១ ហើយត្រូវបានធនាគារពិភពលោក (WB) ព្យាករណ៍ថា អាចនឹងវិលត្រឡប់មកកម្រិត ៦,៥-៧% ចាប់ពីឆ្នាំ ២០២២ តទៅ។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំជាប្រចាំលើកទី ៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (រូបថត៖ nld.com.vn) |
ដោយអះអាងពីរាល់តម្លៃដែលវៀតណាមតែងតែខិតខំប្រឹងប្រែងនាំមកជូនប្រជាជន ហើយក៏ជារាល់តម្លៃដែលអង្គការសហប្រជាជាតិបានប្តេជ្ញានាំមកជូនមនុស្សជាតិនោះ វៀតណាមបានឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UNHRC) អាណត្តិ ២០២៣-២០២៥ ហើយត្រូវបានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គាំទ្រជាបេក្ខភាពតែមួយគត់របស់អាស៊ានសម្រាប់អាណត្តិនេះ។ នៅក្នុងសម័យប្រជុំជាប្រចាំលើកទី ៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិនាពេលកន្លងទៅនេះ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានអះអាងសារជាពីគោលបំណងចង់ រួមវិភាគទានទៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមធានាសិទ្ធមនុស្សជូនប្រជាជនគ្រប់រូបនៅលើពិភពលោកតាមរយៈការឈរឈ្មោះជាសមាជិក។ យោងតាមលោករដ្ឋមន្ត្រី Bui Thanh Son បានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីជំរុញរាល់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ បង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សតាមរយៈការសន្ទនា កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។
តាមរយៈការឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាមអាចពង្រីកយ៉ាងខ្លាំងក្លានូវតួនាទីដ៏សកម្ម បន្ត រីកសាយភាយគំនិតផ្តួចផ្តើម អាទិភាព និងជំរុញរបៀបអភិក្រមយកប្រជាពលរដ្ឋជាមជ្ឈមណ្ឌល ជាពិសេសគឺក្នុងកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញក្រោយជំងឺកូវីដ ១៩ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាមួយពិភពលោក។
វៀតណាមធ្លាប់ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អាណត្តិ ២០១៤-២០១៦ ជាមួយគំនិតផ្តួចផ្តើម និងសញ្ញាសម្គាល់វិជ្ជមានជាច្រើន។ដោយប្រកាន់ខ្ជាប់និងការអត់ធ្មត់តាមបាវចនាយកប្រជាជនជាមជ្ឈមណ្ឌលនៃការសម្រេចចិត្តនោះ វៀតណាមកំពុងខិតខំប្រឹងប្រែងជាមួយសហគមន៍អន្តរជាតិ ដើម្បីកំណត់រូបរាងអនាគតដ៏ល្អប្រសើរ ដែលសិទ្ធិមនុស្សត្រូវបានធានាយ៉ាងទូលំទូលាយលើគ្រប់ជ្រុងជ្រោយផងដែរ៕