ជំរុញនវានុវត្តន៍៖ គោលជំហរសំខាន់របស់រដ្ឋាភិបាលវៀតណាម

Chia sẻ

(VOVWORLD) - ក្នុងជំនួបធ្វើការជាមួយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) កាលពីចុង សប្តាហ៍មុន (ថ្ងៃទី៤ ខែមីនា) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ត្រូវតែកសាងយន្តការ និងគោលនយោបាយដើម្បីជំរុញ នវានុវត្តន៍។ តាមនោះ ភារកិច្ចជាច្រើនត្រូវបានលោកនាយករដ្ឋមន្ត្រីប្រគល់ជូនក្រសួង ស្ថាប័ននានា ដើម្បីបង្កើតបរិយាកាសអំណោយផលបំផុតសម្រាប់ការពង្រីកសក្តានុពលនវានុវត្តន៍របស់វៀតណាម ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រទេសជាតិដោយផ្អែកលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

ជំរុញនវានុវត្តន៍៖ គោលជំហរសំខាន់របស់រដ្ឋាភិបាលវៀតណាម - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្តាប់ការណែនាំអំពីអង្គភាពស្រាវជ្រាវនិងផលិតនៅក្នុងមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC)។ (រូបថត៖ Duong Giang/VNA)

មហាសន្និបាតលើកទី១៣នៃបក្សកុម្មុយនិស្តវៀតណាមបានកំណត់គោលដៅថា នៅឆ្នាំ ២០២៥ វៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប មានប្រាក់ចំណូលលើសពីមធ្យមកម្រិតទាប; នៅឆ្នាំ ២០៣០ ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់; ហើយនៅឆ្នាំ ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់”; ការអភិវឌ្ឍន៍ផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ការកកើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាមូលដ្ឋាន

យោងតាមក្រសួងផែនការនិងវិនិយោគ ក្រោយពីបើកឲ្យដំណើរការជាង ៣ ឆ្នាំ (២០១៩-២០២៣) មជ្ឈមណ្ឌលនវានុវត្តន៍ជាតិបានបង្កើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាមូលដ្ឋាន ដែលមាន សសរ ស្តម្ភសំខាន់ៗចំនួន ៣ គឺ រដ្ឋ-វិទ្យាស្ថាននិងសាលា-សហគ្រាស។ ក្នុងនោះ មានដៃគូធំៗជាច្រើន ដែលជាសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៃពិភពលោកនិងក្នុងប្រទេស; មជ្ឈមណ្ឌលវិទ្យា សាស្ត្របច្ចេកវិទ្យា នវានុវត្តន៍នៃប្រទេសផ្សេងៗ រួមជាមួយមូលនិធិវិនិយោគក្នុងស្រុក និងអន្តរជាតិជិត ២០០ និងអ្នកជំនាញ បញ្ញវន្តវៀតណាមជិត ១.៦០០ នាក់នៅជុំវិញពិភពលោក។ រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលបានក្លាយជាអង្គភាពត្រួសត្រាយផ្លូវក្នុងការស្រាវជ្រាវ លើកសំណើរនូវយន្តការសហប្រតិបត្តិការ គំរូបណ្ដុះ និងជួយគាំទ្រការវិនិយោគនិងចាប់ផ្ដើមអាជីវកម្មផ្នែកនវានុវត្តន៍។

មជ្ឈមណ្ឌលក៏បានសហការជាមួយដៃគូ Google រៀបចំកម្មវិធី “ទេពកោសល្យឌីជីថល” ដោយមាននិស្សិតវៀតណាមរាប់ម៉ឺននាក់ចូលរួម; សម្របសម្រួលជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដើម្បីដាក់ពង្រាយសកម្មភាពអភិវឌ្ឍន៍ធនធានមនុស្ស; សម្របសម្រួលជាមួយ អង្គការ STEAM for Vietnam (ជំរុញសកម្មភាពទាក់ទងនឹងការអប់រំ STEAM៖ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា - វិស្វកម្ម - សិល្បៈ - គណិតវិទ្យា) រៀបចំការបណ្តុះបណ្តាលសិស្សបឋមសិក្សា និងមធ្យមសិក្សាជាង ២ ម៉ឺននាក់លើផ្នែកសរសេរកម្មវិធីកុំព្យូទ័រ និង STEM; ព្រមទាំងរៀបចំការប្រកួតប្រជែងមនុស្សយន្តសម្រាប់សិស្ស; កសាងប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលតាមអ៊ីនធឺណិត។

រហូតមកដល់ពេលនេះ បណ្តាញនវានុវត្តន៍វៀតណាមបានអភិវឌ្ឍន៍បណ្តាញសមាសភាគចំនួន ៨ នៅប្រទេសអាល្លឺម៉ង់ អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ (ចិន) អឺរ៉ុប និងបណ្តាញចំនួន ២ នៅសហរដ្ឋអាមេរិក។ នេះគឺជាប្រភពបញ្ញវន្តដ៏ធំសម្បើម ដែលត្រៀមខ្លួនជាស្រេចចូលរួម និងរួមចំណែកក្នុងសកម្មភាព គម្រោងបច្ចេកវិទ្យា និងនវានុវត្តន៍នៅវៀតណាម។

កសាងយន្តការនិងគោលនយោបាយដើម្បីជំរុញនវានុវត្តន៍

ជាមួយនឹងលទ្ធផលដែលសម្រេចបាន វៀតណាមកំពុងធ្វើជាក់ស្ដែងភាវូបនីយកម្មនូវស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមក្នុងវិស័យអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពនាពេលខាងមុខ រដ្ឋាភិបាលវៀតណាមបានកំណត់ថា ត្រូវតែមានគោលនយោបាយដើម្បីប្រមូលផ្ដុំបញ្ហា ហើយត្រូវមានយន្តការអាទិភាពទាក់ទងនឹងប្រភពធនធាន ... ក្នុងវិស័យនវានុវត្តន៍។

ជំរុញនវានុវត្តន៍៖ គោលជំហរសំខាន់របស់រដ្ឋាភិបាលវៀតណាម - ảnh 2លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងជំនួបធ្វើការជាមួយ NIC។ (រូបថត៖ VOV)

អំពីការកសាងយន្តការគោលនយោបាយ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា ក្រសួងផែនការនិងវិនិយោគត្រូវសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានាក្នុងការតាក់តែងឯកសារ បង្កើតក្របខ័ណ្ឌច្បាប់ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍; សួនបណ្ដុះនវានុវត្តន៍។ ជាពិសេស ភាគីពាក់ព័ន្ធគួរតែធ្វើការស្រាវជ្រាវលើការកសាងមូលនិធិនវានុវត្តន៍ ដើម្បីជំរុញនិងលើកទឹកចិត្តនវានុវត្តនភាព; សុក្រិតគំរូមជ្ឈមណ្ឌលនវានុវត្តន៍ ឲ្យបានសមស្របនឹងលក្ខខណ្ឌរបស់វៀតណាម។ ទន្ទឹមនឹងនោះ គឺជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍បរិក្ខារសម្រាប់សកម្មភាពស្រាវជ្រាវ និងនវានុវត្តន៍; កសាង តភ្ជាប់ប្រព័ន្ធមូលដ្ឋានទិន្នន័យជាតិ ដើម្បីកសាងមូលដ្ឋានទិន្នន័យធំ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត។

លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា មជ្ឈមណ្ឌលនវានុវត្តន៍ជាតិវៀតណាមត្រូវតែ “ប្រមូលផ្ដុំបញ្ញានិងរីកសាយភាយផលប្រយោជន៍នៃនវានុវត្តន៍របស់វៀតណាម” ដោយមិនរើសអើងព្រំដែន ចម្ងាយ អាយុ បង្កើតប្រភពធនធានដើម្បីរីកសាយភាយផលប្រយោជន៍ និងគុណតម្លៃសម្រាប់សង្គមទាំងមូល។ រដ្ឋត្រៀមខ្លួនជាស្រេចផ្ដល់ធនធានដោយសារការវិនិយោគសម្រាប់នវានុវត្តនភាព គឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ។

នៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន នវានុវត្តភាពដើរតួនាទីយ៉ាងសំខាន់ចំពោះការអភិវឌ្ឍ ក៏ដូចជាសមត្ថភាពប្រកួតប្រជែងនៃប្រទេសនីមួយៗ។ ការបង្កើតបរិយាកាសអំណោយផល និងការវិនិយោគដ៏សក្តិសមដើម្បីពង្រីកសក្តានុពលនវានុវត្តន៍ នឹងជួយវៀតណាមសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រទេសជាតិដោយផ្អែកលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា៕

 

ប្រតិកម្មទៅវិញ