ជំរុញខ្លាំងការផ្លាស់ប្ដូរឌីជីថល ការផ្លាស់ប្ដូរបៃតងដើម្បីបង្រួញដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្ម

Chia sẻ

(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងវេទិកាជាន់ខ្ពស់ប្រចាំឆ្នាំស្តីពីឧស្សាហកម្ម ៤.០ ឆ្នាំ២០២៣ ដោយផ្សាភ្ជាប់នឹងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៩ ស្តីពីឧស្សាហូបនីយកម្ម និងទំនើបកម្មដែលប្រព្រឹត្តទៅនៅពាក់កណ្តាលសប្តាហ៍ (ថ្ងៃទី ១៤ ខែមិថុនា) នៅទីក្រុងហាណូយនោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ការសម្របខ្លួននិងការអភិវឌ្ឍនៃប្រទេសនីមួយៗក្នុងយុគសម័យឌីជីថលនិងសកលភាវូបនីយកម្មនាបច្ចុប្បន្ន គឺជាបញ្ហាធំ បន្ទាន់ និងយូរអង្វែង។ វៀតណាមយល់ច្បាស់អំពីកាលានុវត្តភាពនិងតម្រូវការដើម្បីអាចសម្របខ្លួន និងអភិវឌ្ឍន៍។ រដ្ឋាភិបាលវៀតណាមបាន កំពុង នឹងបន្តផ្លាស់ប្ដូរថ្មីដើម្បីអភិវឌ្ឍន៍។

ជំរុញខ្លាំងការផ្លាស់ប្ដូរឌីជីថល ការផ្លាស់ប្ដូរបៃតងដើម្បីបង្រួញដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្ម - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងនៅវេទិកាជាន់ខ្ពស់ប្រចាំឆ្នាំស្តីពីឧស្សាហកម្ម ៤.០ ឆ្នាំ២០២៣ ដោយផ្សាភ្ជាប់នឹងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៩ ស្តីពីឧស្សាហូបនីយកម្ម និងទំនើបកម្ម។ (រូបថត៖ VOV)

ត្រូវតែបង្កើតឡើងការទម្លុះទម្លាយ

យោងតាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ការជំរុញខ្លាំងនូវការផ្លាស់ប្តូរឌីជីថល ហើយការផ្លាស់ប្តូរបៃតងនឹងបង្កើតការទម្លុះទម្លាយ បង្រួញដំណើរការធ្វើឧស្សាហូបនីយកម្ម និងទំនើបកម្ម លើកកំពស់ផលិតភាព គុណភាព ប្រសិទ្ធភាព និងកម្លាំងប្រកួតប្រជែងនៃសេដ្ឋកិច្ច។

ដើម្បីធ្វើបានយ៉ាងដូច្នេះ វៀតណាមត្រូវអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវ “កម្មវិធីផ្លាស់ប្តូរឌីជីថលជាតិដល់ឆ្នាំ ២០២៥ ទិសដៅដល់ឆ្នាំ ២០៣០”។ តាមនោះ ការផ្លាស់ប្តូរឌីជីថលត្រូវតែនាំមកនូវលទ្ធផលជាក់ស្តែង និងតម្លៃពិតប្រាកដសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ក្នុងនោះ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបាវចនាដែលបានកំណត់សម្រាប់ឆ្នាំ ២០២៣ ជាឆ្នាំ "បង្កើតនិងធ្វើអាជីវកម្មពីទិន្នន័យដើម្បីបង្កើតតម្លៃថ្មី" និងគម្រោងទី ៦ ស្តីពីការអភិវឌ្ឍទិន្នន័យប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់តាមប្រព័ន្ធអេឡិចត្រូនិចដើម្បីបម្រើការផ្លាស់ប្តូរឌីជីថលជាតិដំណាក់កាល ២០២២-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០។

ទន្ទឹមនឹងនោះ ពន្លឿនការកសាង ផ្សព្វផ្សាយ និងរៀបចំអនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល; កសាងច្បាប់ស្តីពីឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល; ជំរុញការអភិវឌ្ឍផលិតផល និងសេវាកម្មថ្មីៗ គោលនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល។

លើសពីនេះ វៀតណាមត្រូវតែអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតងដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដើម្បីជំរុញការផ្លាស់ប្តូរបៃតង។ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍នយោបាយស្ដីពីការបង្កើតភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ជាមួយដៃគូអន្តរជាតិ ឆ្លៀតយកការជួយឧបត្ថម្ភយ៉ាងអតិបរមាពីដៃគូអន្តរជាតិក្នុងការផ្ទេរបច្ចេកវិទ្យា ការគ្រប់គ្រង ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្តល់ហិរញ្ញវត្ថុ ដោយចាត់ទុក JETP ជា ដំណោះស្រាយសំខាន់សម្រាប់ដំណើរការបម្លែងថាមពលនៅវៀតណាម។ ទន្ទឹមនឹងនោះគឺជាការអនុវត្តប្រកបដោយជោគជ័យនូវផែនការមេថាមពលអគ្គីសនី VIII ដែលបានអនុម័តដោយលោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ដើម្បីឆ្ពោះទៅរកកាត់បន្ថយ និងធានាតុល្យភាពនៃការបំភាយឧស្ម័នស្របតាមការសន្យារបស់វៀតណាមនៅឯកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី ២៦ (នៅចក្រភពអង់គ្លេស) និងលើកទី ២៧ (នៅអេហ្ស៊ីប) ផងដែរ។

ជំរុញខ្លាំងការផ្លាស់ប្ដូរឌីជីថល ការផ្លាស់ប្ដូរបៃតងដើម្បីបង្រួញដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្ម - ảnh 2ទិដ្ឋភាពនៃវេទិកា។

អភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា កសាងឧស្សាហកម្មជាតិដ៏រឹងមាំ

ការកសាងឧស្សាហកម្មជាតិដ៏រឹងមាំ មានអត្ថន័យយ៉ាងសំខាន់ក្នុងដំណើរការធ្វើឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។ តាមលោកនាយករដ្ឋមន្ត្រី វៀតណាមនឹងជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្មឡើងវិញ; កែសម្រួលការបែងចែកលំហអភិវឌ្ឍឧស្សាហកម្មនៃតំបន់ និងមូលដ្ឋានដោយតភ្ជាប់ជាមួយតំបន់ជាកម្លាំងចលករ ប៉ូលកំណើន ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ ធានាលក្ខណៈឯកទេសខ្ពស់ បង្កើនការតភ្ជាប់ក្នុងតំបន់ និងអន្តរតំបន់; បង្កើតតំបន់ឧស្សាហកម្ម ខ្សែក្រវ៉ាត់ឧស្សាហកម្ម ចង្កោមឧស្សាហកម្ម និងមណ្ឌលឧស្សាហកម្ម។

វៀតណាមក៏នឹងអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបំពេញតម្រូវការនៃការធ្វើឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ; ក្នុងនោះជំរុញខ្លាំងដល់សហគ្រិនភាព និងនវានុវត្តនភាព។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ រដ្ឋាភិបាលនឹងបន្តផ្តោតលើការសុក្រិតរបៀបរបប ដើម្បីលើកកម្ពស់សហគ្រិនភាព នវានុវត្តនភាព ស្របតាមយន្តការទីផ្សារ និងទម្លាប់អន្តរជាតិ។ កសាងនិងអនុវត្តន៍គោលនយោបាយ ដើម្បីកសាងប្រព័ន្ធនវានុវត្តន៍ជាតិ លើកទឹកចិត្តដល់អង្គការ និងបុគ្គលនានា ឱ្យបង្កើនការអនុវត្តបច្ចេកវិទ្យាថ្មី ស្អាត លើកកំពស់ជំនាញនិងសមត្ថភាពបច្ចេកវិទ្យា ដើម្បីផលិតនូវផលិតផលថ្មីៗ ផលិតផលស្នូល និងសំខាន់នៃផ្នែក វិស័យ និងមូលដ្ឋាន។ កសាងវប្បធម៌ចាប់ផ្តើមអាជីវកម្មជាតិ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ។

ក្នុងនាមជាសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍន៍យ៉ាងស្វាហាប់ វៀតណាមប្រកាន់ខ្ជាប់ជានិច្ចនឹងគោលដៅកសាងប្រទេសជាតិប្រកបដោយភាពខ្លាំងមាំមួន និងវិបុលភាព ដែលក្នុងនោះឧស្សាហូបនីយកម្ម និងទំនើបកម្មដើរតួនាទីសំខាន់។ ហើយការផ្លាស់ប្ដូរឌីជីថល និងការផ្លាស់ប្ដូរបៃតងគឺជាភារកិច្ចស្នូល ដែលបង្កើតឡើងការទម្លុះទម្លាយ និងបង្រួញដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ