គោរពនិងអនុវត្តការសន្យានានានិង UNCLOS ១៩៨២ រួមចំណែកកាត់បន្ថយភាពតានតឹងនៅសមុទ្រខាងកើត

Chia sẻ

(VOVWORLD) - នៅទីស្នាក់ការព្រឹទ្ធសភាបារាំងនៅទីក្រុងប៉ារីស នាពេលថ្មីៗនេះ វិទ្យាស្ថានស្រាវជ្រាវភូមិសាស្ត្រនយោបាយអនុវត្តន៍ (EGA) ទើបនឹងបានរៀបចំសិក្ខាសាលាស្ដីពីសមុទ្រខាងកើត។ សិក្ខាសាលាបានទាក់ទាញការចូលរួមរបស់មន្ត្រីបារាំង អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ យុទ្ធសាស្ត្រយោធា និងគោលនយោបាយការពារជាតិយ៉ាងច្រើនកុះករ។ សិក្ខាសាលាជាថ្មីម្តងទៀតបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរព និងការអនុវត្តការសន្យានានានៃច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។

គោរពនិងអនុវត្តការសន្យានានានិង UNCLOS ១៩៨២ រួមចំណែកកាត់បន្ថយភាពតានតឹងនៅសមុទ្រខាងកើត - ảnh 1វៀតណាមបានបង្ហាញពីទស្សនៈប្រកបដោយភាពបត់បែនក្នុងការអនុវត្តទ្រឹស្តីអំពីខ្សែព្រំដែនសមុទ្រតែមួយ។ (រូបថត៖ baoquocte.vn)

យោងតាមអ្នករៀបចំសិក្ខាសាលានេះ សមុទ្រខាងកើតគឺជាតំបន់ដែលតែងតែមានហានិភ័យអាចកើតឡើង ហើយងាយក្លាយជាចំណុចក្តៅគគុករបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ។ ដូច្នេះ បណ្តាប្រទេស រួមទាំងប្រទេសបារាំងផងដែរ ត្រូវតែយល់ដឹងយ៉ាងពេញលេញអំពីតួនាទី និងសារៈសំខាន់នៃតំបន់ ក៏ដូចជាហានិភ័យ និងបញ្ហាប្រឈមដែលកំពុងលេចឡើង។ សិក្ខាសាលានេះមិនដាក់ចេញគោលដៅដោះស្រាយបញ្ហានោះទេ ប៉ុន្តែចង់ផ្តល់ព័ត៌មានបន្ថែមទៀតអំពីច្បាប់អន្តរជាតិ ជាពិសេស UNCLOS ១៩៨២ ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនៃភាពតានតឹងនៅសមុទ្រខាងកើត។

កំណត់បញ្ហាប្រឈមនៅសមុទ្រខាងកើត

បណ្ដាមតិក្នុងសិក្ខាសាលាបាននាំមកនូវព័ត៌មានបច្ចុប្បន្នភាព សត្យានុម័តហើយបានព្រមានសាធារណៈមតិអន្តរជាតិអំពីការវិវឌ្ឍន៍អវិជ្ជមានដែលអាចកើតមានឡើងនៅសមុទ្រខាងកើត។ ទន្ទឹមនឹងនោះ បទអន្តរាគមនានាក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ និងសេរីភាពនាវាចរណ៍នៅតំបន់សមុទ្រខាងកើត ភាពចាំបាច់នៃការគោរព និងការអនុវត្ត UNCLOS ១៩៨២ ការសន្យារបស់បណ្ដាប្រទេសក្នុងតំបន់ដូចជា សេចក្តីថ្លែងការណ៍ឆ្នាំ ២០០២ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ផងដែរ។

មតិជាច្រើនក៏បានអំពាវនាវឱ្យប្រទេសបារាំង សហភាពអឺរ៉ុប (EU) និងពិភពលោក ពង្រីកតួនាទីរបស់ខ្លួនក្នុងការដោះស្រាយការខ្វែងគំនិតនិងជម្លោះនៅតំបន់ខាងលើ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ការគោរព UNCLOS ១៩៨២ ហើយពង្រីកក្របខ័ណ្ឌសហប្រតិបត្តិការលើគ្រប់វិស័យជាមួយតំបន់។

គោរពនិងអនុវត្តការសន្យានានានិង UNCLOS ១៩៨២ រួមចំណែកកាត់បន្ថយភាពតានតឹងនៅសមុទ្រខាងកើត - ảnh 2ប្រតិភូជាច្រើនដែលជាអ្នកជំនាញ និងអ្នកនយោបាយបានចូលរួមសិក្ខាសាលាស្តីពីសមុទ្រខាងកើត នៅទីស្នាក់ការព្រឹទ្ធសភាបារាំង នាថ្ងៃទី២៦ ខែឧសភា។ (រូបថត៖ VNA)

UNCLOS ១៩៨២ - មូលដ្ឋានច្បាប់ដ៏សំខាន់សម្រាប់រក្សាស្ថិរភាពនៅសមុទ្រខាងកើត

ការកកើតនៃ UNCLOS ឆ្នាំ ១៩៨២ បានដាក់មូលដ្ឋានគ្រឹះសម្រាប់ការបង្កើតសណ្តាប់ធ្នាប់អន្តរជាតិថ្មីនៅសមុទ្រ ពីព្រោះអនុសញ្ញានេះចែងយ៉ាងច្បាស់លាស់ និងជាក់លាក់នូវគោលការណ៍ទូទៅ និងខ្លឹមសារលម្អិតដើម្បីដោះស្រាយជម្លោះនៅលើសមុទ្រ។

តាមរយៈ UNCLOS ឆ្នាំ ១៩៨២ យន្តការដាច់ដោយឡែកជាច្រើនសម្រាប់ដោះស្រាយជម្លោះនៅសមុទ្រក៏ត្រូវបានបង្កើតឡើងផងដែរ ដូចជា៖ គណៈកម្មាធិការសម្រុះសម្រួល អាជ្ញាកណ្តាល ជាពិសេសតុលាការអន្តរជាតិស្ដីពីច្បាប់សមុទ្រ (ITLOS)។ ដោយឈរលើមូលដ្ឋាននៃ UNCLOS ១៩៨២ ជាលើកដំបូងដែលយន្តការដោះស្រាយជម្លោះចាប់បង្ខំតាមរយៈការសម្រុះសម្រួល និងអាជ្ញាកណ្តាល ត្រូវបានអនុម័តនិងអនុវត្តន៍យ៉ាងជាក់ស្ដែង។ យន្តការទាំងនេះបានរួមចំណែករក្សាការប្រតិបត្តិតាមបទប្បញ្ញត្តិនៃ UNCLOS ១៩៨២ នៅតាមតំបន់សមុទ្រនានា ព្រមទាំងបង្កើតមូលដ្ឋានសម្រាប់ប្រទេសនានាក្នុងការដោះស្រាយជម្លោះនៅសមុទ្រដោយសន្តិវិធី។

ជាមួយនឹងតថភាពជាក់ស្តែងបែបនេះ UNCLOS ១៩៨២ បានក្លាយជាច្បាប់ទម្លាប់អន្តរជាតិ ហើយប្រការនេះក៏ជួយឱ្យប្រទេសដែលមិនទាន់បានផ្តល់សច្ចាប័នលើ UNCLOS ១៩៨២ អាចដកស្រង់ប្រើប្រាស់វាសម្រាប់ការកសាង និងអនុវត្តគោលនយោបាយសមុទ្ររបស់ពួកគេ ក៏ដូចជាការដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាផងដែរ។

អាចបញ្ជាក់បានថា រហូតមកដល់ពេលនេះ UNCLOS ១៩៨២ គឺជាក្របខ័ណ្ឌច្បាប់តែមួយគត់សម្រាប់សកម្មភាពទាំងអស់នៅសមុទ្ររបស់ប្រទេសនានាលើពិភពលោក។ ហេតុដូច្នេះហើយ អនុសញ្ញានេះត្រូវបានគេដកស្រង់ និងអនុវត្តន៍ជាញឹកញាប់ដើម្បីដោះស្រាយជម្លោះទាក់ទងនឹងសមុទ្រនៅលើពិភពលោក ក្នុងនោះមានតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមានចំណុចក្ដៅគគុកជាច្រើននៃជម្លោះដែនសមុទ្រ ដូចជាសមុទ្រខាងកើត ឬសមុទ្រចិនខាងកើតផងដែរ។

ត្រូវនឹងប្រធានបទនៃសិក្ខាសាលា “សមុទ្រខាងកើត៖ លំហពហុវិមាត្រនៅចំពោះមុខបញ្ហាប្រឈមជាសកល” សមុទ្រខាងកើតកាន់តែត្រូវបានបញ្ជាក់ថា នេះមិនត្រឹមតែជាផ្ទះរួមសម្រាប់ប្រទេសនានាក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាក្ដីកង្វល់រួមរបស់ប្រទេសជុំវិញពិភពលោកទៀតផង។ សិក្ខាសាលានេះបានបំភ្លឺនិងបញ្ជាក់ជាថ្មីម្ដងទៀតថា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅសមុទ្រខាងកើតទាមទារឲ្យមានការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិទាំងមូល មិនត្រឹមតែប្រទេសក្នុងតំបន់ប៉ុណ្ណោះទេ ដែលក្នុងនោះការគោរពនិងការប្រតិបត្តិតាម UNCLOS ១៩៨២ គឺជាលក្ខខ័ណ្ឌចម្បងបង្អស់៕

ប្រតិកម្មទៅវិញ