កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
លទ្ធផលលេចធ្លោនៅក្នុងកិច្ចប្រជុំលើកនេះ គឺ បណ្ដាប្រទេសបានបង្ហាញនូវការយកចិត្តទុកដាក់ជាពិសេសចំពោះស្ថិរភាព សុខសន្តិភាពនៅសមុទ្រខាងកើត ព្រមទាំងគាំទ្រគោលជំហររបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើត។ ក្រៅពីនេះបណ្តាប្រទេស ក៏មានក្ដីរំពឹងអំពីតួនាទីជាប្រធានអាស៊ាន ២០២០ និងតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិរបស់វៀតណាមផងដែរ។
ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចូលរួម កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងអស់ ព្រមទាំងបានជួបដាច់ដោយឡែកជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីនៃប្រទេសមួយចំនួនដូចជា៖ ថៃ ឥណ្ឌា ឡាវ កម្ពុជា ចិន នូវែលហ្សេឡង់ ព្រះអង្គម្ចាស់អង់គ្លេស និងនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ នៅក្នុងជំនួបទាំងនេះ មេដឹកនាំអាស៊ានទាំងអស់ និងបណ្ដាប្រទេសសុទ្ធតែបានបង្ហាញនូវការយកចិត្តទុកដាក់ពិសេសចំពោះបញ្ហាសមុទ្រខាងកើត គាំទ្រទស្សនៈឥតងាករេរបស់វៀតណាម ពោលគឺ កសាងសមុទ្រខាងកើតប្រកបដោយសុខសន្តិភាព ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ។
គាំទ្រជំហររបស់វៀតណាមនៅសមុទ្រខាងកើត
ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Robert C. O'Brien នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah និង អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guteresសុទ្ធតែបានអះអាងនូវជំហរប្រឆាំងនឹងទង្វើរាំងស្កាត់សកម្មភាពសេដ្ឋកិច្ចស្របច្បាប់នៅលើសមុទ្រ មិនគោរពអធិបតេយ្យ និងសិទ្ធិ អធិបតេយ្យភាព របស់បណ្ដាប្រទេស និងច្បាប់អន្តរជាតិនៅសមុទ្រខាងកើត ព្រមទាំងគាំទ្រការខិតខំប្រឹងប្រែងក្នុងការកសាង ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយ ប្រសិទ្ធភាព ស្របច្បាប់អន្តរជាតិ។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung បានចាត់ទុកថា៖
“នាប៉ុន្មានឆ្នាំកន្លងទៅ ប្រទេសជាច្រើនតែងតែមានចាប់អារម្មណ៍ចំពោះ សមុទ្រខាងកើត ប៉ុន្តែនៅក្នុងកិច្ចប្រជុំឆ្នាំនេះ មេដឹកនាំនៃបណ្ដាប្រទេសសុទ្ធតែបានបង្ហាញនូវការយកចិត្តទុកដាក់កាន់តែខ្លាំង។ មូលហេតុមួយគឺ ដោយសារនាពេលកន្លងទៅ បានកើតឡើងសកម្មភាពខុសច្បាប់នៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើ អធិបតេយ្យភាពរបស់វៀតណាម។ ប្រការនេះ បានបណ្តាលឱ្យមានការព្រួយបារម្ភដ៏ធំធេងចំពោះបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក។ លោកនាយករដ្ឋមន្ត្រីបានអះអាងនូវគោលជំហរយ៉ាងច្បាស់លាស់ ឥតងាករេរបស់វៀតណាមនៅក្នុងកិច្ចប្រជុំនានា។ វៀតណាមប្ដេជ្ញាចិត្តការពារឯករាជ្យ អធិបតេយ្យភាពជាតិយ៉ាងខ្ជាប់ខ្ជួនដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាធានាសេរីភាពនាវាចរណ៍ និងអកាសចរណ៍នៅសមុទ្រខាងកើត។ គោលជំហរនេះត្រូវបានប្រទេសជាច្រើនគាំទ្រផងដែរ”។
វៀតណាមមានគោលបំណងចង់តភ្ជាប់អាស៊ានយ៉ាងស្អិតរមួត
នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ វៀតណាមបានទទួលតំណែងជាប្រធានអាស៊ានឆ្នាំ ២០២០ ពីប្រទេសថៃ។ នៅក្នុងពិធីផ្ទេរតំណែងប្រធានអាស៊ានឆ្នាំ ២០២០ នោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា សាមគ្គីភាពក្នុងអាស៊ានគឺមានសារៈសំខាន់ណាស់ ដោយជួយរក្សាផលប្រយោជន៍រួម ទាំងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរវាងបណ្ដាប្រទេសេសជាសមាជិក ក៏ដូចជាផ្សព្វផ្សាយការយល់ដឹងនិងអត្តសញ្ញាណសហគមន៍ទៅកាន់ប្រជាជនអាស៊ានគ្រប់ជាន់ថ្នាក់។ លោក Nguyen Xuan Phuc បានអះអាងថា៖
“សហគមន៍មួយដែលមានការតភ្ជាប់ និងការអភិវឌ្ឍ គឺចាំចាច់ ត្រូវមានការបន្សាំ ដោយម្ចាស់ការចំពោះឥទ្ធិពលពីខាងក្រៅ ហើយសមត្ថភាពបន្សាំដោយម្ចាស់ការគឺទាមទាឲ្យអាស៊ានត្រូវតភ្ជាប់យ៉ាងស្អិតរមួតដែរ។ វៀតណាមទន្ទឹងរង់ចាំនូវការគាំទ្រ ឧបត្ថម្ភយ៉ាងសកម្មពីសំណាក់បណ្ដាប្រទេសជាសមាជិក និងបណ្ដាប្រទេសដៃគូនានា ដើម្បីអនុវត្តន៍ជាក់ស្ដែងប្រធានបទ និងស្មារតីនៃឆ្នាំ អាស៊ាន ២០២០”។
ក្នុងដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធរបស់ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់មួយចំនួន។ ពោលគឺ មិនត្រឹមតែអះអាងថាអធិបតេយ្យភាពទឹកដី គឺពិសិដ្ឋ ដែលមិនអាចរំលោភបាន ហើយវៀតណាមបានប្ដេជ្ញាចិត្តការពារអធិបតេយ្យភាពរបស់ខ្លួននៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិប៉ុណ្ណោះទេ វៀតណាមថែមទាំងបានបង្ហោះសារថា នឹងខិតខំប្រឹងប្រែងរួមជាមួយបណ្ដាប្រទេសជាសមាជិកបន្តសមិទ្ធិផលដែលទទួលបាន ក៏ដូចជាពង្រឹងសាមគ្គីភាពអាស៊ាន លើកកម្ពស់ការតភ្ជាប់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់គ្រងដណ្ដប់ប្រកបដោយចីរភាពផងដែរ៕