កសាង​វណ្ណៈ​កម្មករ​វៀត​ណាមដ៏ខ្លាំងមាំមួន ​សម្របខ្លួន​តាម​ការ​ផ្លាស់​ប្តូរ​របស់​ប្រទេសជាតិ

Chia sẻ
(VOVWORLD) - ថ្ងៃនេះគឺជាខួបលើកទី ១៣៨ នៃទិវាពលកម្មអន្តរជាតិ (១ ឧសភា ១៨៨៦ - ១ ឧសភា ២០២៤)។ នៅវៀតណាម បច្ចុប្បន្ននេះ វណ្ណៈកម្មករបានស្រូបយកជាង ១៤% នៃចំនួនប្រជាជន ដែលដើរតួនាទីជាកម្លាំងនាំមុខគេក្នុងបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។ មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានកំណត់គោលដៅលើកកម្ពស់ឬទ្ធានុភាពនយោបាយ កម្រិតចំណេះដឹង ជំនាញវិជ្ជាជីវៈ
កសាង​វណ្ណៈ​កម្មករ​វៀត​ណាមដ៏ខ្លាំងមាំមួន  ​សម្របខ្លួន​តាម​ការ​ផ្លាស់​ប្តូរ​របស់​ប្រទេសជាតិ - ảnh 1កម្មករថែទាំឧបករណ៍នៅលើអណ្តូងរ៉ែ Bach Ho ។ រូបថត៖ TTXVN

កសាងវណ្ណៈកម្មករវៀតណាមកាន់តែទំនើប និងរឹងមាំ

ក្នុងដំណើរប្រវត្តិសាស្ត្រ វណ្ណៈកម្មករតែងតែជាកម្លាំងជួរមុខដែលតែងតែជាមជ្ឈភាពនៃព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេសជាតិ។ ជាពិសេស ក្រោយរយៈពេលជិត៤០ឆ្នាំនៃការផ្លាស់ប្ដូរថ្មី វណ្ណៈកម្មករវៀតណាមបានរីកចម្រើនឥតឈប់ឈរទាំងបរិមាណ និងគុណភាព ហើយកំពុងមានវត្តមានក្នុងគ្រប់វិស័យ មុខរបរ និងសមាសភាពសេដ្ឋកិច្ច ហើយជាកម្លាំងចលករក្នុងបុព្វហេតុ
ឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ។

ចំពោះបក្សកុម្មុយនិស្តវៀតណាម ការអភិវឌ្ឍវណ្ណៈកម្មករត្រូវបានយកចិត្តទុកដាក់ពិសេស។ បក្សបានចេញសេចក្តីសម្រេចចិត្តដាច់ដោយឡែកមួយស្តីពីការកសាងវណ្ណៈកម្មករវៀតណាមក្នុងស្ថានភាពថ្មី។ អនុវត្តន៍សេចក្តីសម្រេចចិត្តនេះ ពលករវៀតណាមត្រូវបានបង្កលក្ខណៈងាយស្រួលលើកកម្ពស់ជំនាញវិជ្ជាជីវៈ ។ ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានសន្ទនាជាមួយកម្មករជាប្រចាំ និងអនុវត្តន៍គោលនយោបាយជាច្រើន ដើម្បីធានាបាននូវលំនៅដ្ឋាន ការងារធ្វើ និងប្រាក់ចំណូលជូនកម្មករ។

បក្សកុម្មុយនិស្តវៀតណាមបានកំណត់ថាការអភិវឌ្ឍនៃវណ្ណៈកម្មករគឺជាលក្ខខ័ណ្ឌចម្បងធានាជោគជ័យនៃដំណើរការផ្លាស់ប្ដូរថ្មី និងបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។ លោកសាស្ត្រាចារ្យបណ្ឌិត Pham Hong Tung អតីតនាយកវិទ្យាស្ថានសិក្សា និងអភិវឌ្ឍន៍វៀតណាម នៃសាកលវិទ្យាល័យជាតិហាណូយ បានអះអាងថា៖

“វណ្ណៈកម្មករវៀតណាមបន្តជាកម្លាំងសង្គមត្រួសត្រាយ និងឆ្នើមបំផុតសម្រាប់ដំណើរប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាមឈានឡើងទំនើបកម្ម ធ្វើជាម្ចាស់បច្ចេកវិទ្យា និងវឌ្ឍនភាពវិទ្យាសាស្ត្រដ៏ទំនើបបំផុតរបស់ពិភពលោក ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាដ៏មហិមារបស់ប្រជាជាតិវៀតណាម។ នោះគឺជាមូលដ្ឋានសង្គម និងនយោបាយដ៏សំខាន់បំផុតរបស់បក្សកាន់អំណាចផងដែរ”។

ពង្រីកតួនាទីស្នូល និងត្រួសត្រាយរបស់វណ្ណៈកម្មករក្នុងការអភិវឌ្ឍប្រទេសជាតិ

កសាង​វណ្ណៈ​កម្មករ​វៀត​ណាមដ៏ខ្លាំងមាំមួន  ​សម្របខ្លួន​តាម​ការ​ផ្លាស់​ប្តូរ​របស់​ប្រទេសជាតិ - ảnh 2លោក Ngo Duy Hieu អនុប្រធានសហភាពពលករវៀតណាម។ រូបថត៖ Xuan Quang/Vietnam+

បដិវត្តន៍ឧស្សាហកម្មទី៤បាននាំមកនូវការផ្លាស់ប្តូរជាច្រើននៅក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម។ វណ្ណៈកម្មករត្រូវបានកំណត់ថាជាកម្លាំងជួរមុខក្នុងបដិវត្តន៍ឧស្សាហកម្មទី៤។ ដូច្នេះ ការកសាងវណ្ណៈកម្មកររឹងមាំក្នុងដំណាក់កាលពន្លឿនឧស្សាហូបនីយកម្ម និងទំនើបកម្មត្រូវបានចាត់ទុកថាជាភារកិច្ចសំខាន់ និងបន្ទាន់របស់បក្ស និងរដ្ឋវៀតណាម។

យោងតាមលោកសាស្ត្រាចារ្យរង បណ្ឌិត Bui Dinh Bon អតីតលេខាធិការក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានឲ្យដឹងថា ការអភិវឌ្ឍនៃវណ្ណៈកម្មករវៀតណាមនាពេលខាងមុខនឹងមានគុណសម្បត្តិ និងឱកាសជាច្រើន។ ប្រៀប និងកម្លាំងពលំរបស់វៀតណាមក្នុងសម័យកាលបច្ចុប្បន្ន ជួយវៀតណាមទាក់ទាញធនធានខាងក្នុង និងខាងក្រៅជាអតិបរមាសម្រាប់ការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ រាល់លក្ខខណ្ឌសត្យានុម័ត និងអត្តនោម័តអំណោយផលនឹងបង្កើតឱកាសដ៏ធំធេងសម្រាប់វណ្ណៈកម្មករវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទាំងបរិមាណ និងគុណភាព រចនាសម្ព័ន្ធនៃវណ្ណៈកម្មករកាន់តែសម្បូរបែប ហើយមានលក្ខណៈងាយស្រួលចូលរួមក្នុងការបែងចែក និងកិច្ចសហប្រតិបត្តិការការងារអន្តរជាតិ ជួរកម្មករលើវិស័យបច្ចេកវិទ្យាជឿនលឿន និងទំនើប និងកម្មករមានចំណេះដឹងកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

បរិបទថ្មី យុគសម័យថ្មី និងបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិទាមទារឲ្យវណ្ណៈកម្មករវៀតណាមត្រូវជាវណ្ណៈទំនើប មានចំណេះដឹង និងបញ្ញា។ វណ្ណៈកម្មករប្រកបដោយបញ្ញា ជាពិសេសកម្មករវ័យក្មេង គឺដើរទន្ទឹមគ្នាជាមួយការលើកកម្ពស់ឬទ្ធានុភាពនយោបាយ ការយល់ដឹង វិន័យ គឺជាកត្តាសំខាន់ជួយដល់វណ្ណៈកម្មករទាញយក និងធ្វើជាម្ចាស់វិទ្យាសាស្ត្រ-បច្ចេកទេស-បច្ចេកវិទ្យា។ លោក Ngo Duy Hieu អនុប្រធានសហភាពពលករវៀតណាមបានអះអាងថា៖

“កម្មករបន្តជាមជ្ឈភាពនៃសាមគ្គីមហាជន។ កម្មករ ជាពិសេសកម្មករមានចំណេះដឹង នឹងក្លាយទៅជាកម្លាំងដើម្បីអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលជាតិ ក៏ដូចជានវានុវត្តន៍ផងដែរ”។

វណ្ណៈកម្មករវៀតណាមតែងតែជាកម្លាំងស្នូលជួរមុខក្នុងការអនុវត្តសេចក្តីប្រាថ្នារបស់ប្រជាជាតិ។  ពួកគេបាននិងកំពុងទាញយក កាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មទី៤ នាំមកជូន រួមវិភាគទាន កាន់តែច្រើនថែមទៀតក្នុងបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្ម និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូររបស់ប្រទេសជាតិផងដែរ៕


ប្រតិកម្មទៅវិញ