កសាងវណ្ណៈកម្មករដើម្បីជំរុញខ្លាំងនូវការធ្វើឧស្សាហូបនីយកម្មនិងទំនើបកម្មប្រទេសជាតិ

Chia sẻ

(VOVWORLD) - វៀតណាមកំពុងកសាងនិងអភិវឌ្ឍន៍វណ្ណៈកម្មករយ៉ាងជាក់លាក់ ដើម្បីបំពេញតម្រូវការបន្ទាន់នៃបុព្វហេតុឧស្សាហូប នីយកម្ម ទំនើបកម្ម និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ តាមនោះ ការផ្សព្វផ្សាយនិងអប់រំអំពីបេសកកម្ម តួនាទីរបស់វណ្ណៈកម្មករ; ការថែរក្សាជីវភាពខាងសម្ភារៈនិងខាងស្មារតីរបស់កម្មករ; ការផ្លាស់ប្ដូរថ្មីវិធីសាស្ត្រដឹកនាំរបស់បក្សចំពោះអង្គការនយោបាយ-សង្គម ក្នុងសហគ្រាស ព្រមទាំងផ្លាស់ប្ដូរថ្មីវិធីសាស្រ្តប្រតិបត្តិការរបស់អង្គការទាំងនេះឲ្យស្របតាមស្ថានភាពថ្មី គឺជាដំណោះស្រាយមូលដ្ឋាន។

កសាងវណ្ណៈកម្មករដើម្បីជំរុញខ្លាំងនូវការធ្វើឧស្សាហូបនីយកម្មនិងទំនើបកម្មប្រទេសជាតិ - ảnh 1វៀតណាមកំពុងកសាងនិងអភិវឌ្ឍន៍វណ្ណៈកម្មករយ៉ាងជាក់លាក់ ដើម្បីបំពេញតម្រូវការបន្ទាន់នៃបុព្វហេតុឧស្សាហូប នីយកម្ម ទំនើបកម្ម និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។
(រូបថត៖ hanoimoi.com.vn)

ដើម្បីឲ្យវណ្ណៈកម្មករវៀតណាម អភិវឌ្ឍន៍និងរីកធំធាត់ កាន់តែសក្តិសមជាកម្លាំងដ៏សំខាន់បំផុតដើម្បីកសាងបក្ស កសាងប្រព័ន្ធនយោបាយនិងរបបសង្គមនិយម វៀតណាមបានកសាងក្នុងពេលឆាប់ៗនូវយុទ្ធសាស្ត្រមេថ្នាក់ជាតិ សំដៅកសាងនិងអភិវឌ្ឍន៍ដោយព្រមៗគ្នានូវវណ្ណៈកម្មករវៀតណាមនាពេលខាងមុខ។ ដំណោះស្រាយជាមូលដ្ឋានដើម្បីកសាងជួរកម្មករនោះ រួមមាន៖

ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយសុខដុមរមនា៖ វៀតណាមខិតខំសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ស្ថិរភាព ខណៈពេលដែលធានាបាននូវការអភិវឌ្ឍវប្បធម៌-សង្គមប្រកបដោយសុខដុមរមនា និងស្អាតស្អំ; លើកកំពស់ដោយឥតឈប់ឈរនូវជីវភាពខាងសម្ភារៈនិងខាងស្មារតីរបស់ប្រជាពលករ ជាពិសេសវណ្ណៈកម្មករ; រក្សាយ៉ាងរឹងមាំនូវស្ថិរភាពនយោបាយ; ធានាការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។

បន្តអភិវឌ្ឍន៍សេដ្ឋកិច្ចតាមទិសដៅឧស្សាហូបនីយកម្ម និងទំនើបកម្ម៖ តាមនោះ វៀតណាមកសាងផែនការមេស្ដីពីខឿនសេដ្ឋកិច្ច មណ្ឌលសេដ្ឋកិច្ច តំបន់សេដ្ឋកិច្ច ហើយរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញឲ្យស្របតាមការអភិវឌ្ឍនៃសេដ្ឋកិច្ចទីផ្សារ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ នេះនឹងជាដំណើរការអភិវឌ្ឍសេដ្ឋកិច្ចតាមទិសដៅឧស្សាហកម្ម ទំនើប; ព្រមទាំង ឆ្ពោះទៅរកការបង្កើតទីផ្សារការងារឧស្សាហកម្មថ្មី ដោយទាក់ទាញកពលករយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានជំនាញវិជ្ជាជីវៈសម្បូរបែប។ ដំណើរការនេះនឹងអភិវឌ្ឍន៍វណ្ណៈកម្មករ មិនត្រឹមតែក្នុងបរិមាណប៉ុណ្ណោះទេ ថែមទាំងគុណភាពទៀតផង។

ជំរុញខ្លាំងនូវការឃោសនា និងអប់រំដើម្បីយល់ដឹងកាន់តែច្បាស់អំពីតួនាទី ឋានៈ និងបេសកកម្មប្រវត្តិសាស្ត្ររបស់វណ្ណៈកម្មករ៖ ដើម្បីឲ្យវណ្ណៈកម្មករអាចបញ្ជាក់ពីតួនាទី និងឋានៈ ក៏ដូចជាសម្រេចបាននូវបេសកកម្មប្រវត្តិសាស្ត្រដ៏ខ្ពង់ខ្ពស់របស់ខ្លួន ចាំបាច់ត្រូវមានយុទ្ធនាការឃោសនា ចលនាយ៉ាងទូលំទូលាយនៅក្នុងសង្គម កោតសរសើរនិងលើកតម្កើងកម្មករ ដើម្បីធ្វើឲ្យសង្គមទាំងមូលយល់ដឹងអំពីតួនាទី និងឋានៈដ៏សំខាន់របស់វណ្ណៈកម្មករ ក្នុងបុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ចក្នុងបរិបទសកលភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិ; ព្រមទាំងក៏ជាកត្តាមានលក្ខណៈសម្រេចចិត្តក្នុងការកសាងសង្គមថ្មី ដែលជាសង្គមនិយមផងដែរ។

កែទម្រង់យ៉ាងពេញលេញប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងថ្វីដៃសម្រាប់វណ្ណៈកម្មករ៖ ការជំរុញឧស្សាហូបនីយកម្ម ទំនើបកម្ម និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិក្នុងបរិបទនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច កំពុងបង្កើតតម្រូវការថ្មីនៃធនធានមនុស្សទាំងខាងបរិមាណ និងគុណភាព។ ការប្រកួតប្រជែងក្នុងការប្រើប្រាស់ពលករ ទាមទារឲ្យកម្លាំងពលករ ត្រូវបានបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈ និងមានមូលដ្ឋាន។ ដូច្នេះហើយ រដ្ឋចាំបាច់ត្រូវមានយុទ្ធសាស្ត្រកសាង និងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស ឲ្យមានបរិមាណច្រើនសន្ធឹកសន្ធាប់ មានគុណភាពខ្ពស់ និងសម្បូរបែប ដើម្បីបំពេញតម្រូវការធនធានមនុស្សឲ្យទាន់ពេលវេលា និងយូរអង្វែង សម្រាប់ដំណើរការជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបកម្ម និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។

កសាងវណ្ណៈកម្មករដើម្បីជំរុញខ្លាំងនូវការធ្វើឧស្សាហូបនីយកម្មនិងទំនើបកម្មប្រទេសជាតិ - ảnh 2ថែទាំជីវភាពរស់នៅខាងសម្ភារៈនិងខាងស្មារតីរបស់កម្មករ។ (រូបថត៖ tuyengiao.vn)

ថែទាំយ៉ាងយកចិត្តទុកដាក់ជីវភាពខាងសម្ភារៈ និងខាងស្មារតីរបស់វណ្ណៈកម្មករ។ បក្ស និងរដ្ឋចាំបាច់ត្រូវមានយុទ្ធសាស្ត្រជាក់ស្តែង ដើម្បីថែទាំជីវភាពរស់នៅរបស់កម្មករ ជាពិសេសកម្មករវ័យក្មេងទើបនឹងចាប់ផ្តើមអាជីព ដែលប្រមូលផ្តុំនៅមណ្ឌលឧស្សាហកម្ម និងតំបន់កែច្នៃ នាំចេញ។ ក្នុងនោះ ដំបូងបង្អស់ គឺគោលនយោបាយថ្មីស្តីពីការងារធ្វើ លំនៅដ្ឋាន និងប្រាក់បៀវត្តន៍ ដើម្បីឲ្យវណ្ណៈកម្មករមានលក្ខខណ្ឌក្នុងការសិក្សា ហាត់ពត់លត់ដំលើកកម្ពស់ជំនាញ និងមនសិការសង្គម។

កសាងវណ្ណៈកម្មករដោយផ្សារភ្ជាប់ជាមួយនឹងចលនាអនុវត្តន៍បទបញ្ញត្តិប្រជាធិបតេយ្យមូលដ្ឋាន និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីឲ្យកម្មករម្នាក់ៗទទួលបានការគោរព និងរួមចំណែកយ៉ាងពិតប្រាកដក្នុងដំណើរការអភិវឌ្ឍអាជីវកម្ម។ ប្រការនេះបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាដើម្បីជំរុញឲ្យកម្មាភិបាល កម្មករនឹងនរចិត្តធ្វើការយ៉ាងឧស្សាហ៍ព្យាយាម នាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់អាជីវកម្មនិងខ្លួនឯង។

កែទម្រង់វិធីសាស្ត្រដឹកនាំរបស់បក្សចំពោះអង្គការនយោបាយ-សង្គមក្នុងសហគ្រាស; ព្រមទាំងផ្លាស់ប្ដូរថ្មីនូវសកម្មភាពរបស់អង្គការនយោបាយ-សង្គមក្នុងសហគ្រាសឲ្យស្របតាមស្ថានភាពថ្មី ដើម្បីបក្សបង្ហាញពីតួនាទីដឹកនាំរបស់ខ្លួន ហើយជំរុញប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់អង្គការ នយោបាយ-សង្គមក្នុងសហគ្រាស។ ការដឹកនាំដ៏ជិតស្និទ្ធរបស់បក្សលើអង្គការសហជីពនឹងជាកម្លាំងជាក់ស្តែងថ្មីមួយ ដែលរួមចំណែកដល់ការការពារ ថែទាំ និងអភិវឌ្ឍវណ្ណៈកម្មករក្នុងបរិបទសេដ្ឋកិច្ចទីផ្សារ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ៕

ប្រតិកម្មទៅវិញ