អសន្តិសុខស្បៀងអាហារសកលកំពុងកើនឡើង
យោងតាមតួរលេខរបស់អង្គការសហប្រជាជាតិ (UN) បច្ចុប្បន្នមនុស្សជាង ៣៤៥ លាននាក់នៅទូទាំងពិភពលោកកំពុងស្ថិតក្នុងស្ថានភាពអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ។ ចំនួននេះគឺខ្ពស់ជាងឆ្នាំ ២០១៩ ដល់ទៅ ១២០ លាននាក់ មុនពេលកើតមានជំងឺរាតត្បាត Covid-១៩។ លើសពីនេះ មនុស្សប្រហែល ៤០ លាននាក់នាបច្ចុប្បន្នត្រូវបានចាត់ទុកថា កំពុងប្រឈមមុខនឹងភាពអត់ឃ្លានកម្រិតបន្ទាន់ ដែលជាកម្រិតទី ៤ យោងទៅតាមចំណាត់ថ្នាក់អសន្តិសុខស្បៀង រួមមាន ៥ កម្រិតរបស់អង្គការសហប្រជាជាតិ (IPC) ដែលមានន័យថា ពួកគេត្រូវតែបង្ខំឱ្យប្រើប្រាស់វិធានការអស់សង្ឃឹមដើម្បីរស់រានមានជីវិត ហើយប្រឈមនឹងហានិភ័យស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ។
អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ផ្តល់តួរលេខមួយទៀតដែលបង្ហាញថា ប្រសិនបើរាប់បញ្ចូលទាំងមនុស្សដែលមានអសន្តិសុខស្បៀងកម្រិតមធ្យមនោះ ពិភពលោកបច្ចុប្បន្នមានមនុស្សប្រហែល ២,៤ ពាន់លាននាក់ ស្មើនឹងជិត ៣០% នៃចំនួនប្រជាជនពិភពលោកសរុប ដែលស្ថិតក្នុងស្ថានភាពអសន្តិសុខស្បៀង។ ជាមួយនឹងស្ថានភាពបច្ចុប្បន្ន អង្គការសហប្រជាជាតិបានព្រមានថា ពិភពលោកនឹងមិនអាចសម្រេចបាននូវគោលដៅលុបបំបាត់ភាពអត់ឃ្លាន ដែលជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដ៏សំខាន់បំផុតមួយ (SDGs) នៅឆ្នាំ ២០៣០ ដូចដែលបានគ្រោងទុកឡើយ។
នាយករងនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) លោក Carl Skau។ (រូបថត៖ 21stcenturychronicle.com) |
នៅក្នុងរបាយការណ៍សកលស្តីពី "វិបត្តិស្បៀងអាហារឆ្នាំ ២០២៣" ដែលបានប្រកាសកាលពីខែសីហាកន្លងទៅ អង្គការសហប្រជាជាតិក៏បានបង្ហាញពីតួលេខគួរឱ្យព្រួយបារម្ភផ្សេងទៀតអំពីកង្វះអាហារូបត្ថម្ភរបស់កុមារនៅជុំវិញពិភពលោក។ ជាក់ស្តែង កាលពីឆ្នាំមុន នៅលើពិភពលោក កុមារអាយុក្រោម ៥ ឆ្នាំចំនួន ១៤៨ លាននាក់មានជំងឺក្រិសក្រិន ហើយកុមារ ៤៥ លាននាក់ស្គមស្គាំង។ យោងតាមនាយករងនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) លោក Carl Skau អស្ថិរភាពសេដ្ឋកិច្ច និងសន្តិសុខនាពេលបច្ចុប្បន្ននៅលើពិភពលោកកំពុងធ្វើឱ្យវិបត្តិស្បៀងអាហារ និងអាហារូបត្ថម្ភកាន់តែធ្ងន់ធ្ងរ៖
“វិបត្តិស្បៀងអាហារ និងអាហារូបត្ថម្ភដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របច្ចុប្បន្នកំពុងប្រព្រឹត្តទៅ។ មានហេតុផលជាច្រើនដែលនាំឱ្យមានវិបត្តិនេះ ដូចជាការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ សម្ពាធអតិផរណាលើតម្លៃម្ហូបអាហារ និងការកើនឡើងនៃបន្ទុកបំណុលសាធារណៈនៅក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកដ៏លំបាក។ ទោះជាយ៉ាងណាក៏ដោយ ជម្លោះ និងអសន្តិសុខ គឺជាមូលហេតុដ៏ធំបំផុតនៃភាពអត់ឃ្លានដ៏ធ្ងន់ធ្ងរនៅទូទាំងពិភពលោក”។
ស្វែងរកដំណោះស្រាយប្រកបដោយចីរភាព
ដើម្បីស្វែងរកដំណោះស្រាយដើម្បីទប់ទល់នឹងស្ថានភាពកាន់តែអាក្រក់ទៅៗនៃសន្តិសុខស្បៀងពិភពលោកនោះ កិច្ចប្រជុំ GFSS នៅទីក្រុងឡុងដ៍ឆ្នាំនេះផ្តោតការពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖ ការកសាងអភិក្រមថ្មីដើម្បីទប់ស្កាត់ស្ថានភាពកុមារស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ; ការកៀរគរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់សន្តិសុខស្បៀង; ព្យាករណ៍ ទប់ស្កាត់គ្រោះអត់ឃ្លាន និងវិបត្តិស្បៀង; កសាងប្រព័ន្ធស្បៀងសកលប្រកបដោយចីរភាព និងឆ្លើយតបកាន់ល្អនឹងការប្រែប្រួលអាកាសធាតុ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak។ (រូបថត៖ Dan Kitwood/ PA) |
នៅឯកិច្ចប្រជុំនេះ រដ្ឋាភិបាលអង់គ្លេសបានប្រកាសពីគំនិតផ្តួចផ្តើមមួយស្ដីពីការបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្ត្រអនឡាញមួយ ដែលហៅថាក្រុមផ្ដល់ប្រឹក្សាលើការស្រាវជ្រាវកសិកម្មអន្តរជាតិ (CGIAR)។ CGIAR នឹងតភ្ជាប់គំនិតផ្តួចផ្តើមនវានុវត្តន៍ផ្នែកកសិកម្មរបស់អង្គការ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញជុំវិញពិភពលោក តាមនោះអភិវឌ្ឍន៍ដំណាំស្បៀងប្រកបដោយភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងជំងឺ ព្រមទាំងកសាងប្រព័ន្ធស្បៀងអាហារសកលថ្មីឲ្យមានចីរភាពជាងមុន។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានឲ្យដឹងថា ការស្រាវជ្រាវរបស់អង់គ្លេសលើពូជដំណាំដាំដុះថ្មីនាពេលបច្ចុប្បន្នកំពុងនាំមកនូវផលប្រយោជន៍ជូនប្រជាជន
អាហ្វ្រិកជាង ១០០ លាននាក់ ហើយចក្រភពអង់គ្លេសចង់ពង្រីកគំរូនោះលើសមាមាត្រសកល៖
“យើងចង់ឈានទៅមុខឆ្ងាយថែមទៀត ដោយការបើកដំណើរការមជ្ឈមណ្ឌលវិទ្យាសាស្ត្រដែលផ្តោតលើការស្រាវជ្រាវលើពូជស្រូវប្រកបដោយភាពធន់នឹងទឹកជំនន់ ពូជស្រូវសាលីប្រកបដោយធន់នឹងជំងឺ និងច្រើនជាងនេះទៅទៀត។ ការស្រាវជ្រាវនេះនឹងផ្តល់អត្ថប្រយោជន៍ដល់មនុស្សរាប់លាននាក់នៅតាមប្រទេសក្រីក្រនានា ព្រមទាំងកែលម្អទិន្នផលដំណាំដាំដុះនៅអង់គ្លេស តាមនោះអាចបញ្ចុះតម្លៃអាហារបាន”។
នៅពេលខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងវិបត្តិស្បៀងអាហារបន្ទាន់នៅក្នុងតំបន់ជាច្រើនជុំវិញពិភពលោក តំណាងប្រទេសជាង ២០ និងអង្គការអន្តរជាតិជាច្រើនដែលចូលរួមក្នុងកិច្ចប្រជុំ បានធ្វើការសន្យាផ្នែកហិរញ្ញវត្ថុសំខាន់ៗជាច្រើន។ រដ្ឋាភិបាលអង់គ្លេសបាននិយាយថា នឹងឧបត្ថម្ភថវិកាចំនួន ១០០ លានផោន (ជិត ១២៥ លានដុល្លារអាមេរិក) សម្រាប់ "ចំណុចក្តៅគគុក" នៃអសន្តិសុខស្បៀងដូចជា៖ ប្រទេសអេត្យូពី ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វហ្គានីស្ថាន ម៉ាឡាវី និងតំបន់សាហែល។ ថវិកា ១០០ លានផោនផ្សេងទៀតក៏ត្រូវបានរដ្ឋាភិបាលអង់គ្លេសចំណាយដាច់ដោយឡែកដើម្បីជួយប្រទេសសូម៉ាលីនូវស្បៀងអាហារ និងអភិវឌ្ឍន៍វិធីសាស្រ្តកសិកម្មដែលមិនងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសនេះផងដែរ។
ទាក់ទងនឹងបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារនៅជុំវិញពិភពលោក រដ្ឋាភិបាលអង់គ្លេសបានសន្យាលើការឧបត្ថម្ភ ១៦ លានផោន (ជិត ២០ លានដុល្លារអាមេរិក) ដល់មូលនិធិអន្តរជាតិសម្រាប់អាហារូបត្ថម្ភកុមារ។ នៅក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្ត្រីក្រសួងការប្រែប្រួលអាកាសធាតុ និងបរិស្ថានអេមីរ៉ាតអារ៉ាប់រួម លោកស្រី Mariam Al Mheiri ក៏បានអំពាវនាវឱ្យប្រទេស និងអង្គការនានានាំបញ្ហាស្បៀងអាហារ និងកសិកម្មប្រកបដោយចីរភាពចំពោះការប្រែប្រួលអាកាសធាតុ ក្លាយជាប្រធានបទមួយក្នុងចំណោមប្រធានបទសំខាន់ៗក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ- COP២៨ នឹងប្រព្រឹត្តទៅចាប់ពីសប្តាហ៍ក្រោយ (ថ្ងៃទី ៣០ ខែវិច្ឆិកា) នៅទីក្រុងឌូបៃ របស់អេមីរ៉ាតអារ៉ាប់រួម៕