ការបោះឆ្នោតប្រធានាធិបតីអាមេរិកឈានចូលដំណាក់កាលថ្មី

QUANG DUNG
Chia sẻ

(VOVWORLD) - ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកបានឈានចូលដំណាក់កាលថ្មីមួយ បន្ទាប់ពីការដែលលោកស្រី Kamala Harris បានទទួលការតែងតាំងជាផ្លូវការជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ កាល ពីថ្ងៃទី ២២ ខែសីហា។ យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ បន្ទាប់ពីដំណាក់កាលដំបូងដំណើការយ៉ាងរលូនមក ការរត់ប្រណាំងនាពេលខាងមុខនឹងកាន់តែពិបាកសម្រាប់បេក្ខជនគណៈបក្សប្រជាធិបតេយ្យ។

ការបោះឆ្នោតប្រធានាធិបតីអាមេរិកឈានចូលដំណាក់កាលថ្មី - ảnh 1បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ Donald Trump និងបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ Kamala Harris  (រូបថត៖ ហ្គេតធី)

នៅថ្ងៃទី ២២ ខែសីហា អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris បានទទួលយកជាផ្លូវការនូវការជ្រើសតាំងជាបក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។ ព្រឹត្តិការណ៍នេះគឺជាដំណាក់កាលថ្មីមួយនៅក្នុងការប្រណាំងប្រជែងតំណែងប្រធានាធិបតីអាមេរិក នៅពេលដែលគណបក្សធំៗ ចំនួនពីររបស់អាមេរិកបានបង្ហើយដំណើរការជ្រើសរើសបេក្ខជនជាផ្លូវការ។

"សប្ហាហ៍ក្រេបទឹកឃ្មុំ" របស់លោកស្រី Kamala Harris

មហាសន្និបាតគណៈបក្សប្រជាធិបតេយ្យ (NDC) ដែលប្រព្រឹត្តទៅពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែសីហានៅទីក្រុង Chicago រដ្ឋ Illinois បានអះអាងសារជាថ្មីអំពីវឌ្ឍន៍ភាពរបស់លោកស្រី Kamala Harris នៅក្នុងគណបក្សនេះក៏ដូចជានៅក្នុងចំណោមមតិសាធារណៈរបស់អាមេរិក ចាប់តាំងពីត្រូវបានលោកប្រធានាធិបតី Joe Biden ផ្ទេរប្រគល់ភារកិច្ចជាតំណាងគណបក្សប្រជាធិបតេយ្យឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ២១ ខែកក្កដា។ អ្នកនយោបាយប្រជាធិបតេយ្យល្បីៗស្ទើរតែទាំងអស់ ពីអតីតប្រធានាធិបតី Bill Clinton និងអតីតប្រធានាធិបតី Barack Obama ដល់អតីតប្រធានសភាជាន់ទាប Nancy Pelosi សុទ្ធតែបានអំពាវនាវឱ្យមានការគាំទ្រដល់លោកស្រី Kamala Harris។

ភាពសាទរនិងជំនឿជឿជាក់របស់គណបក្សប្រជាធិបតេយ្យត្រូវបានបង្ហាញតាមរយៈតួរលេខ។ ពោលគឺ ទឹកប្រាក់សរុបសម្រាប់យុទ្ធនាការដែលលោកស្រី Kamala Harris រៃអង្គាសបានក្នុងរយៈពេលជាង១ខែ កើនឡើងដល់ជាង ៥៤០ លានដុល្លារអាមេរិក ដែលច្រើនជាងច្រើនដង បើរៀបនឹងតួរលេខសរុបដែលលោក Joe Biden ឬគូប្រជែងគណបក្សសាធារណរដ្ឋរបស់គាត់គឺលោក Donald Trump បានរៃអង្គាសពេញមួយឆ្នាំ។ យោងតាមអ្នកវិភាគ “សប្តាហ៍ក្រេបទឹកឃ្មុំ” របស់លោកស្រី Harris ជាមួយគណបក្សប្រជាធិបតេយ្យអូសបន្លាយរយៈពេលយូរជាងការរំពឹងទុក។ ថ្វីត្បិតដូច្នេះក៏ដោយ យោងតាមលោកស្រី Jennifer Lawless សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Virginia (សហរដ្ឋអាមេរិក) អំឡុងពេលនេះនឹងបញ្ចប់នាពេលឆាប់ៗនេះ ខណៈដែលលោកស្រី Kamala Harris ត្រៀមជំនួបជជែកដេញដោលជាមួយលោក Donald Trump ចាប់ពីដើមខែកញ្ញា។  លោកស្រី Jennifer Lawless បានវាយតម្លៃថា៖ “ជៀសវាងការបាត់បង់សន្ទុះ គឺជាបញ្ហាប្រឈមមួយ ប៉ុន្តែខ្ញុំក៏គិតថា មានរឿងមួយចំនួនទៀតដែលគណបក្សប្រជាធិបតេយ្យអាចធ្វើបាន។ ទីមួយ គឺបន្តសង្កត់ធ្ងន់លើជំហរ “ជាន់ក្រោម” ដែលគេបានជ្រើសរើស។ បើអ្នកចង់ជាប់ឆ្នោត អ្នកមិនគួររអ៊ូរទាំទេ។ នោះជាសារដែលគណបក្សប្រជាធិបតេយ្យត្រូវផ្សព្វផ្សាយ”។

តើយុទ្ធសាស្ត្រណាមួយសម្រាប់លោក Donald Trump?

ខណៈពេលដែលលោកស្រី Kamala Harris នៅតែរក្សាសន្ទុះនៅពេលនេះ និងទទួលបានការលើកទឹកចិត្តដ៏ធំមួយពីមហាសន្និបាតជាតិនៃគណៈបក្សប្រជាធិបតេយ្យក៏ដោយ ប៉ុន្តែយុទ្ធនាការបោះឆ្នោតរបស់លោក Donald Trump បានប្រឈមមុខនឹងការលំបាកជាច្រើនក្នុងរយៈពេលថ្មីៗនេះ។ យោងតាមសាស្ត្រាចារ្យ Allan Lichtman ក្រុមឃោសនាបោះឆ្នោតរបស់គណៈបក្សសាធារណៈរដ្ឋនិងរូបលោក Donald Trump ផ្ទាល់មិនទាន់បង្កើតយុទ្ធសាស្ត្ររកសម្លេងសមហេតុផលនៅឡើយទេ បន្ទាប់ពីលោក Joe Biden បានដកខ្លួនចេញ ហើយលោកស្រី Kamala Harris ចូលជំនួសវិញ។ លើសពីនេះ បក្ខជនគណបក្សសាធារណរដ្ឋក៏មិនសូវរៀបចំពិធីមិទ្ទីង ចលនាអ្នកបោះ ឆ្នោតក្នុងរដ្ឋសមរភូមិសំខាន់ៗដែរ។

ទោះជាយ៉ាងណាក៏ដោយ បើយោងតាមអ្នកសង្កេតការណ៍  មិនទាន់មានហេតុផលសមស្របសម្រាប់វាយតម្លៃថា  លោក Donald Trump មានគុណសម្បត្តិតិចជាងលោកស្រី Kamala Harris ពីព្រោះអតីតប្រធានាធិបតីអាមេរិករូបនេះ នៅតែត្រូវបានគេវាយតម្លៃខ្ពស់ចំពោះសមត្ថភាពគ្រប់គ្រងសេដ្ឋកិច្ចរបស់ខ្លួន។ នៅក្នុងការស្ទង់មតិសាធារណៈនាពេលថ្មីៗនេះ ដោយកាសែត Wall Street Journal អនុវត្តន៍នាពេលថ្មីៗនេះ អ្នកឆ្លើយសំណួរច្រើនជាង ៥០% បាននិយាយថា លោក Donald Trump មានសមត្ថភាពគ្រប់គ្រងសេដ្ឋកិច្ចបានប្រសើរជាង ហើយមានតែអ្នកឆ្លើយ ៤០% តែប៉ុណ្ណោះ បាននិយាយថា លោកស្រី Harris គឺសមរម្យសម្រាប់ភារកិច្ចនៃការគ្រប់គ្រងសេដ្ឋកិច្ច។ ក្នុងចំណោមអ្នកបោះឆ្នោតឯករាជ្យ មានចំនួន ៥៧% ជឿជាក់លើសមត្ថភាពរបស់លោក Trump ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ហើយមានតែ ២៥% ប៉ុណ្ណោះដែលមានជំនឿលើលោកស្រី Kamala Harris។ ដូច្នេះហើយ លោក Donald Trump នៅតែអាចបញ្ច្រាសការធ្លាក់ចុះនាពេលបច្ចុប្បន្ន ប្រសិនបើលោកមានយុទ្ធសាស្ត្រសមហេតុផល។ សាស្ត្រាចារ្យ Jennifer Lawless បានវាយតម្លៃថា៖ “ខ្ញុំគិតថា លោក Donald Trump ត្រូវតែបំពេញការងារមួយចំនួន។ ទីមួយ លោកត្រូវតែអនុវត្តឱ្យបានល្អក្នុងការជជែកដេញដោល ដើម្បីបង្ហាញថាលោកមានវិន័យ និងមានការយល់ច្បាស់ពីបញ្ហា។ បញ្ហាមួយទៀតគឺថា នៅក្នុងអាណត្តិដំបូងរបស់ខ្លួន លោក Donald Trump បានបន្សល់ទុកនូវបញ្ហាជាច្រើនសម្រាប់រដ្ឋបាលរបស់លោក Joe Biden ដូច្នេះលោកត្រូវតែបង្ហាញថា ការបោះឆ្នោតជ្រើសតាំងលោកមិនមែនជាការដើរថយក្រោយទេ ប៉ុន្តែជាការបោះជំហានទៅមុខ"។

ក្រុមអ្នកសង្កេតការណ៍បានវាយតម្លៃថា ការជជែកដេញដោលដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១០ ខែកញ្ញា រវាងលោក Donald Trump និងលោកស្រី Kamala Harris នឹងមានអត្ថន័យសម្រេច ព្រោះវាអាចជាជំនួបទល់មុខគ្នាដោយផ្ទាល់តែមួយគត់រវាងបេក្ខជនទាំងពីរក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំនេះ។ អ្នកឈ្នះក្នុងការជជែកដេញដោលនោះ នឹងដណ្តើមបានប្រៀបខ្លាំង ព្រោះថា ពេលវេលានៅសល់តែជាង ៣ សប្តាហ៍ទៀតប៉ុណ្ណោះ (ថ្ងៃទី ៥ខែវិច្ឆិកា) មុនពេលបោះឆ្នោតប្រធានាធិបតីអាមេរិកចាប់ផ្តើមជាផ្លូវការ៕

ប្រតិកម្មទៅវិញ