ការបោះឆ្នោតប្រធានាធិបតីបារាំង៖ លទ្ធផលដែលមិនអាចទាយទុកជាមុនបានឡើយ

Chia sẻ

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ ទន្ទឹមជាមួយនឹងវិបត្តិរុស្ស៊ី-អ៊ុយក្រែន ការបោះឆ្នោតប្រធានាធិបតីដែលមិនទាន់ចប់ដាច់ស្រេចនៅប្រទេសបារាំងក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈមតិអន្តរជាតិ ជាពិសេសសាធារណៈ មតិអឺរ៉ុប។  ពីព្រោះថា លទ្ធផលនៃការបោះឆ្នោតមិនត្រឹមតែជះឥទ្ធិពលផ្ទាល់ដល់គោលមាគ៌ាកិច្ចការបរទេសរបស់បារាំងប៉ុណ្ណោះទេ ថែមទាំងអាចប៉ះពាល់ដល់អឺរ៉ុបទៀតសោតផងដែរ។

ការបោះឆ្នោតប្រធានាធិបតីបារាំង៖ លទ្ធផលដែលមិនអាចទាយទុកជាមុនបានឡើយ - ảnh 1ប្រធានាធិបតីដែលកំពុងកាន់អំណាចលោក Emmanuel Macron និងតំណាងស្តាំនិយម លោកស្រី Marine Le Pen (រូបថត៖ រ៉យទ័រ)

យោងតាមលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទី ១ ឆ្នាំ ២០២២ ដោយក្រសួងមហាផ្ទៃបារាំងប្រកាសនៅយប់ថ្ងៃទី ១១ ខែមេសា (ម៉ោងនៅវៀតណាម) ប្រធានាធិបតីដែលកំពុងកាន់អំណាចលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ទទួលបានសំឡេងគាំទ្រច្រើនជាងគេគឺ ២៧,៨៥% ខណៈដែល គូប្រជែងចាស់របស់លោក គឺលោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ឈរលំដាប់ទី ២ ជាមួយនឹងសំឡេងគាំទ្រចំនួន ២៣,១៥%។ ជាមួយនឹងលទ្ធផលនេះ លោក Macron និងលោកស្រី Le Pen នឹងឈានចូលដល់ជុំទីពីរនៃការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែមេសា។ នេះជាលើក ទី២ បេក្ខជនទាំងពីររូប ត្រូវតទល់គ្នានៅក្នុងការបោះឆ្នោតប្រធានាធិបតី ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៧មក។

ការប្រណាំងយ៉ាងចម្រូងចម្រាស់

ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងសំឡេងគាំទ្រប្រកៀកប្រកិតនេះ លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទី ២ ត្រូវបានសាធារណៈមតិវាយតម្លៃថា  គឺពិបាកព្យាករណ៍ខ្លាំងណាស់បើប្រៀបធៀបនឹងការបោះឆ្នោតកាលពីឆ្នាំ ២០១៧។ នៅក្នុងការបោះឆ្នោតលើកមុននេះ  លោក Macron ដែលដឹកនាំយុទ្ធនាការកំណែទម្រង់តាមមាគ៌ាកណ្តាលនិយម បានយកឈ្នះលើបេក្ខជន Le Pen យ៉ាងងាយស្រួលដោយសំឡេងគាំទ្រគឺ ៦៦% ទល់នឹង៣៤%។

ចំណែកឯបច្ចុប្បន្ននេះវិញ យោងតាមរាល់ការស្ទង់មតិបានធ្វើឡើងភ្លាមៗ បន្ទាប់ពីបញ្ចប់ជុំទីមួយនៃការបោះឆ្នោតប្រធានាធិបតីបារាំងកាលពីថ្ងៃទី ១០ ខែមេសា ដែលបង្ហាញថា ឱកាសរបស់ប្រធានាធិបតីដែលកំពុងកាន់អំណាចលោក Emmanuel Macron ក្នុងការឈ្នះលើគូប្រជែង គឺលោកស្រី Marine Le Pen នៅតែមានភាពប្រកៀកប្រកិតនៅឡើយ។ ពោលគឺ ការស្ទង់មតិរបស់វិទ្យាស្ថាន Ifop-Fducial បានបង្ហាញថា លោក Macron អាចនឹងទទួលបានជ័យជម្នះលើលោកស្រី Le Pen នៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី២ ដោយទទួលបានសំឡេងគាំទ្រយ៉ាងប្រកៀកប្រកិតគឺ ៥១% ទល់នឹង ៤៩%។ ទន្ទឹមនឹងនេះ យោងតាមការស្ទង់មតិដាច់ដោយឡែកពីគ្នា អនុវត្តន៍ដោយអង្គការបោះឆ្នោតពីរផ្សេងទៀតគឺ Ipsos-Sopra Steria និង OpinionWay បានព្យាករណ៍ថា លោក Macron នឹងយកឈ្នះ ជាមួយនឹងសំឡេង គាំទ្រ ៥៤% បើធៀបនឹងសម្លេងគាំទ្រ ៤៦% របស់លោកស្រី Le Pen។

ជាមួយនឹងស្ថានភាពជាក់ស្តែងនេះ អ្នកវិភាគបានចាត់ទុកថា លទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខ អាចព្យាករណ៍បានមួយផ្នែកប៉ុណ្ណោះ ដោយផ្អែកលើលទ្ធផលនៃការជជែកដេញដោល ដែលនឹងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិបារាំង នៅថ្ងៃទី២០ ខែមេសា ខាងមុខនេះ។ យ៉ាងណាមិញ លទ្ធផលផ្លូវការចុងក្រោយនៅតែត្រូវរង់ចាំការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល៤ថ្ងៃបន្ទាប់។

ផលប៉ះពាល់និងបញ្ហាប្រឈម

ហេតុតែ ការបោះឆ្នោតប្រធានាធិបតីបារាំងលើកនេះ ទទួលបានការចាប់អារម្មណ៍ជាពិសេសពីសាធារណ ជនអឺរ៉ុបនិងអន្តរជាតិ គឺដោយសារ លទ្ធផលនៃការបោះឆ្នោតនេះ អាចបង្កើតឡើងការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងគោលនយោបាយការបរទេសរបស់បារាំង ក៏ដូចជាគោលនយោបាយការបរទេសអឺរ៉ុបផងដែរ ។ មុន Brexit, បារាំងរួមជាមួយអាល្លឺម៉ង់និងអង់គ្លេស បានបង្កើតជាក្បាលម៉ាស៊ីននាំមុខចំនួនបីរបស់សហភាពអឺរ៉ុប (EU)។ បន្ទាប់ពីការដែល ចក្រភពអង់គ្លេសចាកចេញពី EU ជាផ្លូវការនៅដើមឆ្នាំ ២០២១ តួនាទីឈានមុខរបស់ EU ផ្តោតលើប្រទេសពីរគឺអាល្លឺម៉ង់និងបារាំងប៉ុណ្ណោះ។

នៅក្នុងរាល់ការប្រកាសយុទ្ធនាការបោះឆ្នោតរបស់ខ្លួនបេក្ខជន Le Pen បានបញ្ជាក់ពីបំណង ក្នុងការធ្វើកំណែទម្រង់សហភាពអឺរ៉ុបដាច់ស្រេច ហើយបាននិយាយថា លោកស្រីចង់ដកប្រទេសបារាំងចេញពីបញ្ជាការរួមនៃសម្ព័ន្ធមិត្តយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ក្នុងពេលជាមួយគ្នានោះ លោកប្រធានាធិបតី Macron បាននិយាយថា “លោកចង់ឱ្យប្រទេសបារាំងដាក់ខ្លួនឯងនៅក្នុងទ្វីបអឺរ៉ុបដ៏រឹងមាំ ដើម្បីបន្តចងសម្ព័ន្ធមិត្តជាមួយលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោកដើម្បីការពារខ្លួន”។

យ៉ាងណាមិញ អ្នកណាដែលឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងលើកនេះ ក៏ចៀសមិនផុតពីការប្រឈមមុខនឹងបញ្ហាធំៗ ទាក់ទងនឹងទាំងកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេស។ សម្រាប់កិច្ចការបរទេសវិញ បញ្ហាប្រឈមកំពូលគឺការដោះស្រាយទំនាក់ទំនងដ៏ស្មុគស្មាញនាពេលបច្ចុប្បន្នជាមួយរុស្ស៊ីក្នុងរចនាសម្ព័ន្ធរួមនៃទំនាក់ទំនងជាមួយស្ថាប័នពិភពលោកធំៗ ដូចជា EU អាមេរិកនិងចិន ក្នុងបរិបទដែល វិបត្តិរុស្ស៊ី។-អ៊ុយក្រែនបាននិងកំពុងជះឥទ្ធិពលយ៉ាងទូលំទូលាយដល់ជីវភាពសង្គមអឺរ៉ុបទាំងមូល។ លើកិច្ចការផ្ទៃក្នុង បញ្ហាប្រឈមដ៏ធំបំផុតគឺរបៀបស្តារសេដ្ឋកិច្ចបារាំងដែលរងការខូចខាតដោយសារផលប៉ះពាល់ទ្វេរដងនៃជំងឺរាតត្បាតកូវីដ ១៩ និងវិបត្តិរុស្ស៊ី-អ៊ុយក្រែន។

ទាំងអស់នេះ បានពន្យល់ពីហេតុអ្វីដែលថា រួមជាមួយនឹងប្រជាជនបារាំង ប្រជាជន អឺរ៉ុបនិងតំបន់ជាច្រើនទៀតក៏កំពុងរង់ចាំលទ្ធផលបោះឆ្នោតប្រធានាធិបតីនៅប្រទេសបារាំងលើកនេះផងដែរ៕

ប្រតិកម្មទៅវិញ