ការខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាករបស់សហគ្រាស

Chia sẻ
(VOVWORLD) - ជំងឺរាតត្បាត Covid-19 បានជះឥទ្ធិពលយ៉ាងគំហុកដល់ការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ចពិភពលោកនិយាយរួម និងវៀតណាមនិយាយដោយឡែក។ ក្នុងរយៈពេលកន្លងទៅ រួមជាមួយការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល សហគ្រាសវៀតណាមជាច្រើនបានឆ្លើយតបយ៉ាងបត់បែន ហើយមានផែនការ និងយុទ្ធសាស្ត្រធ្វើអាជីវកម្មសមស្រប ដើម្បីជំនះពុះពារលើការលំបាកផងដែរ។
ការខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាករបស់សហគ្រាស - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc  ថ្លែងសេចក្ដីសន្និដ្ឋាននៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយសហគមន៍សហគ្រាស (រូបថត៖ VOV)

ក្នុងសេចក្ដីសន្និដ្ឋាននៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយសហគមន៍សហគ្រាសនាថ្ងៃទី ៩ ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់អំពីសំណើរទាំង ៣ ចំពោះសហគ្រាស។ ក្នុងនោះ សំណើរដំបូងគឺ សហគ្រាសមិនត្រូវទន្ទឹងរង់ចាំ និងពឹងផ្អែកក្នុងការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីក៏បានចាត់ទុកថា នាបច្ចុប្បន្ននេះ សហគ្រាសចាំបាច់ត្រូវរក្សាប្រការចំនួន ៣។ នោះ គឺរក្សាពលករ; រក្សាទីផ្សារ និងអភិវឌ្ឍន៍ទីផ្សារ ; រក្សាឬទ្ធានុភាពរបស់ធុរជនវៀតណាមប្រកបដោយការផ្លាស់ប្ដូរថ្មី ស្មោះត្រង់ និងប្តេជ្ញាចិត្តអភិវឌ្ឍន៍។

ជំនះពុះពារលើការលំបាកសាកល្បង

វិបត្តិសុខាភិបាលក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ បានជះឥទ្ធិពលដល់រាល់សកម្មភាពនៃខឿនសេដ្ឋកិច្ច ចាប់ពីភាគីផ្គត់ផ្គង់រហូតដល់ភាគីត្រូវការ ចាប់ពីផលិតកម្មរហូតដល់ការប្រើប្រាស់ ចាប់ពី ឧស្សាហកម្មរហូតដល់សេវាកម្ម។ សហគ្រាសវៀតណាមជាច្រើនបានស្ថិតនៅជម្រើសចំនួនពីរគឺ កាត់បន្ថយទំហំ ទន្ទឹងរង់ចាំ កាត់បន្ថយប្រាក់ចំណាយ ឬត្រូវរកវិធីដើម្បីបង្កើតការងារធ្វើសម្រាប់ពលករ និងរកប្រាក់ចំណូល នៅពេលជួបការលំបាក។ លោកស្រី Nguyen Thi Thu Trang នាយិការមជ្ឈមណ្ឌល WTO និងសមាហរណកម្ម នៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានឲ្យដឹងថា៖

“ក្នុងបរិបទនេះ សហគ្រាសជាច្រើនបានផ្លាស់ប្ដូរថ្មី ផ្ទេរប្ដូរប្រភពផ្គត់ផ្គង់ទីផ្សារ របៀបផលិតកម្ម យ៉ាងសកម្ម និងច្នៃប្រឌិត។ មានករណីខ្លះអាចធ្វើការពីចំងាយ ដោយប្រើប្រាស់បច្ចេកវិទ្យាគឺសហគ្រាសត្រូវវិនិយោគដើម្បីផ្លាស់ប្ដូរថ្មី ហើយសហគ្រាសត្រូវផ្លាស់ប្ដូរក្នុងការទាក់ទងផ្ទាល់ជាមួយទីផ្សារ ដើម្បីឆ្លើយតបនឹងតម្រូវការផងដែរ“។

ជាផ្នែកមួយក្នុងចំណោមផ្នែក ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយសារជំងឺរាតត្បាត COVID -19 នោះ នាបច្ចុប្បន្ននេះ ផ្នែកទេសចរណ៍វៀតណាមបានបញ្ចុះតម្លៃ ដើម្បីចាប់ផ្ដើមដំណើរការទីផ្សារក្នុងស្រុកឡើងវិញ ព្រមទាំងបង្កើតផលិតផលទេសចរណ៍ថ្មី។ លោក Nguyen Quoc Ky អគ្គនាយក Vietravel បានឲ្យដឹងថា៖

“យើងខ្ញុំបានទាញយកឱកាស និងអនុវត្តន៍សារថា វៀតណាម គោល
ដៅមកដល់ប្រកបដោយសុវត្ថិភាព ដើម្បីពន្លឿន ផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ។ យើងខ្ញុំក៏បានលើកសំណើរបង្កើតត្រីកោណនៃកម្លាំងចលករអភិវឌ្ឍន៍ទេសចរ។ ឧទាហរណ៍ថាតំបន់ភាគខាងជើងវៀតណាមគឺ ទីក្រុងហាណូយ - Ninh Binh -Quang Ninh; តំបន់ភូមិភាគកណ្ដាលគឺ Hue - Da Nang - Quang Nam; Nha Trang – Dak Lak – Phu Yen; តំបន់ខាងត្បូងគឺ ទីក្រុង Hue – Da Nang – Quang Nam; Nha Trang – Dak Lak; ទីក្រុងហូជីមិញ - Ba Ria Vung Tau – ដីសណ្ដទន្លេ Cuu Long។ ទន្ទឹមនឹងនេះ យើងខ្ញុំបានស្នើឲ្យរដ្ឋអំណាចតំបន់បញ្ចុះតម្លៃ ៥០ ភាគរយ ថ្លៃសេវាកម្មចូលទស្សនាគោលដៅទេសចរណ៍ ហើយស្នើរបើជើងហោះហើរក្នុងស្រុកឡើងវិញ “។

ការជួយឧបត្ថម្ភរបស់ស្ថាប័នរដ្ឋបាល

ការជួយឧប្ថម្ភរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធនានាគឺមានសារៈសំខាន់ និងចាំបាច់ណាស់នៅពេលនេះ។ នាបច្ចុប្បន្ននេះ រដ្ឋាភិបាលបានសន្យាជាច្រើន។ លោកនាយករដ្ឋមន្ត្រីបានធានាថារដ្ឋាភិបាលនឹងជំរុញខ្លាំងការធ្វើកំណែទម្រង់បែបបទរដ្ឋបាល ជួយឧបត្ថម្ភសហគ្រាសអំពីយន្តការ និងគោលនយោបាយ។ នៅក្នុងកិច្ចប្រជុំនាយករដ្ឋមន្ត្រីជាមួយសហគ្រាសកាលពីថ្ងៃទី ៩ ខែឧសភា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានណាំនាំថា៖

“ក្រសួង ស្ថាប័ន ជាពិសេសគឺតំបន់នានាចាំបាច់ត្រូវមានកម្មវិធីធ្វើសកម្មភាពជាក់ស្ដែង ដើម្បីដោះស្រាយការលំបាកសម្រាប់សហគ្រាសអភិវឌ្ឍន៍ ដែលក្នុងនោះ កែលម្អស្ថានភាពគ្រប់គ្រង បង្កើនការត្រួតពនិត្យក្រោយ និងពន្លឿនបែបបទ។ យកចិត្តទុកដាក់ដោះស្រាយសំណើររបស់សហគ្រាសយ៉ាងឆាប់រហ័សជាង ងាយស្រួលជាង។ ជាពិសេស គឺសហគ្រាសនានាសុទ្ធតែមានគោលបំណងចង់រក្សាស្ថិរភាពម៉ាក្រូ ជាពិសេសគឺរក្សាអតិផរណា និងរក្សាតម្លៃ ប្រាក់វៀតណាមដុងផងដែរ” ។

ប្រមុខរដ្ឋាភិបាលក៏បានរំលឹកអំពីសេចក្ដីប្រកាសរបស់បិតានៃ ទ្រឹស្តីអំពីការវិវឌ្ឍ លោក Charles Robert Darwin បានចាត់ទុកថា៖ “ មិនមែនអំបូរខ្លាំងបំផុត ឬឆ្លាតវៃបំផុតឡើយ ពោលគឺអំបូរណា ដែលមានសមត្ថភាពបន្សាំនឹងធម្មជាតិយ៉ាងល្អបំផុតនឹងរស់រានមានជីវិត។ ក្នុងបរិបទបច្ចុប្បន្ននេះ ភាពម្ចាស់ការ ច្នៃប្រឌិត និងភាពបត់បែននឹងជួយសហគមន៍សហគ្រាសវៀតណាមជំនះពុះពារលើការលំបាកនាបច្ចុប្បន្ននេះយ៉ាងឆាប់ៗ ដើម្បីត្រៀមខ្លួនជាស្រេចស្ដារឡើងវិញ និងទទួលរលកនៃការផ្ទេរប្ដូរវិនិយោគអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ