ក្នុងកិច្ចប្រជុំកំពូលវៀតណាម - អាមេរិកស្តីពីការវិនិយោគ និងនវានុវត្តន៍ នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បានឲ្យដឹងថា ចំណុចសំខាន់មួយនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden មកកាន់វៀតណាម គឺដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍។ ដូច្នេះហើយ លោកនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីអាមេរិក Joe Biden បានព្រមព្រៀងគ្នាធ្វើឱ្យបច្ចេកវិទ្យា នវានុវត្តន៍ និងការវិនិយោគពិតប្រាកដក្លាយជាសសរស្តម្ភថ្មីដ៏សំខាន់នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានាធិបតីអាមេរិក លោក Joe Biden។ រូបថត៖ VOV |
សសរស្តម្ភថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចាត់ទុកថា៖ ដោយមានគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ប្រកបដោយឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងដល់ឆ្នាំ ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ វៀតណាមតែងតែកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាកម្លាំងចលករដ៏សំខាន់មួយដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh សង្ឃឹមថា រដ្ឋាភិបាល និងសហគមន៍ធុរកិច្ចអាមេរិកនឹងបង្កើនការគាំទ្រផ្នែកនយោបាយ ការប្តេជ្ញាចិត្តចំពោះមូលធន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីគាំទ្រវៀតណាម ផ្លាស់ប្តូររូបកំណើន រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចតាមទិសអភិវឌ្ឍន៍បៃតង រហ័ស រឹងមាំប្រកបដោយបរិយាប័ន្ន។ បើតាមលោកនាយករដ្ឋមន្ត្រី ភាគីទាំងពីរសហការ ចែករំលែក សិក្សា និងជួយគ្នាទៅវិញទៅមក ដោយស្មារតីនៃផលប្រយោជន៍រួម និងចែករំលែកហានិភ័យ៖ “តាមគំនិតរបស់ខ្ញុំ ធនធានចាប់ផ្តើមពីការត្រិះរិះនិងចក្ខុវិស័យ ការលើកទឹកចិត្តកើតចេញពីការច្នៃប្រឌិត កម្លាំងបានមកពីមនុស្ស និងធុរកិច្ច ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក បង្ហាញពីការត្រិះរិះថ្មី ចក្ខុវិស័យថ្មី ការលើកទឹកចិត្តថ្មី បង្កើតកម្លាំងថ្មី និងតម្លៃថ្មី។ យើងធ្វើការរួមគ្នាដើម្បីចែករំលែក សិក្សា និងជួយគ្នាទៅវិញទៅមក ដោយស្មារតីនៃផលប្រយោជន៍ប្រកបដោយសុខដុមរមនា និងចែករំលែកហានិភ័យជាមួយគ្នា។ ភាពជោគជ័យរបស់អ្នកគឺជាជោគជ័យរបស់យើងដែរ”។
ឯកភាពជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រធានាធិបតីអាមេរិកលោក Joe Biden បានវាយតម្លៃថា ពេលវេលាបច្ចុប្បន្នគឺជាឱកាសសម្រាប់ប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនង មិនត្រឹមតែក្នុងវិស័យវិនិយោគ និងនវានុវត្តន៍ប៉ុណ្ណោះទេ ថែមទាំងលើគ្រប់វិស័យផងដែរ ដើម្បីនាំមកនូវវិបុលភាពរួម។ លោកប្រធានាធិបតី Joe Biden បានសន្យាថា សហរដ្ឋអាមេរិកនឹងសហការ និងគាំទ្រវៀតណាម ក្នុងបច្ចេកវិទ្យាបន្ទះឈីប គ្រឿងអេឡិចត្រូនិក ការច្នៃប្រឌិត ការផ្លាស់ប្តូរបៃតង ការបណ្តុះបណ្តាលធនធានមនុស្ស និងការចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងសកលលោក។
ពន្លឿនការវិនិយោគក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាខ្ពស់
ធ្វើការវាយតម្លៃលើលទ្ធភាពក្នុងការអនុវត្តជាក់ស្តែង នូវកាលានុវត្តភាពសហប្រតិបត្តិការថ្មីរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា ការតម្រង់ទិសរបស់វៀតណាមគឺទាក់ទាញការវិនិយោគដោយមានការជ្រើសរើស ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង។
កិច្ចប្រជុំជាន់ខ្ពស់វៀតណាម-អាមេរិក ស្តីពីការច្នៃប្រឌិត និងការវិនិយោគ។ រូបថត៖ VOV |
តាមនោះ វៀតណាមផ្តល់អាទិភាពដល់គម្រោងនានាដូចជា បច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិក ឧបករណ៍អេឡិចត្រូនិក ការបង្កើតថ្មី ថាមពលកកើតឡើងវិញ ថាមពលថ្មី (អ៊ីដ្រូសែន) មជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសេវាកម្មទំនើប ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍។ រដ្ឋមន្ត្រី លោក Nguyen Chi Dung បានចាត់ទុកថា ទាំងនេះគឺជាវិស័យរឹងមាំនៃអាជីវកម្មអាមេរិកជាច្រើន ដូច្នេះភាគីទាំងពីរមានសក្កានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។ លោករដ្ឋមន្ត្រី Nguyen Chi Dung បានស្នើថា អាជីវកម្មអាមេរិកបន្តបង្កើនការវិនិយោគ និងបើកទូលាយអាជីវកម្មនៅវៀតណាម គាំទ្រសហគ្រាសក្នុងស្រុកចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃ។
នាពេលខាងមុខ ក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់នូវទំនាក់ទំនងរបស់ប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ សហរដ្ឋអាមេរិកបានប្តេជ្ញាផ្តល់ជំនួយឥតសំណងដំបូងដែលមានតម្លៃ ២ លានដុល្លារអាមេរិក (USD) ដល់វៀតណាមសម្រាប់បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យបន្ទះឈីប។ ក្នុងវិស័យអាកាសចរណ៍ វៀតណាមបានប្តេជ្ញាចិត្តគាំទ្រក្រុមហ៊ុន Boeing Group ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីផលិតគ្រឿងបន្លាស់ និងមជ្ឈមណ្ឌលជួសជុលម៉ាស៊ីនយន្តហោះ និងឧបករណ៍នៅវៀតណាម។
នៅក្នុងកិច្ចប្រជុំនេះ អង្គភាពអាជីវកម្មវៀតណាម និងអាមេរិកចំនួន ១៤ បានផ្លាស់ប្តូរដោយបើកចំហ ស្មោះត្រង់ និងជាក់ស្តែងអំពីកាលានុវត្តភាពសហប្រតិបត្តិការវិនិយោគ ក្នុងនោះផ្តោតលើវិស័យសំខាន់ៗចំនួន ៤ ដូចជាបច្ចេកវិទ្យា និងការច្នៃប្រឌិត; ការវិនិយោគផលិតកម្ម; សេវាកម្មហិរញ្ញវត្ថុ និងពាណិជ្ជកម្ម និងសេវាកម្ម។ ធុរកិច្ចវៀតណាមបានសម្តែងចំណាប់អារម្មណ៍ក្នុងការសហការជាមួយធុរកិច្ចអាមេរិកក្នុងវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យាខ្ពស់ ថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរបៃតង ការផលិតឥន្ធនៈស្អាត អ៊ីដ្រូសែន បច្ចេកវិទ្យាអវកាស សន្តិសុខតាមអ៊ីនធឺណិត បញ្ញាសិប្បនិម្មិត។ ទន្ទឹមនឹងនោះ ធុរកិច្ចអាមេរិកចង់ និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយធុរកិច្ចវៀតណាមក្នុងការផលិតឧបករណ៍អេឡិចត្រូនិក បន្ទះឈីបអេឡិចត្រូនិច ការអភិវឌ្ឍន៍បណ្តាញ 5G ការបណ្តុះបណ្តាលធនធានមនុស្ស ការចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍។
អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា លក្ខណៈសំខាន់បំផុតមួយនៃទំនាក់ទំនងសេដ្ឋកិច្ចវៀតណាមនិងសហរដ្ឋអាមេរិកគឺជាលក្ខណៈបំពេញបន្ថែមយ៉ាងខ្លាំងនៃសេដ្ឋកិច្ចទាំងពីរ។ ដូច្នេះ ជាមួយនឹងការលើកម្ពស់ទំនាក់ទំនងទ្វេភាគី អង្គភាពអាជីវកម្មវៀតណាមនឹងមានឱកាសចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងខ្សែសង្វាក់តម្លៃសកល តាមរយៈកិច្ចសហប្រតិបត្តិការជាមួយធុរកិច្ចអាមេរិក ឬពង្រីកប្រតិបត្តិការក្នុងទីផ្សារអាមេរិក៕