លោកឧត្តមសេនីយ៍ឯក Nguyen Phuong Nam អគ្គសេនាធិការរង នៃកងទ័ពប្រជាជនវៀតណាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN) |
នៅក្នុងកិច្ចប្រជុំ បណ្តាអគ្គមេបញ្ជាការកងទ័ពអាស៊ានបានពិភាក្សាអំពីស្ថានភាពសន្តិសុខពិភពលោកនិងតំបន់ ជាពិសេសបញ្ហាប្រឈមសន្តិសុខប្រពៃណីនិងសន្តិសុខមិនប្រពៃណី ដែលជះឥទ្ធិពលដោយផ្ទាល់ដល់តំបន់អាស៊ាន តាមរយៈផែនការសកម្មភាពរយៈពេល ២ ឆ្នាំរបស់កងទ័ពនៃបណ្តាប្រទេសអាស៊ាន (២០២១- ២០២៣)។ អង្គប្រជុំក៏បានអនុម័តលើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំ ACDFM-18 ផងដែរ។
ថ្លែងមតិក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Nguyen Phuong Nam អគ្គសេនាធិការរង នៃកងទ័ពប្រជាជនវៀតណាម បានចែករំលែកជាមួយដៃគូអាស៊ាន អំពីស្ថានភាពពិភពលោកនិងតំបន់ ហើយលោកបានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃការឆ្លងរាតត្បាតកូវីដ ១៩ យ៉ាងស្មុគស្មាញ បញ្ហាប្រឈមសន្តិសុខនៅតែជាកត្តាអស្ថិរភាពអចិន្ត្រៃយ៍ រួមទាំងសន្តិសុខសមុទ្រផង។
“នៅក្នុងយុគសម័យបច្ចុប្បន្ន ការថែរក្សាបរិស្ថានសមុទ្រប្រកបដោយសន្តិភាពស្ថេរភាព សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ មិនត្រឹមតែជាផលប្រយោជន៍របស់ប្រទេសឆ្នេរសមុទ្រប៉ុណ្ណោះទេ។ ដើម្បីសម្រេចបានគោលដៅនេះ ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ការប្រតិបត្តិរបស់ភាគីនានា ដោយឈរលើបទប្បញ្ញត្តិនៃច្បាប់អន្ដរជាតិ ដូចជា UNCLOS និងបណ្តាកិច្ចសន្យាក្នុងតំបន់។ ក្នុងបរិបទនោះ ការដែលកិច្ចប្រជុំលើកនេះបានឯកភាពគ្នាលើការយល់ដឹងអំពីបញ្ហាទាំងនេះគឺមានសារៈសំខាន់ណាស់។ ខ្ញុំយល់ស្របនិងពេញចិត្តចំពោះសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំលើកនេះ ក្នុងនោះបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសនានាក្នុងការបន្តថែរក្សាសន្តិភាព សន្តិសុខនិងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងពង្រឹងការកសាងទំនុកចិត្ត ការអនុវត្តយ៉ាងពេញលេញនិងមានប្រសិទ្ធភាពនូវ DOC ក៏ដូចជាបញ្ចប់ COC ស្របតាមច្បាប់អន្តរជាតិ”។ នេះបើយោងតាម លោកឧត្តមសេនីយ៍ឯក Nguyen Phuong Nam អគ្គសេនាធិការរង នៃកងទ័ពប្រជាជនវៀតណាម។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN) |
ឈរលើមូលដ្ឋាននោះ ប្រធានគណៈប្រតិភូវៀតណាមបានស្នើចេញទិសដៅសហប្រតិបត្តិការក្នុងចំណោមកងទ័ពនៃបណ្តាប្រទេសអាស៊ាននាពេលខាងមុខ ដោយសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីរក្សាតួនាទីស្នូលរបស់អាស៊ាន។ ជាមួយគ្នានោះ ជំរុញការលើកកម្ពស់មុខមាត់អាស៊ានតាមរយៈគំនិតផ្តួចផ្តើមដាក់ទង់អាស៊ាននៅតាមអង្គភាពយោធានៃបណ្តាប្រទេសសមាជិកអាស៊ាន ដែលចូលរួមក្នុងសកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ឧត្តមសេនីយ៍ឯក Nguyen Phuong Nam ក៏បានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការចូលរួមប្រកបដោយទំនួលខុសត្រូវ ក្នុងសកម្មភាពសហប្រតិបត្តិការរវាងកងទ័ពនៃបណ្តាប្រទេសអាស៊ាន ជាពិសេសក្នុងតួនាទីដឹកនាំនូវសកម្មភាពមួយចំនួននាពេលខាងមុខ។
ចុងបញ្ចប់នៃកិច្ចប្រជុំគឺជាពិធីប្រគល់ទង់ ACDFM (តាមប្រព័ន្ធវីដេអូ) ដល់ប្រទេសកម្ពុជា ធ្វើជាប្រធានបន្តវេនរបស់អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី ១៩ ឆ្នាំ ២០២២៕