នៅក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំ G២០ បានបញ្ជាក់ថា នឹងបង្កើតយន្តការដ៏មានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនឹង "ការគេចពន្ធ" និងជំរុញការប្រមូលពន្ធសម្រាប់អ្នកដែលមានទ្រព្យសម្បត្តិធំ។ នេះគឺជាចលនាដ៏សំខាន់មួយដែលឆ្លុះបញ្ចាំងពីនិន្នាការសកលដើម្បីកាត់បន្ថយវិសមភាពនិងបែងចែកធនធានឡើងវិញ។ បញ្ហាបម្រែបម្រួលអាកាសធាតុក៏ជាចំណុចក្តៅនៅក្នុងសន្និសីទ G២០ ផងដែរ ទោះបីជាមេដឹកនាំមិនអាចធ្វើការប្តេជ្ញាចិត្តច្បាស់លាស់ក្នុងការផ្តល់មូលនិធិដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីបង្កើនសមត្ថភាព ទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ទិដ្ឋភាពនៃកិច្ចប្រជុំកំពូល G២០ នៅទីក្រុង Rio De Janeiro ប្រទេសប្រេស៊ីល ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។ រូបថត៖ AA/TTXVN |
វិបត្តិនៅតំបន់ហ្គាហ្សា និងជម្លោះនៅអ៊ុយក្រែនក៏ត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួម G២០ ជាមួយនឹងការសន្យាជំរុញបទឈប់បាញ់ និងការពារជនស៊ីវិល។ ក្រុមប្រទេស G២០ បានសម្តែងនូវ "ការព្រួយបារម្ភយ៉ាងខ្លាំង" អំពីស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅហ្គាហ្សា ហើយបានអំពាវនាវឱ្យមានបទឈប់បាញ់គ្រប់ជ្រុងជ្រោយទាំងនៅតំបន់ហ្គាហ្សា និងប្រទេសលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបិទបញ្ចប់សន្និសីទនេះ មេដឹកនាំ G២០ ក៏បានបញ្ជាក់សារជាថ្មីអំពីការសន្យា ចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ខណៈពេលដែលសង្កត់ធ្ងន់ទៅលើបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ចាប់ពីការប្រែប្រួលអាកាសធាតុរហូតដល់ជម្លោះ និងវិសមភាពសកលអាចដោះស្រាយបានតាមរយៈកិច្ចសហប្រតិបត្តិការពហុភាគី៕