ការផលិតឧបករណ៍បំពងសម្លេងនៅរោងចក្ររបស់ក្រុមហ៊ុនចំកាត់អេឡិចត្រូនិក Foster (Bac Ninh) នៅមណ្ឌលឧស្សាហកម្មទីក្រុងនិងសេវាកម្ម VSIP Bac Ninh ទីរួមខេត្ត Tu Son ខេត្ត Bac Ninh |
កាសែតនេះក៏បានដកស្រង់សំដីរបស់នាយកធនាគារពិភពលោក (WB) ប្រចាំនៅប្រទេសវៀតណាម លោក Carolyn Turk ដោយបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងប្រកបដោយជោគជ័យនៃជំងឺរាតត្បាត បានជួយវៀត ណាមដណ្តើមចំណែកទីផ្សារធំជាងមុននៅក្នុងពាណិជ្ជកម្មសកល និងការវិនិយោគដោយផ្ទាល់ពីបរទេស (FID) សម្រាប់ឆ្នាំ ២០២០នេះ។ ចំណែកឯលោកស្រី Jareeporn Jarukornsakul ប្រធានក្រុមហ៊ុន WHA Group គឺជាក្រុមហ៊ុនដឹកទំនិញរបស់ថៃ ដែលពង្រីកអាជីវកម្មអចលនទ្រព្យឧស្សាហកម្មរបស់ខ្លួននៅ វៀតណាមបាននិយាយថា វៀតណាមគឺជាគោលដៅរបស់វិនិយោគិនធំៗ ដោយសារការចំណាយទាប ហើយរដ្ឋាភិបាលវៀត ណាមអនុញ្ញាតឱ្យតំបន់នានាចេញបទប្បញ្ញត្តិនិងអាទិភាពដោយឡែករបស់ខ្លួនដើម្បីទាក់ ទាញវិនិយោគបរទេស។
ជាមួយគ្នានោះ ក្រុមអ្នកជំនាញបានពិនិត្យថា នៅឆ្នាំ ២០២០ វៀតណាមបានចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយចក្រភពអង់គ្លេស ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម (EVFTA)។ ជាមួយគ្នានោះ វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
(FTA) ជាមួយកូរ៉េខាងត្បូងនិងជប៉ុន ដែលជាប្រភពវិនិយោគផ្ទាល់ពីបរទេសធំបំផុត ហើយជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ យោងតាមនាយកប្រតិបត្តិសភាពាណិជ្ជកម្មអឺរ៉ុប-ម៉ាឡេស៊ី លោក Sven Schneider បានលើកឡើងថា ការជំរុញរាល់ FTA បាននាំមកនូវគុណប្រយោជន៍ជាច្រើនសម្រាប់វៀតណាម បើប្រៀបធៀបនឹងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ យ៉ាងណាមិញ អ្នកជំនាញទាំងអស់សុទ្ធតែវាយតម្លៃថា វៀតណាមមានប្រៀបខ្លាំងដើម្បីវ៉ាដាច់ប្រទេសនានាក្នុងតំបន់នៅឆ្នាំ ២០២១ នេះ ប្រសិនបើវៀតណាមនៅតែបន្តគ្រប់គ្រងល្អជំងឺរាតត្បាត កូវីដ-១៩ ដែលកំពុងផ្ទុះឡើងម្តងទៀតនៅក្នុងប្រទេសជាច្រើននៅលើពិភពលោក៕