នាយករដ្ឋមន្ត្រីលីបង់លោក Najib Mikati បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសនិងអន្តោប្រវេសន៍លោក Abdullah Bou Habib ធ្វើការទំនាក់ទំនងចាំបាច់ជាមួយទីភ្នាក់ងារអន្តរជាតិដើម្បីរារាំងអ៊ីស្រាអែលមិនឱ្យធ្វើការរុករកប្រេងនិងឧស្ម័ននៅលំហសមុទ្រដែលមានជម្លោះ បន្ទាប់ពីអ៊ីស្រាអែលបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនមួយ ហើយកំពុងរៀបចំធ្វើការខួងរុករកប្រេងនិងឧស្ម័ន។
នាយករដ្ឋមន្រ្តីលីបង់បានអះអាងថា នឹងមិនបោះបង់សិទ្ធិរបស់ប្រជាជនលីបង់ឡើយ ហើយបានអំពាវនាវឱ្យអង្គការសហប្រជាជាតិដើរតួនាទីរបស់ខ្លួនក្នុងការដាក់សម្ពាធលើអ៊ីស្រាអែល ហើយបង្ខំឱ្យបញ្ឈប់ការបំពានសិទ្ធិ និងអធិបតេយ្យភាពរបស់លីបង់។
មុននោះ រដ្ឋមន្ត្រីក្រសួងការបរទេសនិងអន្តោប្រវេសន៍លីបង់លោក Bou Habib ក៏បានឲ្យដឹងថា លោកបានទាក់ទងជាមួយស្ថានទូតអាមេរិក ក្នុងនាមជាអ្នកគាំទ្រកិច្ចចរចារវាងលីបង់និងអ៊ីស្រាអែល ក្នុងគោលបំណងការពារការរំលោភបំពានណាមួយលើសិទ្ធិរបស់លីបង់ ក៏ដូចជាការខួងរុករកនៅតំបន់កំពុងមានជម្លោះនាពេលអនាគត៕