លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញថ្លែងនៅសម័យប្រជុំ។ (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី១០ ខែមិថុនា នៅអគាររដ្ឋសភា លោក Vuong Dinh Hue ប្រធាន រដ្ឋសភាវៀតណាមនិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានអញ្ជើញដឹកនាំសម័យប្រជុំលើកទី៧របស់ក្រុមប្រឹក្សា។
ថ្លែងមតិបើកសម័យប្រជុំ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានបញ្ជាក់ ថា ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សា ប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦ ដែលធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ បានប្រព្រឹត្តទៅប្រកបដោយប្រជាធិបតេយ្យ សមភាព ស្របតាមច្បាប់ សន្សំសម្ចៃ មានសុវត្ថិភាពដាច់ខាត សម្រេចបានជោគជ័យល្អប្រសើរ ហើយពិតជាទិវា បុណ្យធំមួយរបស់ប្រជាជាតិទាំងមូល។
លោកប្រធានរដ្ឋសភាបានស្នើឲ្យសមាជិកក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ផ្ដោតសំខាន់ទៅលើការវាយតម្លៃពីការងារត្រៀមរៀបចំលើវិស័យទាំង១១ រួមមាន៖ ការងារដឹកនាំនិងប្រតិបត្តិការបោះឆ្នោត; ការបង្កើតនិងប្រតិបត្តិការនៃក្រុមប្រឹក្សាជាតិ រៀបចំការបោះឆ្នោតនិងអង្គការទទួលបន្ទុកការបោះឆ្នោត; ការងាររៀបចំកម្មាភិបាល ពិគ្រោះយោបល់ ការជ្រើសរើសនិងយកមតិយោបល់របស់ម្ចាស់ឆ្នោតអំពីបេក្ខជនឈរ ឈ្មោះជាសមាជិករដ្ឋសភានិងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់; ការរៀបចំ សកម្មភាពចលនាម្ចាស់ឆ្នោត ជាពិសេសគឺក្នុងបរិបទនៃការផ្ទុះរាលដាលយ៉ាងឆាប់ រហ័សនិងខ្លាំងជាងនៃរលកកូវីដ ១៩ លើកទី៤។
ក្រៅពីនោះ លោកប្រធានរដ្ឋសភាក៏បានតម្រូវឲ្យក្រុមប្រឹក្សាជាតិរៀបចំការបោះ ឆ្នោតវាយតម្លៃ ផ្ដល់មតិអំពីការងារផ្សព្វផ្សាយឃោសនា ការងារត្រួតពិនិត្យ ឃ្លាំមើល ការបោះឆ្នោត ការងារធានាសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម និងការងារបង្ការ ប្រឆាំងកូវីដ ១៩ ក្នុងដំណើរការត្រៀមរៀបចំនិងថ្ងៃបោះឆ្នោតផងដែរ៕