រុស្ស៊ីនៅតែបញ្ជូនឧស្ម័នទៅកាន់អឺរ៉ុប

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៤ មេសារុស្ស៊ីបានបន្តបញ្ជូនឧស្ម័នទៅកាន់អឺរ៉ុបតាមរយៈបំពង់បង្ហូរប្រេងសំខាន់ៗ បើទោះបីជាលក្ខខ័ណ្ឌអំពីការទូទាត់នៅតែមិនទាន់ច្បាស់លាស់នៅឡើយ ក្នុងបរិបទ ដែលបណ្ដាថ្នាក់ដឹកនាំអឺរ៉ុបបានអំពាវនាវឱ្យបង្កើនវិធានការដាក់ទណ្ឌកម្មលើរុស្ស៊ីទាក់ទងនឹងប្រតិបត្តិការយោធាពិសេសរបស់ប្រទេសនេះនៅអ៊ុយក្រែន។
រុស្ស៊ីនៅតែបញ្ជូនឧស្ម័នទៅកាន់អឺរ៉ុប - ảnh 1ខាងក្នុងកន្លែងផ្គត់ផ្គង់ឧស្ម័ន Bovanenkovo នៅលើឧបទ្វីប Yamal ប្រទេសរុស្ស៊ី (រូបថត៖ AFP/VNA)

សម្ព័ន្ធក្រុមហ៊ុន Gazprom របស់រុស្ស៊ីបានឲ្យដឹងថា នឹងបន្តផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុបតាមរយៈអ៊ុយក្រែនតាមសំណើរបស់អតិថិជនរបស់ខ្លួន។ ទោះយ៉ាងណាក៏ដោយ ការដែលរុស្ស៊ីបានតម្រូវឲ្យអ្នកនាំចូលប្រេង និងឧស្ម័នរបស់ប្រទេសនេះត្រូវទូទាត់ជាប្រាក់រូប្លិ៍ បានធ្វើឱ្យមានការមន្ទិលសង្ស័យអំពីសកម្មភាពដឹកជញ្ជូនថាមពលនាពេលអនាគត។

នាថ្ងៃដដែល ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យ ស្តីពីការរឹតត្បិតទិដ្ឋាការចំពោះពលរដ្ឋនៃបណ្តាប្រទេសដែលទីក្រុងម៉ូស្គូចាត់ទុកជា“ប្រទេសអមិត្ត”ក្នុងនោះមានបណ្ដាប្រទេសជាសមាជិកអឺរ៉ុប (EU) ន័រវេស ស្វីស និងដាណឺម៉ាក ដើម្បីឆ្លើយតបទៅនឹងបទដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងអ៊ុយក្រែន។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់ប្រសាសន៍របស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin នាថ្ងៃដដែលបានឲ្យដឹងថា រុស្ស៊ីមានផែនការដកបទហាមប្រាមការហោះហើរទៅ និងមកពីប្រទេសចំនួន ៥២ ក្រោយថ្ងៃទី ៩ ខែមេសា។ តាមនោះរុស្ស៊ីនឹងបើកជើងហោះហើរទៅវិញទៅមកពីអាហ្សង់ទីន អាហ្វ្រិកខាងត្បូង និងប្រទេស “មិត្ត” ផ្សេងទៀត (ប្រទេសដែលមិនដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី)៕

ប្រតិកម្មទៅវិញ