មូលដ្ឋាននានាខិតខំជំនះពុះពារលើផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi ក្នុងរយៈពេលដ៏ខ្លីបំផុត

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៨ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជាអធិបតីសន្និសីទវាយតម្លៃលើការងារបញ្ជាណែនាំ និងស្ថានភាពខូចខាត ក៏ដូចជាការអនុវត្តវិធានការបន្ទាន់ដើម្បីជំនះពុះពារលើផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi។ 
មូលដ្ឋាននានាខិតខំជំនះពុះពារលើផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi ក្នុងរយៈពេលដ៏ខ្លីបំផុត - ảnh 1លោកនាយករដ្ឋមន្ត្រីបានថ្លែងក្នុងសន្និសីទ (រូបថត៖ VOV)

សន្និសីទនេះត្រូវបានតភ្ជាប់តាមអ៊ីនធឺណិតពីទីស្នាក់ការរដ្ឋាភិបាលទៅកាន់មូលដ្ឋានចំនួន ២៦ ពីខេត្ត Thanh Hoa ទៅបណ្តាខេត្តភាគខាងជើង ដើម្បីវាយតម្លៃការងារទប់ទល់នឹងព្យុះទាំងនៅថ្នាក់មជ្ឈឹម និងមូលដ្ឋាន; វាយតម្លៃផលវិបាកដែលបណ្តាលមកពីព្យុះ; ពិភាក្សាអំពីវិធានការដោះស្រាយក្នុងរយៈពេលដ៏ខ្លីបំផុត វិធានការសម្រាប់រយៈពេលវែង និងវិធានការយុទ្ធសាស្ត្រ។

អញ្ជើញថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ព្យុះ Yagi បន្ទាប់ពីបានបោកបក់មកលើដីគោកជាងមួយថ្ងៃ បានបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ចរន្តខ្យល់ព្យុះនឹងបន្តបង្កឲ្យមានភ្លៀងធ្លាក់ និងទឹកជំនន់ ជាពិសេសខេត្តនៅតំបន់ភ្នំភាគខាងជើង។ លោកនាយករដ្ឋមន្ត្រីស្នើឱ្យពិនិត្យ និងជួយឧបត្ថម្ភដល់មូលដ្ឋានរងការខូចខាត និងក្រុមគ្រួសារមានអ្នកស្លាប់; ទន្ទឹមនឹងនោះ ត្រូវបន្តអនុវត្តការងារជាបន្ទាន់ ដើម្បីជំនះផលវិបាកដោយព្យុះ; ដោះស្រាយបញ្ហាដែលទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាជន ផលិតកម្ម អាជីវកម្ម និងទប់ទល់ជាមួយការបាក់ដី ការដួលរលំជាដើម។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ព្យុះ ទីហ្វុង Yagi គឺជាព្យុះដ៏ខ្លាំងបំផុតនៅសមុទ្រខាងកើតក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ។ ចរន្តខ្យល់ព្យុះ និងក្រោយព្យុះជះឥទ្ធិពលយ៉ាងទូលំទូលាយនៅទូទាំងតំបន់ភាគខាងជើងរហូតដល់ខេត្ត Thanh Hoa (រួមមានខេត្ត ក្រុងចំនួន ២៦)។ ទាក់ទិននឹងការខូចខាតជាបឋម (ធ្វើបច្ចុប្បន្នភាពរហូតដល់ម៉ោង ៧:០០ ព្រឹកនេះ) ដោយសារដាច់ចរន្តអគ្គិសនី និងដាច់ទំនាក់ទំនងតាមមូលដ្ឋានមិនអាចប៉ាន់ស្មានបានត្រឹមត្រូវ។ ការខូចខាតដំបូងមានមនុស្សស្លាប់ជាង១០នាក់ របួសជិត២០០នាក់; នាវាចំនួន ២៥ គ្រឿងបានលិចនៅយុថ្កាក្នុងខេត្ត Quang Ninh; តំបន់៖ Quang Ninh, Hai Phong, Thai Binh, Hai Duong និងហាណូយរងការដាច់ចរន្តអគ្គិសនី និងដាច់ទំនាក់ទំនង។ ផ្ទះជិត ៣.៣០០ រងការខូចខាត; បង្គោលភ្លើងជាង៤០០ ដើមត្រូវបាក់; ហាង ទីស្នាក់ការ និងសាលារៀនជាច្រើនបានរលំដំបូល និងខូចខាត; ដើមឈើក្នុងទីក្រុងត្រូវដួល; ទាក់ទងនឹងវិស័យកសិកម្ម ស្រូវ និងដំណាំចំនួន ១២១.៥០០ ហិកតា ត្រូវបានជន់លិច ដើមឈើហូបផ្លែជាង ៥.០០០ ដើមត្រូវបានខូចខាត; ទ្រុងវារីវប្បកម្មជាង ១.០០០ក៏រងការខូចខាត ឬត្រូវបានទឹកហូរកាត់។

មូលដ្ឋាននានាខិតខំជំនះពុះពារលើផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi ក្នុងរយៈពេលដ៏ខ្លីបំផុត - ảnh 2សន្និសីទត្រូវបានតភ្ជាប់តាមអ៊ីនធឺណិតពីទីស្នាក់ការរដ្ឋាភិបាលទៅកាន់  មូលដ្ឋានចំួន ២៦ ពីខេត្ត Thanh Hoa ទៅបណ្តាខេត្តភាគខាងជើង (រូបថត៖ VOV)

អញ្ជើញថ្លែងមតិបញ្ចប់សន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើដល់ទីស្តីការរដ្ឋាភិបាល បង្កើតក្រុមការងារជាបន្ទាន់ទៅមូលដ្ឋានដែលរងការខូចខាតដោយសារខ្យល់ព្យុះនារសៀលនេះ នៅវេលាម៉ោង ១៣:០០ នាទី ក្នុងស្មារតី ឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានពាំនាំសេចក្តីសួរសុខទុក្ខ និងរំលែកទុក្ខរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam ជូនចំពោះក្រុមគ្រួសារ ភ្នាក់ងារ អង្គភាព និងមូលដ្ឋានដែលរងគ្រោះបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិដោយសារខ្យល់ព្យុះទីហ្វុង Yagi។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់លើគោលដៅដែលចាំបាច់ត្រូវសម្រេចបាននោះគឺ៖ “យើងត្រូវផ្តោតលើការពិនិត្យឡើងវិញនូវចំនួនអ្នកបាត់ខ្លួន។ កម្លាំងយោធា និងប៉ូលិសផ្តោតលើការជួយដល់មូលដ្ឋាន។ ចាំបាច់ត្រូវព្យាបាលអ្នករបួស ជាពិសេសអ្នករបួសធ្ងន់ធ្ងរ។ ទី៣ ដោះស្រាយផលវិបាកសម្រាប់អ្នកដែលអកុសលដោយសារខ្យល់ព្យុះ។ យើងមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ខ្វះអាហារ សម្លៀកបំពាក់ ទីជម្រក ឬមនុស្សគ្មានទីពឹង ហើយមិនត្រូវទុកឲ្យសិស្សខ្វះថ្នាក់រៀន និងមិនត្រូវទុកឲ្យអ្នកជំងឺគ្មានកន្លែងសម្រាប់ពិនិត្យ និងព្យាបាលនៅពេលមានរបួស ឬឈឺ។ ត្រូវតែដោះស្រាយបញ្ហាអំពីអគ្គិសនី ទឹក ទូរគមនាគមន៍ និងសេវាកម្មសំខាន់ៗផ្សេងទៀត។ ប្រញាប់ប្រញាល់ប៉ាន់ស្មានការខូចខាត ឱ្យបានត្រឹមត្រូវ ពីទីនោះស្វែងរកដំណោះស្រាយសមស្រប និងមានប្រសិទ្ធភាព។ ចាំបាច់ត្រូវយកចិត្តទុកដាក់លើការការពារចរាចរខ្យល់ព្យុះ ភ្លៀង ទឹកជំនន់ ការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ”។

បន្ទាប់ពីកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីអញ្ជើញចុះពិនិត្យស្ថានភាពជំនះលើផលវិបាកបណ្តាលពីព្យុះទីហ្វុង នៅតាមមូលដ្ឋានមួយចំនួន៕

ប្រតិកម្មទៅវិញ