ឥណ្ឌាបញ្ជូនទំនិញជួយសង្គ្រោះសម្រាប់ព្យុះទីហ្វុង Yagi មកកាន់វៀតណាម ឡាវ និងមីយ៉ាន់ម៉ា

VOV/ឥណ្ឌា
Chia sẻ
(VOVWORLD) - រដ្ឋាភិបាលឥណ្ឌានៅថ្ងៃទី ១៥ ខែកញ្ញា បានបញ្ជូនទំនិញចំនួន ៣៥ តោន មកកាន់ប្រទេសវៀតណាមសម្រាប់ជួយជំនះផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi ដែលជាគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរបំផុតក្នុងឆ្នាំនេះ។ 

យន្តហោះដឹកជញ្ជូនយោធា C-17 Globemaster ដឹកជំនួយសង្គ្រោះគ្រោះមហន្តរាយ និងសម្ភារៈជំនួយមនុស្សធម៌ រួមមានម៉ាស៊ីនចម្រោះទឹក ធុងទឹក ភួយ ឧបករណ៍ផ្ទះបាយ និងអំពូលសូឡាសម្រាប់ប្រជាជនវៀតណាម ដែលរងផលប៉ះពាល់ដោយទឹកជំនន់ដែលបណ្តាលមកពីព្យុះទីហ្វុង Yagi។ ជើងទំនិញនេះបានចុះចតនៅទីក្រុងហាណូយកាលពីយប់ថ្ងៃទី ១៥ ខែកញ្ញា។

បន្ទាប់ពីទំនិញចំនួន ៣៥ តោនដែលបានផ្ញើមកជូនប្រជាជនវៀតណាមនោះ ទំនិញសង្គ្រោះចំនួន ១០ តោន រួមទាំងអាហារស្ងួត សម្លៀកបំពាក់ និងថ្នាំពេទ្យក៏ត្រូវបានបញ្ជូនទៅប្រទេសមីយ៉ាន់ម៉ាផងដែរ កាលពីថ្ងៃទី ១៥ ខែកញ្ញា។ លើសពីនេះ ទំនិញសង្គ្រោះចំនួន ១០តោន រួមមាន ម៉ាស៊ីនភ្លើង ម៉ាស៊ីនចម្រោះទឹក សម្ភារៈអនាម័យ មុង ភួយ និងថង់ដេក ក៏ត្រូវបានប្រគល់ជូនរដ្ឋាភិបាលឡាវផងដែរ។

សូមរំលឹកឡើងវិញថា ព្យុះទីហ្វុង Yagi ត្រូវបានគេចាត់ទុកថាជាព្យុះខ្លាំងបំផុតរបស់អាស៊ីក្នុងឆ្នាំនេះ ដោយបានបំផ្លិចបំផ្លាញតំបន់ដ៏ធំមួយនៃភាគខាងត្បូងប្រទេសចិន ភាគខាងជើងវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុន៕


ប្រតិកម្មទៅវិញ