មុននេះក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណែតរបស់ក្រុមទំនាក់ទំនងត្រីភាគី ស្តីពីអ៊ុយក្រែន កាលពីថ្ងៃទី ២២ ខែកក្កដា តំណាងអ៊ុយក្រែន រុស្ស៊ីនិងអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) បានយល់ព្រមបង្កើតបទឈប់បាញ់ទាំងស្រុងមួយនៅតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន ចាប់ពីម៉ោង០ និង ១ នាទី (ម៉ោងក្នុងស្រុក) ថ្ងៃទី ២៧ កក្កដា។ ហេតុដូច្នេះ រាល់សកម្មភាពវាយប្រហារ ការឈ្លបយកការណ៍ និងការប្រើប្រាស់អាវុធត្រូវហាមឃាត់ជាដាច់ខាត។ ទន្ទឹមជាមួយគ្នានោះ នឹងអនុវត្តន៍រាល់បទដាក់ទណ្ឌកម្មសម្រាប់ការរំលោភលើកិច្ចព្រមព្រៀង។
មុនពេលបទឈប់បាញ់ចូលជាធរមាន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែនគឺលោក Volodymyr Zelelnsky ដែលក្នុងនោះ ភាគីទាំងពីរបានពិភាក្សាគ្នារកដំណោះស្រាយចំពោះស្ថានការណ៍នៅអ៊ុយក្រែនខាងកើត និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចប្រឹងប្រែង ក្នុងក្របខ័ណ្ឌនៃក្រុមទំនាក់ទំនង Minsk ផងដែរ៕