ជនភៀសខ្លួនជាជនជាតិ Karen ចំនួនជាង២៥០០នាក់នៅមីយ៉ាន់ម៉ា ភាគច្រើនគឺនារីនិងកុមារ ត្រូវបានភាគីថៃរៀបចំកន្លែងស្នាក់នៅជាបណ្ដោះអាសន្ននៅក្នុងសាលារៀនមួយនៅស្រុក Mae Sot ខេត្ត Tak ភាគខាងលិចថៃ។ មនុស្សទាំងនេះបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ក្រោយពីការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងកងទ័ពរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធនៃសម្ព័ន្ធភាពជាតិ Karen នៅទីរួមស្រុក Myawaddy ជិតព្រំដែនជាប់ជាមួយថៃ។
កងទ័ពមីយ៉ាន់ម៉ាបានបាញ់កាំភ្លើងធំលើទីរួមស្រុក Myawaddy ដែលស្ថិតនៅក្រោមការកាន់កាប់របស់កងកម្លាំងនៃសម្ព័ន្ធភាពជាតិ Karen បណ្ដាលឲ្យគ្រាប់កាំភ្លើងធំហោះហើរទៅខាងដែនដីថៃ។ កងកម្លាំងសន្តិសុខថៃបានផ្ញើរកំណត់ទូតប្រឆាំងជំទាស់ទៅកាន់មីយ៉ាន់ម៉ាតាមរយៈគណៈកម្មការព្រំដែន៕